ជាតិ
ព្រែកជីកហ្វូណនតេជោ ជួយកម្ពុជាចេញពីគំនាបពាណិជ្ជកម្មរបស់វៀតណាម
27, Apr 2024 , 2:29 pm        
រូបភាព
លោក ឆាយ បូរ៉ា ជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ BowerGroupAsia (BGA) នៅកម្ពុជា
លោក ឆាយ បូរ៉ា ជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ BowerGroupAsia (BGA) នៅកម្ពុជា
នៅពេលដែលកម្ពុជាសម្រេចបានជោគជ័យ នូវគម្រោងព្រែកជីកហ្វូណនតេជោ ពេលនោះសេដ្ឋកិច្ច​យើងនឹងរត់ក្នុង​ល្បឿនគុណនឹងពីរ ឬបីដងក៏ថាបាន។ ពោល គឺក្នុងល្បឿនលឿនជាង​ល្បឿននា​ពេល​បច្ចុប្បន្ន ហើយប្រជាកសិករកម្ពុជាលែងពឹងទាំងស្រុងក្នុងការលក់ផលិតផល​កសិកម្មទៅអោយឈ្មួញ​វៀតណាម​​​ដែលតែងតែធ្វើព្យុះភ្លៀង ជាញឹកញាប់ បន្ថោកកសិផលកសិករកម្ពុជា។ បានសេចក្ដីថា ពេលនោះ​ប្រជាកសិករយើងនឹងមានជម្រើសច្រើនជាងមុន ក្នុងវិធាន​នៃការលក់ផលិតផល​កសិកម្ម​របស់​ខ្លួនក្នុងតំលៃសមរម្យ និងទទួលយកបាន។ បន្ទាប់មក សេដ្ឋកិច្ចកម្ពុជានឹងឈរត្រដែតនៅ​លើផែនទី​ពិភពលោក ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង និរន្តរភាព និងមានភាពធន់ មួយនៅ​លើ​ពិភពលោក។

 
នេះគឺជាច្រកចេញដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ចេញពីគំនាបសេដ្ឋកិច្ចដែលតែងតែរងនូវការប្រមាថពីឈ្មួញ និងអាជ្ញាធរវៀតណាម ក្នុងក្របខណ្ឌនៃការធ្វើពាណិជ្ជកម្ម ដឹកជញ្ជូនផលិតផល​កម្ពុជា ឆ្លង​កាត់តាម​កំពង់ផែ វៀតណាមទៅកាន់ទិសដៅបណ្តាប្រទេសនានា ដែលជាដៃគូពាណិជ្ជកម្មកម្ពុជាទៀតហើយ។
 
ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវពន្លឿនការកសាង និងស្តារឡើងវិញ នូវ​ព្រែក​ជីក​ហ្វូណនបុរាណ ដែលមានទីតាំងភូមិសាស្ត្រនៅក្នុងទឹកដីរបស់កម្ពុជា ដែលជាប្រយោជន៍​ដល់​សេដ្ឋកិច្ច​ក្នុងរយៈពេលវែង ដើម្បី​​អោយកម្ពុជា អាចពន្លឿនសម្រេច​បានជាប្រទេស​មានចំណូលមធ្យម​កម្រិតខ្ពស់នា​ឆ្នាំ២០៣០ និងជាប្រទេសអ្នកមាននៅឆ្នាំ​​២០៥០។
 
ដូចគ្នានេះដែរ វៀតណាមគួរបញ្ឈប់ជាបន្ទាន់ នូវការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ វៀតណាម​ ត្រូវគោរពតាមគោលការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម​វៀតណាម-កម្ពុជា ឆ្នាំ១៩៩៩, ២០០៥, ២០០៩, ២០១១, ២០១៤, ២០១៦, ២០១៧, ២០១៩, ២០២១ និង២០២២ ដែល​ក្នុងនោះ​បាន​ចែងអំពីការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ការមិន​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងដោះស្រាយរាល់បញ្ហាដែលកើត​ឡើង រវាង​ប្រទេស​ទាំងពីរដោយសន្តិវិធី៕
 
(អត្ថបទដោយ៖ លោក ឆាយ បូរ៉ា ជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ BowerGroupAsia (BGA) នៅកម្ពុជា។ លោក និងក្រុមការងារជួយក្រុមហ៊ុនចម្រុះ​ជាតិសាសន៍នានាក្នុងការ​គ្រប់គ្រង​ហានិភ័យ និងចាប់យកឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។)
 

© រក្សាសិទ្ធិដោយ thmeythmey.com