ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ធន សារាយ ទទួល​ពានរង្វាន់​លំដាប់​អន្តរជាតិ​ពី​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់​
02, Dec 2016 , 11:25 am        
រូបភាព
 
 
​លោក ធន សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ស្ថិតក្នុង​ចំណោម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​លើ​ពិភពលោក​ចំនួន​១៥​នាក់ ដែល​ទទួលបាន​ពាន «Prix Franco-Allemand des droits de l’Homme et de l’Etat de droit» (​ពានរង្វាន់​បារាំង​-​អាល្លឺម៉ង់​ផ្នែក​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​) នា​ពិធី​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង  ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ ។​

 
​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​តស៊ូរ និង​បរិច្ចាគ​ពេលវេលា​ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក​។ ក្នុង​ពិធី​ដែល​រៀបចំ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​កាលពី​ថ្ងៃទី​១ ខែធ្នូ ជ័យលាភី​ទាំងអស់​ទទួលបាន​ពានរង្វាន់​ដោយផ្ទាល់​ដៃ​ពី​រដ្ឋមន្ត្រីការបរទេស​បារាំង លោក Jean-Marc Ayrault និង​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក Frank-Walter Steinmeier​។​
លោក ស៊ឹង សែន​ករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​លោក ធន សារាយ ទទួលបាន​ពានរង្វាន់ «​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​» នេះ​ដោយសារតែ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​បារាំង មើលឃើញ​តម្លៃ​ការងារ​ដ៏​ធំធេង​របស់គាត់​ក្នុងការ​ការពារ​សិទ្ធិមនុស្ស និង​ការពារ​ជនរងគ្រោះ​នៅ​កម្ពុជា​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​មន្ត្រី​សមាគម​អាដហុក​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រទេស​អាល្លឺម៉ង់ និង​បារាំង ប្រគល់​ពានរង្វាន់​នេះ​ក្នុង​អត្ថន័យ​ថា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សាក​សម​តាម​ការលះបង់ ក្នុងការ​បំពេញការងា​រស​កម្ម​ទៅលើ​ការពារ​សិទ្ធិមនុស្ស ការពារ​ជនរងគ្រោះ និង​លើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ រង្វាន់​នេះ គឺជា​ការទទួលស្គាល់​ពី​ការងារ​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក ក៏ដូចជា​សកម្មជន​ការពារ​សិ​ទិ្ធ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​សកម្មជន​ដែល​កំពុង​ជាប់ពន្ធនាគារ​ផងដែរ ។ រង្វាន់​នេះ​គឺជា​សក្ខីកម្ម​នៃ​ការគាំទ្រ​ដល់​ប្រជាជន​រងគ្រោះ ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យើង​ផងដែរ​»​។​
 
​សកម្មជន​ការពារ​សិ​ទិ្ធ​មនុស្ស នៅលើ​ពិភពលោក​ចំនួន​១៥​នាក់​ដែល​ទទួលបាន «​ពានរង្វាន់​បារាំង​-​អាល្លឺម៉ង់​ផ្នែក​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​» សុទ្ធ​តែមាន​ប្រវត្តិ​រៀងៗ​ខ្លួន​ក្នុង​បេសកកម្ម​តស៊ូរ​ដើម្បី​លើ​កក​ម្កើ​ង​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​។ នា​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ សមាគម​អា​ហុក ដែល​ដឹកនាំ​ដោយ លោក ធន សារាយ រួមចំណែក​យ៉ាងច្រើន​ក្នុងការ​លើកកម្ពស់​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​ការជួយ​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវច្បាប់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​។​
 
​សកម្មជន​សិទ្ធិមនុស្ស​១៤​រូប​ផ្សេងទៀត រួមមាន អ្នកស្រី Eva Abu Halaweh (​ហ្ស៊​កដា​នី​) លោក Pietro Bartolo (​អ៊ីតាលី​) អ្នកស្រី Sarah Belal (​ប៉ា​គី​ស្ថាន​) លោកស្រី Valentina Cheevatenko (​រុស្សី​) លោក Aleh Hulak (​បេឡា​រុស​) លោក Berverly K Jacobs (​កាណាដា​) អ្នកស្រី Suntitha Krishnan (​ឥណ្ឌា​) អ្នកស្រី Mary Lawlor (​អៀរ​ឡង់​) អ្នកស្រី Jacqueline Moundina (​សាធារណរដ្ឋ​ឆាត​) អ្នកស្រី Mazimilienne Ngo Mbe (​កា​មេ​រូ​ន​) អ្នកស្រី Maria da Penha (​ប្រេ​ស៊ី​ល​) អ្នកស្រី Tahmina Rahman (​បង់​ក្លា​ដេ​ស​)  អ្នកស្រី Monsterat Solano Carboni (​កូ​ស្តា​រី​កា​) លោកស្រី Wang Qiaoling (​ចិន​) ។​
 
​ជាមួយគ្នានេះ ក្រុម​ស្ម័គ្រចិត្ត «​មួ​កស​» ដែល​បាន​ប្រឹងប្រែង​ជួយសង្គ្រោះ និង​ជម្លៀស​ពលរដ្ឋ​រងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​ប្រ​ទេ​ស៊ី​រី ក៏​ទទួលបាន​ពានរង្វាន់​ពិសេស​ពី​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ ផងដែរ​៕
 



Tag:
 ធន សា​រ៉ា​យ​
  ​ពានរង្វាន់​សិ​ទិ្ធ​មនុស្ស​និង​នីតិរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com