ជាតិ
សម្ដេច ហ៊ុន សែន​៖ កម្ពុជា​គ្មាន​មហិច្ឆតា​ចង់​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍ នុយក្លេអ៊ែរ ទេ​
18, May 2016 , 3:17 pm        
រូបភាព
​ពី​ពិធី​ជួបជុំ​និស្សិត​កម្ពុជា​នៅ​ប្រទេស​រុស្ស៊ី​ថ្ងៃនេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហ​ថា កម្ពុជា​គ្មាន​មហិច្ឆតា​ចង់​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នុយ​ក្លេ​អ៊េ​រ ដូច​បណ្ដា​ប្រទេស​ដទៃ​នោះទេ​។ ការប្រកាស​របស់​សម្ដេច ហ៊ុន សែន បែបនេះ​ធ្វើឡើង​ក្រោយពី​កម្ពុជា និង​រុស្ស៊ី បាន​ចុះ​អនុស្សារណ​យោគយល់​គ្នា​ចំនួន​ពីរ ស្ដីពី​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ​។​



​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ រវាង​កម្ពុជា​-​រុស្ស៊ី ដែល​បាន​បង្កើតឡើង​នេះ គឺ​ក្នុង​គោលដៅ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ ពោលគឺ​មិនមាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ការរីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ដែល​បង្ក​ឲ្យ​ពិភពលោក​មានការ​ឆោឡោ​និង​ព្រួយបារម្ភ​ឡើយ​។

​ថ្លែង​ចំពោះមុខ​និស្សិត​ខ្មែរ​នា​ទឹកដី​រុស្ស៊ី​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​អះអាង​ដូច្នេះ​ថា​៖«​យើង​ជា​រដ្ឋ​ដែលមាន​ការទទួលខុសត្រូវ​។​រុស្ស៊ី​សង្ឃឹមថា ច្បាស់​ជាយ​ល់​អំពី​បំណង​ពិតប្រាកដ​របស់​កម្ពុជា ដែល​មិន​ឲ្យ​មានការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​យើង​ក៏​គ្មាន​សមត្ថភាព​និង​ធ្វើ​បែប​នោះដែរ​។ ហើយ​យើង​ក៏​អត់​មាន​ទៅធ្វើ​ដើម្បី​អ្វី ប្រើប្រាស់​លុយ​ទៅធ្វើ​ដើម្បី​អ្វី​ដែរ​»​។​

​សម្ដេច ហ៊ុន សែន បាន​បន្ថែមថា ក្រោយពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​កម្ពុជា​-​រុស្ស៊ី នេះហើយ កម្ពុជា​នឹង​ចាប់ផ្ដើម​សិក្សា​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដើម្បី​ធានា​លើ​ការគ្រប់គ្រង​កិច្ចការ​នុយក្លេអ៊ែរ​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី អនុស្សារណ​យោគយល់​គ្នា​ចំនួន​ពីរ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រមុខ​ស្ថាប័ន​ថាមពលនុយក្លេអ៊ែរ​រុស្ស៊ី​លោក Sergey Kiriyenko និង​រដ្ឋមន្ត្រី​បរិស្ថាន​កម្ពុជា​លោក សាយ សំ​អាល់​។ កិច្ចព្រមព្រៀង​នេះ​មាន​មួយ​ស្តីពី​ការបង្កើត​ក្រុមការងារ​រួមមួយ​រវាង​រុស្ស៊ី​និង​កម្ពុជា​ដែល​ទទួលបន្ទុក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ដើម្បី​ប្រយោជន៍​ស៊ីវិល​និង​ដោយ​សន្តិភាព​។ ហើយ​កិច្ចព្រមព្រៀង​មួយទៀត​សំដៅ​ដល់​ការបង្កើត មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពលនុយក្លេអ៊ែរ​នៅ​កម្ពុជា​ផងដែរ​។ តាមពិតទៅ ភាគី​បាន​ជជែក​គ្នា​រួចទៅហើយ​ពី​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី​មក​កម្ពុជា​កាលពី​ចុងឆ្នាំ​មុន​។​

​គួរ​បញ្ជាក់ថា ថាមពលនុយក្លេអ៊ែរ​នេះ គឺ​កម្ពុ​ជាមាន​គោលបំណង​យកមកប្រើ​ប្រាស់​ជា​ថាមពល​អគ្គិសនី និង​ជា​លក្ខណៈ​ក្រម​ខណ្ឌ​ស៊ីវិល​៕


© រក្សាសិទ្ធិដោយ thmeythmey.com