ជាតិ
កុមារជនជាតិដើមភាគតិចប៉ែកឦសានទទួលបានការបណ្តុះបណ្តាលពហុភាសា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឲ្យអនុវត្តផែនការជាតិស្តីពីការអប់រំពហុភាសា ដែលអាចឲ្យកុមារជនជាតិដើមភាគតិច ទទួលបានការអប់រំ ដោយប្រើប្រាស់ភាសាកំណើតរបស់ខ្លួន។ នៅក្នុងផែនការនេះ ក្រសួងអប់រំក៏នឹងបង្កើនសាលារៀនបន្ថែមទៀត ជាមួយការបណ្តុះបណ្តាលគ្រូ និងការរៀបចំឯកសារបង្រៀន សម្រាប់កម្មវិធីអប់រំពហុភាសា នៅខេត្តប៉ែកឦសាន។
ចាប់ពីពេលនេះតទៅ កុមារជនជាតិដើមភាគតិចកម្ពុជា អាចទទួលបានការអប់រំ ដោយការប្រើប្រាស់ភាសាកំណើតរបស់ពួកគេនៅតាមសាលារៀន។ នេះបើតាមការថ្លែងរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ យុវជន និងកីឡា ក្នុងសិក្ខាសាលាស្តីពីផែនការជាតិសម្រាប់ការអប់រំពហុភាសា កាលពីថ្ងៃទី១ខែមីនា។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីអប់រំពហុភាសាមានសារៈសំខាន់ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ការអប់រំប្រកបសមធម៌ និងគុណភាពនៅកម្ពុជា។ លោកបន្តទៀតថា តាមរយៈកម្មវិធីនេះ កុមារជនជាតិដើមភាគតិចនឹងមានឱកាសបានរៀនសូត្រតាមសាលារៀនប្រកបដោយប្រសិទ្ធភាព និងយល់ពីអ្វីដែលគ្រូរបស់គេនិយាយក្នុងថ្នាក់រៀន។ ផែនការជាតិស្តីពីការអប់រំពហុភាសានេះ ត្រូវបានដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ។
តាមរយៈផែនការជាតិស្តីពីការអប់រំពហុភាសាមួយនេះ ក្រសួងអប់រំ នឹងបង្កើនចំនួនសាលារៀនបន្ថែមទៀត បណ្តុះបណ្តាលគ្រូ និងរៀបចំឯកសារបង្រៀន សម្រាប់កម្មវិធីអប់រំពហុភាសា នៅខេត្តប៉ែកឦសាននៃប្រទេសកម្ពុជាដូចជា ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ។ ហើយក្រសួងនឹងសម្រេចឲ្យបានការបង្កើនសាលាមត្តេយ្យអប់រំពហុភាសាចំនួន ៨៨ភាគរយ ស្មើរ ៦៤ សាលា និងសាលាបឋមសិក្សាពហុភាសាឲ្យបាន ១០០ ភាគរយ ស្មើរ ១០៨ សាលា ត្រឹមឆ្នាំ២០១៨ខាងមុខ។
គួរបញ្ជាក់ថា ផែនការអប់រំពហុភាសានេះ មានការគាំទ្រពីអង្គការយូនីសេហ្វ និងអង្គការឃែរ ដែលក្នុងពេលបច្ចុប្បន្ននេះ កម្មវិធីអប់រំពហុភាសាត្រូវបានអនុវត្តក្នុងខេត្តចំនួន៥ សម្រាប់សិស្សមត្តេយ្យសិក្សា និងក្នុងខេត្តចំនួន៤ សម្រាប់សិស្សនៅបឋមសិក្សា។ ហើយមានកុមារជាង ៥៥០០នាក់ កំពុងរៀនសូត្រនៅតាមសាលាមត្តេយ្យ និងសាលាបឋមសិក្សា ដែលអនុវត្តកម្មវិធីអប់រំពហុភាសា ដោយប្រើប្រាស់ភាសាជនជាតិដើមភាគតិចចំនួន៥គឺ ព្រៅ ទំពួន គ្រឹង កាវ៉ែត និងព្នង។ ជាមួយគ្នានេះ គ្រូបង្រៀនចំនួន ១៥០នាក់ ទទួលបានការបណ្តុះបណ្តាលពេញលេញអំពីការអប់រំពហុភាសា។
© រក្សាសិទ្ធិដោយ thmeythmey.com