ជាតិ
សេដ្ឋកិច្ច
សាស្ត្រាចារ្យ Sadhguru ​ ទស្សនវិទូដ៏ល្បីរបស់ឥណ្ឌា មកដឹកនាំសមាធិនៅទឹកដីអង្គរ
26, Apr 2024 , 4:31 pm        
រូបភាព
ទស្សនវិទូឥណ្ឌា Sadhguru ដឹកនាំប្រតិភូអន្តរជាតិប្រមាណ១៣០នាក់មកកម្ពុជា ដើម្បីសមាធិ (Mystic Musing)នៅលើទឹកដីអង្គរ ពីថ្ងៃទី២៧-២៩មេសា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។

 
ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងមូលនិធិ ISHA រៀបចំព្រឹត្តិការណ៍សមាធិរបស់លោកសាស្ត្រាចារ្យ Sadhguru ក្រោមប្រធានបទ «Mystic Musing» នៅបរិវេណប្រាសាទបាយ័ន នាល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ Sadhguru ដែលជាទស្សនវិទូជនជាតិឥណ្ឌា មានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងជាប្រធានមូលនិធិ ISHA។
 
បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ ក៏មានការរួមពីប្រតិភូជាន់អន្តរជាតិខ្ពស់ជាង១០០នាក់ទៀត ផងដែរ។  ប្រតិភូទាំងនោះ នឹងចូលទស្សនាប្រាសាទនានាក្នុងតំបន់អង្គរ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន ជាដើម។ 
 
« ​ការជ្រើសរើសទីតាំងប្រាសាទបាយ័នសម្រាប់រៀបចំព្រឹត្តិការណ៍សមាធិអន្តរជាតិនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់ប្រាសាទអង្គរ គឺជាទីតាំងប្រកបដោយភាពស័ក្តិសិទ្ធិ និងបង្កប់ទៅដោយភាពមហស្ចារ្យជាច្រើនសម្រាប់ការរៀបចំព្រឹត្តិការណ៍ជំនឿសាសនាបែបអន្តរជាតិ ដែលប្រការនេះរួមចំណែក ធ្វើឱ្យកម្ពុជា ជាពិសេសខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ជំនឿសាសនាលំដាប់អន្តរជាតិ»។ ក្រសួងទេសចរណ៍បានរៀបរាប់យ៉ាងដូច្នេះ។​
 
លោកសាស្ត្រចារ្យ Sadhguru ​បានដល់ខេត្តសៀមរាប​នារសៀលថ្ងៃទី២៦មេសា ដោយទទួលបានបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ 
 
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ រៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor)»។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលដៅផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដល់ស្រទាប់យុវជន ប្រជាជននៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការបង្កើត«សហគមន៍ជោគវាសនារួម កម្ពុជា-ចិន»។
 
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានៅក្នុងខេត្តហឺណានឱ្យកាន់តែទូលំទូលាយ ជាពិសេសការបង្កើនចំនួនជើងហោះហើរត្រង់ពីទីក្រុងផ្សេងៗទៀតរបស់ខេត្តហឺណាន មកកម្ពុជាឱ្យបានច្រើនថែមទៀត៕ 

Tag:
 ទេសចរណ៍
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com