ជាតិ
គ្រាប់បែកទម្លាក់ពីយន្តហោះជាង៥០ឆ្នាំ នៅកំពង់ចាម ​ត្រូវបានដោះចេញ
01, May 2024 , 4:39 pm        
រូបភាព
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានដោះគ្រាប់បែកមួយ ទម្ងន់ប្រមាណ ២៣០គីឡូក្រាម នៅខេត្តកំពង់ចាមបានជោគជ័យ។ គ្រាប់បែកនេះ ត្រូវបានទម្លាក់ពីយន្តហោះប្រភេទMK82 ជាង៥០ឆ្នាំមកហើយ។ នេះបើតាមហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

 
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានលើកឡើងថា គ្រាប់បែកនេះ ត្រូវបានប្រទះឃើញក្រោមដីជម្រៅជាង៤ម៉ែត្រ នៅកន្លែងជីកប្រពន្ធ័ធារាសាស្ត្រទឹកមួយ នៅភូមិសំពងជ័យ​ ឃុំសំពងជ័យ​ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម។ 
  


បើតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា  គ្រាប់បែកនេះ ត្រូវបានដោះបានជោគជ័យហើយ។ លោក ហេង រតនា អះអាងដូច្នេះ៖ ​«[ស៊ីម៉ាក់] បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម​ ដោយបានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាព» ។
 
គួរជម្រាបថា ក្នុង​រយៈពេល​ជាង ​៣០ ​ឆ្នាំ​មក ​ចាប់ពី​ឆ្នាំ​១៩៩២ រហូតដល់​ខែធ្នូ ឆ្នាំ​២០២៣ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ​បាន​រុក​រកឃើញ​និង​បំផ្លាញចោល​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ប្រមាណ​ជាង ៣ លាន​គ្រាប់​លើ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង​១ ៧៣៥​ គីឡូម៉ែត្រ​ក្រឡា​។​ ក្នុងនោះ​មីន​ប្រឆាំង​មនុស្ស​ចំនួន ៥៨៩ ៩៦២ គ្រាប់ គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន ១១ ៤៣០ គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ២ ៤៤០ ២៩៧ គ្រាប់ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​រួម​និង​គ្រាប់បែក​ចង្កោម​ចំនួន ១២៦ ០៩១​គ្រាប់​៕ 

Tag:
 CMAC
 កំពង់ចាម
 ​គ្រាប់បែក
© រក្សាសិទ្ធិដោយ thmeythmey.com