ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិង្ហបុរី បង្រៀនមនុស្សឲ្យមានវិន័យ និងមានស្មារតីប្រកួតប្រជែងរហូត
15, Oct 2015 ,
8:39 am
រូបភាព
×
ដោយ:
លាង ដឺលុច (Leang Delux)
ពិភពលោកបានដឹងថា សិង្ហបុរីជាប្រទេសជឿនលឿនមួយនៅអាស៊ី។ ប្រទេសនេះត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានការគោរពច្បាប់តឹងតែងបំផុតមួយដែរ។ តើប្រជាជននៃប្រទេសកោះមួយនេះមានសកម្មភាពប្រចាំថ្ងៃយ៉ាងដូចម្តេច? លោក ហួត ពុំ ដែលជាជនជាតិខ្មែរ និងកំពុងធ្វើការក្នុងនាមអ្នកជំនាញសេដ្ឋកិច្ចមួយរូបឲ្យស្ថាប័នអន្តរជាតិមួយនៅក្នុងប្រទេសសិង្ហបុរី បានចែករម្លែកពិសោធន៍ និងពិពណ៌អំពីឥរិយាបថរបស់ពលរដ្ឋជឿនលឿននៃប្រទេសនេះ ជូនអ្នកអានសារព័ត៌មានថ្មីៗ នៅក្នុងបទសម្ភាសន៍ជាមួយលោក លាង ដឺលុច។
ស្តាប់សំឡេង
លោក លាង ដឺលុច៖
លោក ហួត ពុំ សព្វថ្ងៃលោកកំពុងរស់នៅ និងធ្វើការរយៈពេល៤ឆ្នាំហើយនៅក្នុងប្រទេសសិង្ហបុរីដែលជាប្រទេសជឿនលឿនមួយ។ ខ្ញុំសូមអញ្ជើញលោកឲ្យចែករម្លែកបទពិសោធន៍ និងពិពណ៌នាអំពីសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជននៃប្រទេសអ្នកមានមួយនេះ។ តើរៀងរាល់ថ្ងៃ ប្រជាជនរបស់គេប្រព្រឹត្តខ្លួនយ៉ាងដូចម្តេចដើម្បីពួកគេក្លាយជាអ្នកមាន ហើយប្រទេសរបស់គេក៏ជាប្រទេសអ្នកមានដែរនោះ?
លោក ហួត ពុំ៖
អរគុណចំពោះសំណួរ។ ខ្ញុំសង្កេតឃើញថា ប្រជាជនសិង្ហបុរីស្វាហាប់ ពួកគេធ្វើការឥតឈប់។ ហើយអ្វីដែលធ្វើឲ្យពួកគេធ្វើការឥតឈប់ គឺកត្តាវិន័យ។ គឺវិន័យដែលពួកគេមានតាំងពីនៅរៀន វិន័យនៅក្នុងគ្រួសារ វិន័យនៅក្នុងស្ថាប័នដែលពួកគេធ្វើការ និងវិន័យនៅក្នុងសង្គមជាតិទាំងមូល។ ពួកគេធ្វើអ្វីមួយតាមក្បួន តាមខ្នាត។ កាលណាធ្វើការតាមក្បួន តាមខ្នាត នោះផលិតភាពនឹងល្អប្រសើរ ហើយមានការបែងចែកដាច់ណាត់ រវាងការសប្បាយ និងការងារ។ យើងមិនធ្វើការផង សប្បាយផងនោះទេ។
លោក លាង ដឺលុច៖
តើវិន័យហ្នឹង បានមកពីណាដំបូងឡើយ?
