អន្តរជាតិ
អាម៉េរិក នឹងបន្ថែមកាំជ្រួច Patriot ឱ្យអ៊ុយក្រែនក្រោមកញ្ចប់ជំនួយ៦ពាន់លានដុល្លារ
27, Apr 2024 , 5:29 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក ឡយ អូស្ទីន បានប្រកាសពីការបន្ថែមមីស៊ីលសម្រាប់ប្រព័ន្ធការពារអាកាស Patriot សម្រាប់អ៊ុយក្រែនការពារខ្លួនពីករវាយប្រហាររបស់រុស្ស៊ី ដែលនេះជាផ្នែកនៃកញ្ចប់ជំនួយបន្ថែម៦ពាន់លានដុល្លារ។

ក្រៅពីកាំជ្រួច​ដែលនឹងបំពេញ​ឃ្លាំងរបស់ប្រព័ន្ធ Patriot ដែល​បាន​ផ្គត់ផ្គង់​ពីមុនៗ កញ្ចប់ជំនួយ៦ពាន់លានដុល្លារ ក៏រួមបញ្ចូលអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀតសម្រាប់ប្រព័ន្ធកាំជ្រួច NASAMS និងឧបករណ៍បន្ថែមដើម្បីធ្វើសមាហរណកម្មឧបករណ៍ការពារដែនអាកាស កាំជ្រួច និងរ៉ាដារបស់លោកខាងលិចទៅក្នុងប្រព័ន្ធអាវុធដែលមានស្រាប់របស់អ៊ុយក្រែន ដែលភាគច្រើននៅតែមានតាំងពីសម័យសូវៀតមក។
 
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងពីតម្រូវការប្រព័ន្ធការពារអាកាស Patriot ក្នុងកិច្ចប្រជុំជាមួយក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាក្រុមចម្រុះនៃប្រទេសប្រហែល៥០ ដឹកនាំដោយមន្ទីរបញ្ចកោណ។ មេដឹកនាំអ៊ុយក្រែនអះអាងថា អ៊ុយក្រែនត្រូវបាន Patriot ៧ ឈុតទៀត។
 
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណ បន្ទាប់ពីកិច្ចប្រជុំនោះ ប្រមុខការពារជាតិអាម៉េរិក ឡយ អូស្ទីន និយាយថា អាម៉េរិកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីផ្តល់ប្រព័ន្ធ Patriot បន្ថែម ប៉ុន្តែមិនមែនយកចេញពីឃ្លាំងរបស់អាម៉េរិកឡើយ។
 
ប្រទេសលោកខាងលិចខ្លះ ហាក់ស្ទាក់ស្ទើរក្នុងការបញ្ជូនប្រព័ន្ធការពារអាកាស Patriot ឱ្យអ៊ុយក្រែន ដោយសារតែពួកគេក៏មានតិច ហើយក៏ត្រូវការការពារខ្លួនឯងដែរ។ លើរឿងនេះ លោក អូស្ទីន ក៏បញ្ជាក់ថា​ លោកស្នើឱ្យប្រទេសសម្ព័ន្ធមិត្តទទួលយកហានិភ័យបន្តិចទៀតចុះ។
 
យ៉ាងណាមិញ អ៊ុយក្រែនទំនងត្រូវរង់ចាំយូរដែរមុនទទួលបានកញ្ចប់ជំនួយនេះ។ អ៊ុយក្រែនក៏នឹងទទួលបានប្រព័ន្ធរ៉ុក្កែត HIMARS យន្តហោះគ្មានមនុស្សបើក Switchblade និង Puma ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំផងដែរ។
 
ជំនួយ៦ពាន់លានដុល្លារនេះ ត្រូវបា​នប្រកាសក្រោយសេតវិមានសម្រេចចិត្តផ្ដល់យុទ្ធោបករណ៍ដែលមានតម្លៃ១ពាន់លានដុល្លារនៅដើមសប្ដាហ៍នេះដែរ។ សព្វាវុធទាំងនោះរួមមានគ្រាប់រំសេវជាច្រើនប្រភេទ អាវុធការពារដែនអាកាស និងកាំភ្លើងធំជាច្រើនគ្រាប់ដែលមានតម្រូវការខ្លាំងដោយកងកម្លាំងអ៊ុយក្រែន ក៏ដូចជារថពាសដែក។ កញ្ចប់ជំនួយ​នោះ ​នឹង​ដល់ដៃ​អ៊ុយក្រែន​យ៉ាង​ឆាប់​រហ័ស ព្រោះ​ត្រូវបានដកចេញពីឃ្លាំងរបស់​មន្ទីរ​បញ្ចកោណ រួម​ទាំង​ឃ្លាំង​នៅ​អឺរ៉ុប។
 
ការផ្ដល់ជំនួយសន្ធឹកសន្ធាប់បែបនេះពីសំណាក់ក្រុងវ៉ាស៊ីនតោន អាចធ្វើបានក្រោយការចេញជាច្បាប់ថ្មីដែលផ្ដល់ជំនួយសរុប៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលឆ្លងកាត់ការចរចាស្វិតស្វាញនៅសភាអាម៉េរិក។
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com