ជាតិ
គ្រឿង​រណ្ដាប់ ចាក់​ចេក និង​កាច់​បាយសី​
30, Apr 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រឿង​រណ្ដាប់ ជា​វត្ថុ​សក្ការៈ​ដែល​មិនអាច​ខ្វះ​បាន ក្នុង​ជំនឿ​របស់​ខ្មែរ​សម្រាប់​ការរៀបចំ ពិធី​បុណ្យទាន​ផ្សេងៗ ហើយ​វត្ថុ​ដែល​សំខាន់បំផុត​ក្នុង​ការធ្វើ​គ្រឿង​រណ្ដាប់​គឺ​ចេក​។ ទាំង​ផ្លែ ទាំង​ស្លឹក និង​ដើម សុទ្ធតែ​អាច​យកទៅ​ប្រើប្រាស់​បាន​ទាំងអស់ ទៅតាម​ពិធី និង​ខ្លឹមសារ​នៃ​កិច្ចការ​នីមួយៗ​។



​ដោយ​ចង​រំលេច​ឲ្យ​ឃើញ​ពី​សារៈប្រយោជន៍ ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ជំនឿ​របស់​អ្នកស្រុក​អង្គរ ទើប​ក្នុង​មហា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ ក្រុមការងារ​បាន​អញ្ជើញ​លោកយាយ លោកតា ដែលជា​អ្នកស្រុក​ដើម កំពុង​រស់នៅក្នុង​រម​ណី​យ​ដ្ឋា​ន​អង្គរ ដែល​ពួកគាត់​កំពុង​អភិរក្ស​បាន​យ៉ាង​ល្អ​នូវ​ប្រពៃណី ទំនៀមទម្លាប់​បុរាណ​របស់​ពួកគាត់​ផ្ទាល់ ដើម្បី​រួមចំណែក​ក្នុងការ​រៀបចំ​កិច្ច​ពិធី ដែល​ពួកគាត់​ធ្លាប់​បានរៀបចំ​តាំងពី​យូរលង់​មកហើយ​រហូតមកទល់​នឹង​បច្ចុប្បន្ន​។



​ពួកគាត់​នឹង​រៀបចំ​កិច្ច​ពិធី​ដូចជា​៖ ចាក់​ចេក​៖ គេ​តែងតែ​ធ្វើឡើង​នៅពេល​មាន​ពិធី​បុណ្យទាន​ធំៗ ជា​លក្ខណៈ​គ្រួសារ ឬមួយ​ជា​ពិធីបុណ្យ​របស់​សហគម​ន៍​ជាដើម​។ ចាក់​ចេក​គឺជា​ការយក​ស្រទបចេក មកចាក់ កាត់​ឲ្យ​ចេញ​ជា​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ ហើយ​គេ​យកទៅ​ចង​ផ្អោប​នៅតាម​សសរ ឬ​របារ​បស់ទីតាំង​ជាទីគោរព​សក្ការៈ សម្រាប់​រៀបចំ​ពិធីបុណ្យ​ផ្សេងៗ​។ ស្រទបចេក​ដែល​បាន​ចាក់ចេញ​ជា​រូប​ក្បាច់ ផ្កា​ភ្ញី​ផ្សេងៗ​នោះ គេ​ត្រូវ​ផ្គុំ​គ្របពីលើ​ក្រដាស់​ព័ណ៌​ដើម្បី​រំលេច​ឲ្យ​ឃើញ​នូវ​ក្បាច់​ផ្កា​ចម្រុះ​ព័ណ៌​ផ្សេងៗ​។

​កាច់​បាយសី​៖ នេះ​ជា​ប្រភេទ​គ្រឿង​រណ្ដាប់​ដែល​ធ្វើ​ពី​ដើម​ចេក ស្លឹកចេក និង​ផ្កា​ភ្ញី​ជាដើម​។ ការ​កាច់​បាយសី​មាន​ប្រភេទ​ជាន់ថ្នាក់​ទៅតាម​ទីតាំង និង​លំដាប់​នៃ​កិច្ច​ពិធី​។ ហើយ​បច្ចុប្បន្ននេះ ក៏​មិនសូវ​សំបូរ​អ្នកចេះ​រៀបចំ​បាយសី​នេះ​ប៉ុន្មាន​ទេ​ក្រៅពី​ចាស់ៗ​ដែល​នៅតាម​វត្ត​អារាម និង​អ្នក​ដែល​តែងតែ​ប្រតិបត្តិ​នូវ​ប្រពៃណី​ទំនៀមទម្លាប់​បុរាណ​បានល្អ​។



​ក្បាច់​ចេក និង​បាយសី​ដែល​ធ្វើបាន​នៅទីនេះ​ទាំងអស់ និង​ត្រូវ​ដាក់តាំង​បង្ហាញ​ដល់​សាធារណៈជន​ទូទៅ​ដែល​បាន មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​២០១៦​។ នេះ​ជា ឱកាស​មួយ​ដើម្បី​ផ្សព្វផ្សាយ មរតក​បុរាណ​របស់​អ្នកស្រុក​ក្នុង​ឧទ្យាន​អង្គរ ដែល​កិច្ចការ​ទាំងអស់នេះ ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​តួនាទី​គ្រប់គ្រង និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ​ទាំង​មរតក​រូបី និង​អរូបី​៕

អត្ថបទ​៖ លោក លឹម ស្រ៊ូ​


© រក្សាសិទ្ធិដោយ thmeythmey.com