លោក ហួត ពុំ៖
គឺវិស័យអប់រំ។ នៅក្នុងវិស័យអប់រំ គឺគេបង្រៀនឲ្យមនុស្សគោរពច្បាប់តាំងពីតូចៗតែម្តង។ ក្នុងគ្រួសារនីមួយៗ ឪពុកម្តាយអប់រំកូនឲ្យមានក្បួន មានខ្នាត គោរពច្បាប់ទម្លាប់។ ហើយមកដល់កន្លែងការងារ ក៏ដូចគ្នា។ អ្វីៗក៏មានចែងជាច្បាប់។ ខ្ញុំមិនបានតាមដានឲ្យល្អិតដល់ថា ហេតុអ្វីបានជាមនុស្សនៅក្នុងស្រុកនោះ គោរពច្បាប់ម្លេះនោះទេ? តែខ្ញុំសង្កេតឃើញថា ពួកគេធ្វើអ្វីៗ មានក្បួនខ្នាត តាមនីតិវិធីច្បាស់លាស់ ត្រឹមត្រូវ ហើយពេលណាក៏ធ្វើអ៊ីចឹង។
លោក លាង ដឺលុច៖
នេះហើយដែលធ្វើឲ្យប្រទេសគេជឿនលឿន ប្រជាជនមានវិន័យ។ តើមានប្រជាជនខ្លះមិនពេញចិត្តនឹងច្បាប់ទម្លាប់តឹងរឹងអ៊ីចឹងដែរឬទេលោក?
លោក ហួត ពុំ៖
ជាមនុស្ស ខ្ញុំសង្កេតឃើញថា ពួកគេក៏មានអារម្មណ៍លំបាកដែរ ក្នុងការប្រព្រឹត្តខ្លួនយ៉ាងដូច្នេះគ្រប់ពេលវេលា។ ប៉ុន្តែពួកគេមានមោទនភាពវិញ។ ពោលគឺដោយសារពួកគេខិតខំប្រឹងប្រែងអ៊ីចឹង បានជាគេក្លាយជាប្រទេសមួយដែលល្អជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គេមានមោទនភាព ហើយគេក៏ពញ្ញាក់អារម្មណ៍ប្រជាជនគេថែមទៀត បើសិនជាគេមិនបន្តការខិតខំប្រឹងប្រែងនេះទៀតទេ ប្រទេសគេនឹងអាចធ្លាក់ពីលេខ១ មកលេខ២ ឬលេខ៣ វិញ។ ដូច្នេះដើម្បីរក្សាមោទនភាពរបស់គេឲ្យនៅតែលេខ១នៅអាស៊ីអាគ្នេយ៍ គេត្រូវតែបង្កើតវប្បធម៌មួយគឺ «ខំឥតឈប់»។ នេះជាអ្វីដែលខ្ញុំសង្កេតឃើញ។
លោក លាង ដឺលុច៖
ប្រជាជនគេខិតខំប្រឹងប្រែងដើម្បីគ្រួសារផង និងដើម្បីប្រទេសជាតិផង?
លោក ហួត ពុំ៖
ខ្ញុំបានសួរមិត្តភក្តិជនជាតិសិង្ហបុរី មិត្តភក្តិមកពីអឺរ៉ុប អាមេរិក និងមកពីអាស៊ីអាគ្នេយ៍ ដែលធ្វើការជាមួយគ្នាហ្នឹង ខ្ញុំដឹងថា នៅសិង្ហបុរី គេបង្កើតវប្បធម៌ប្រកួតប្រជែងខ្លាំង និងវិន័យ ដល់ពលរដ្ឋរបស់គេតាំងពីតូចៗតែម្តង។ ឧបមារឿងរៀនសូត្រមួយ គឺវាមានការប្រជែងគ្នាខ្លាំងមួយដើម្បីឆ្លងពីមឋមសិក្សាទៅថ្នាក់អនុវិទ្យាល័យ។ ត្រង់នេះ វាតឹងតែងមួយកម្រិត។ ហើយដើម្បីអាចបានរៀនសាលាល្អ គេត្រូវតែពូកែ។ ដើម្បីកូនៗអាចពូកែបាន គឺឪពុកម្តាយត្រូវប្រឹងខ្លាំងណាស់។ ហើយដើម្បីអាចចូលក្នុងថ្នាក់វិទ្យាល័យដែលល្អ គឺត្រូវឆ្លងកាត់ការប្រឡងតឹងតែងមួយកម្រិតទៀត។ ដូច្នេះយើងមើលទៅ ឃើញថានេះវាហាក់ដូចជាការធ្វើបាបមនុស្សមួយ ធ្វើឲ្យមនុស្សក្លាយជាមនុស្សយន្ត។ ប៉ុន្តែការធ្វើឲ្យមនុស្សខិតខំប្រឹងប្រែង ប្រកួតប្រជែង គោរពវិន័យ វាធ្វើឲ្យមនុស្សជោគជ័យខ្លាំង។ កាលណាពួកគេខ្លាំងក្នុងចំណោមគ្នាគេហើយ ពួកគេអាចឈ្នះអ្នកនៅក្នុងតំបន់។ ពួកគេខិតខំគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ជំនាញទៀត។
លោក លាង ដឺលុច៖
យើងអាចនិយាយយ៉ាងសាមញ្ញថា អ្នកឧស្សាហ៍ នឹងអាចក្លាយជាអ្នកមាន ហើយសិនជាយើងខ្ជិល គឺយើងក្រ។
លោក ហួត ពុំ៖
យើងអាចនិយាយអ៊ីចឹងបាន។ ហើយបើយើងឧស្សាហ៍ហើយ យើងរក្សាការខិតខំប្រឹងប្រែងបាន ឱកាសនៃជោគជ័យគឺខ្ពស់។
លោក លាង ដឺលុច៖
នៅក្នុងពាក្យវិន័យ ដែលពលរដ្ឋសិង្ហបុរីមាននោះ តើមានគំនិតនៃការត្បិតត្បៀត ពីព្រោះមានមតិដែលគេនិយាយថា បើចង់ក្លាយជាអ្នកមាន គេមិនត្រូវខ្ជះខ្ជាយ ខ្ជីខ្ជានោះទេ?
លោក ហួត ពុំ៖
មុននឹងខ្ញុំបានទៅរស់នៅ និងធ្វើការនៅក្នុងប្រទេសសិង្ហបុរី ខ្ញុំក៏បានមានទំនាក់ទំនងច្រើនជាមួយជនជាតិនេះដែរ។ ពេលយើងទៅប្រទេសផ្សេងៗក្រៅពីស្រុកគាត់ ហើយយើងដើរទិញទំនិញនោះ ជនជាតិសិង្ហបុរី ដែលយើងគិតថា ពួកគេមកពីប្រទេសអ្នកមាន ហើយពួកគេស្រែកថា «ទំនិញនេះថ្លៃម្លេះ?» ខ្ញុំចាប់អារម្មណ៍លើពាក្យសំដីរបស់ពួកគេ។ នៅពេលដែលខ្ញុំមករស់នៅស្រុកពួកគេ ទើបខ្ញុំដឹងថា ជនជាតិនេះមិនមែនជាអ្នកចាយខ្ជះខ្ជាយទេ។ នៅពេលគាត់ចាយលើរបស់អ្វីមួយ គាត់គិតពីប្រយោជន៍នៃរបស់ហ្នឹង។ តើរបស់ហ្នឹងចាំបាច់ត្រូវទិញឬទេ? បើទិញមក គេអាចប្រើអស់លទ្ធភាពរបស់វាអត់? ខ្ញុំថា ចំនុចនេះកើតចេញពីការអប់រំដែរ។ ប្រហែលជាគេអប់រំកូនចៅគេឲ្យគិតអំពីអ្វីដែលមានប្រយោជន៍ និងអ្វីដែលមិនមានប្រយោជន៍ អ្វីដែលត្រូវទុក ត្រូវដាក់ ចាយ ឬមិនចាយ។ នេះជាការអប់រំមួយដែលធ្វើឲ្យមនុស្សមានគម្រោង ឬផែនការច្បាស់លាស់សម្រាប់ជីវិត និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់គេ។
លោក លាង ដឺលុច៖
តើលោកអាចនឹកឃើញ ឬពិពណ៌នាអំពីជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋសិង្ហបុរីបានទេ? មួយថ្ងៃៗ ពួកគេមានពេលវេលាជួបគ្នា និយាយគ្នាលេងច្រើន ឬក៏ម្នាក់ៗគិតតែពីធ្វើការងារ?
លោក ហួត ពុំ៖
ខ្ញុំសង្កេតឃើញថា ពួកគាត់ធ្វើការលើសពីមនុស្សធម្មតា។ ហេតុអ្វីខ្ញុំហ៊ាននិយាយអ៊ីចឹង? ពួកគាត់ផ្តើមធ្វើការពីព្រឹក រហូតដល់ល្ងាច និងយប់ជ្រៅ។ បានន័យថា ម៉ោងការងារដែលចប់នៅម៉ោង៦ល្ងាច ពួកគាត់មិនមកផ្ទះនៅម៉ោង៦ទេ ពួកគាត់នៅដល់ម៉ោង ៧ ឬ៨យប់ទៀត។ ពេលខ្លះខ្ញុំរវល់នៅថ្ងៃចុងសប្តាហ៍ ខ្ញុំទៅធ្វើការ ខ្ញុំក៏ឃើញពួកគេនៅធ្វើការទៀត។ គ្រាន់តែថា ពួកគាត់មិនទៅមួយថ្ងៃពេញទេ ព្រោះពួកគាត់ត្រូវចំណាយពេលវេលាសម្រាប់គ្រួសារដែរ។ ខ្ញុំសង្កេតឃើញថា បើពួកគាត់រវល់ គឺពួកគាត់រវល់មែនទែន។ តែពួកគេបែងចែកពេលវេលាច្បាស់លាស់ដែរ។ បើគាត់ធ្វើការច្រើននៅក្នុងសប្តាហ៍ នៅថ្ងៃចុងសប្តាហ៍ ពួកគាត់ត្រូវចំណាយពេលពេញថ្ងៃចុងសប្តាហ៍សម្រាប់គ្រួសារតែម្តង។ ដូច្នេះការចំណាយពេល ជាមួយមិត្តភក្តិសប្បាយ គឺមិនសូវមានទេ។
លោក លាង ដឺលុច៖
លោក ហួត ពុំ! ប្រទេសសិង្ហបុរីល្បីណាស់ខាងផាកពិន័យ។ តើលោកគិតថា ដើម្បីធានាការគ្រប់គ្រងរបស់ប្រទេសមួយមានឲ្យល្អ ឲ្យមានវិន័យ គេត្រូវផាកពិន័យពលរដ្ឋនៃប្រទេសឲ្យតឹងរឹងអ៊ីចឹងឬយ៉ាងណា?
លោក ហួត ពុំ៖
ខ្ញុំមិនហ៊ាននិយាយថាយ៉ាងម៉េចទេ! ប៉ុន្តែខ្ញុំឃើញស្លាកសញ្ញាផាកពិន័យនៅគ្រប់កន្លែង។ ពលរដ្ឋសិង្ហបុរីខ្លាចគេពិន័យណាស់។ ធម្មតាទេគិតជាលុយ ច្រើនដែរ។ ម្នាក់ៗ គោរពច្បាប់ណាស់។
លោក លាង ដឺលុច៖
នៅកម្ពុជា ទាល់តែផាកពិន័យតឹងតែងអ៊ីចឹង បានពលរដ្ឋមានវិន័យដែរ មែនទេ?
លោក ហួត ពុំ៖
យើងមិនហ៊ាននិយាយថាយ៉ាងម៉េចទេ។ ប៉ុន្តែអ្វីដែលគេធ្វើល្អ យើងគួររៀនសូត្រតាម ហើយចំនុចណាមិនល្អយើងចៀសវាងចោល។ បើចំនុចណាគេធ្វើជោគជ័យ ប្រហែលយើងអាចជោគជ័យដូចគ្នា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
1 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
5 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
4 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម