អន្តរជាតិ
ហេតុអ្វី​មហាអំណាច​អាមេរិក​ខាងជើង «​កាណាដា​» ត្រឡប់មក​ក្រសោប​អាស៊ាន​ឡើងវិញ​?
09, Aug 2017 , 10:19 pm        
រូបភាព
ក្រោម​ការដឹកនាំ​របស់នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) កាណាដា​បន្ត​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សន្តិសុខ​ជាមួយ​អាស៊ាន​ជាដើម​។ សប្តាហ៍​នេះ​កាណាដា​បានប្រកាស​ផ្តល់ជំនួយ ២០​លាន​ដុល្លារ ដល់​អាស៊ាន​ក្នុងនោះ​មាន​ទាំង​ជំនួយ​មនុស្សធម៌ និង​គម្រោង​ពាក់ព័ន្ធ​ការប្រឆាំង​ភេរវកម្ម​និង​បទឧក្រិដ្ឋ​ឆ្លងដែន​ផងដែរ​។ ក្រៅពីនេះ កាណាដា​សន្យា​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​អាស៊ាន​ក្នុង​ទំហំ​ទឹកប្រាក់ ១០​លាន​ដុល្លារ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ថែម​ទៀតផង​។  វា​បញ្ជាក់​ឲ្យ​ឃើញថា កាណាដា​ប្រៀបដូចជា​មហាអំណាច​ផ្សេងទៀត​ដែរ កំពុងតែ​ព្យាយាម​ចែរ​ចូ​វ​អាស៊ាន ហើយ​វា​មាន​មូលហេតុ​សំខាន់ៗ​មួយចំនួន​ដែល​កាណាដា​ត្រូវ​ត្រឡប់មក​ក្រសោប​អាស៊ាន​បែបនេះ​។​



​ឆ្នាំ ២០១៧ ជា​ខួប ៤០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​កាណាដា​ជាមួយ​អាស៊ាន ហើយ​វា​ជា​ពេលវេលា​ពិសេស​ព្រោះ​វា​ក៏​ចំ​ឆ្នាំ​ដែល​អាស៊ាន​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី ៥០​នៃ​កា​រករ​កើត​របស់ខ្លួន​ដែរ​។ រយៈពេល ៤០​ឆ្នាំ មកនេះ​កាណាដា ក្លាយជា​ដៃគូ​ជិតស្និទ្ធ​របស់​អាស៊ាន ហើយ​ទំនាក់​ទំនាក់​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ផង​។​

​កន្លង​កាណាដា​នៅ​បង្ហាញ​ជំហរ​ស្ទាក់ស្ទើរ​ក្នុងការ​ស្រវា​ចាប់​អាស៊ាន ហើយ​ទំនាក់ទំនង​រវាង​កាណាដា និង​អាស៊ាន​ប្រឈម​បញ្ហា​ខ្លាំង​ដោយសារ​បញ្ហា​ដែល​កើតឡើង​នៅ​មី​យ៉ាន់​ម៉ា​។ កាណាដា​ជា​មហាអំណាច​អាមេរិក​ខាងជើង​ដែល​តែងតែ​ទិតៀន​របប​សឹក​មី​យ៉ាន់​ម៉ា​តាំងពីដើម​មក ហើយ​ការចូលរួម​របស់​មី​យ៉ាន់​ម៉ា​ជាមួយ​អាស៊ាន​ឆ្នាំ ១៩៩៧ ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​អា​ស៊ា​និង​កាណាដា​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​។​

​យ៉ាងណាមិញ​ទំនាក់ទំនង​នេះ​ចាប់ផ្តើម​ប្រសើរឡើង​បន្តិច​ម្តងៗ​នៅ​អំឡុង​ឆ្នាំ ២០១០ ដោយ​កាណាដា​ចាប់ផ្តើម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​អាស៊ាន និង​ពង្រឹង​ទំនាក់ទំនង​ការទូត​រួមគ្នា​ជាដើម​។ ឆ្នាំ ២០១២ ក្រុមប្រឹក្សា​ធុរៈកិច្ច​កាណាដា និង​អាស៊ាន​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​សម្រួល​ដល់​អ្នកវិនិយោគ​កាណាដា​ក្នុងការ​មក​ដាក់ទុនរ​ក​ស៊ី​នៅ​តំបន់​អាស៊ាន​ផង​និង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាដើម​។ កាល​ឆ្នាំ ២០០៩ កាណាដា​បានដាក់​ទូត​ប្រចាំ​អាស៊ាន​ជា​ផ្លូវការ ប៉ុន្តែ​ឯកអគ្គរាជទូត​កាណាដា​ប្រចាំ​ឥណ្ឌូណេស៊ី​ជា​អ្នក​កាន់​តួនាទី​ពីរ ជា​ទូត​ប្រចាំ​អាស៊ាន​ផង និង​ជា​ទូត​ប្រចាំ​ឥណ្ឌូណេស៊ី​ផង​។ កាណាដា​បន្ត​បង្កើត​ស្ថានទូត​នៅតាម​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត ហើយ​ដូច​ស្រាប់​នៅ​ឆ្នាំ ២០១៥ កាណាដា​សម្រេច​បង្កើត​ស្ថានទូត​នៅ​កម្ពុជា​និង​ឡាវ​ជា​ផ្លូវការ​។​

​ថ្វីបើ​ដូច្នេះ ទំនាក់ទំនង​រវាង​អាស៊ាន និង​កាណាដា​កន្លងមក​នៅមាន​កម្រិត​នៅឡើយ ព្រោះ​គោលនយោបាយ​ការបរទេស​របស់​អតីត​នាយករដ្ឋមន្ត្រី Stephen Harper ដែល​ទើប​ចប់​អាណត្តិ​ឆ្នាំ ២០១៥ នោះ មិនសូវ​យកចិត្តទុកដាក់​ខ្លាំង​លើ​តំបន់​អាស៊ីអាគ្នេយ៍​ឡើយ​។ ប៉ុន្តែ​ក្រោយ​ការចូល​កាន់តំណែង​រប​ស់​នាយករដ្ឋមន្ត្រី​វ័យក្មេង ចា​ស្ទី​ន ទ្រូ​ដូ កាណាដា​ចាប់ផ្តើម​កែលម្អ​នយោបាយ​ការបរទេស​របស់ខ្លួន និង​ប្រឹងប្រែង​បង្កើន​តួនាទី​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​ជាពិសេស​ពង្រឹង​ទំនាក់​ទំនងជា​មួយអង្គ​ការ​តំបន់​ជាពិសេស​អាស៊ាន​តែម្តង​។

​នៅ​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា សម្រេច​តែងតាំង​លោកស្រី Marie-Louise Hannan ជា​ឯកអគ្គរាជទូត​ពិសេស​ប្រចាំ​អាស៊ាន​ជា​លើកដំបូង​របស់ខ្លួន ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​ច្បាស់លាស់​របស់​រដ្ឋាភិបាល​កាណាដា​ក្នុង​ការសហការ​ជាមួយ​អាស៊ាន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​កាណាដា​បានបង្ហាញ​ជំហរ​ច្បាស់លាស់​ចង់​ក្លាយខ្លួនជា​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​បូក​ថែម​ទៀតផង​។ ជាការ​ពិត កាណាដា ត្រូវការ​ការគាំទ្រ​ពេញទំហឹង​ពី​បណ្តា​រដ្ឋ​អាស៊ាន​ដើម្បី​សម្រេច​មហិច្ឆតា​របស់ខ្លួន​នេះ​។​

​គេ​រំពឹងថា ទំនាក់ទំនង​រវាង​អាស៊ាន​និង​កាណាដា​នឹង​កាន់តែ​រឹងមាំ បើសិនជា​លោកនាយក​រដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រូ​ដូ អាច​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ក្នុងនាម​ជា​ភ្ងៀ​វ​របស់​ប្រធាន​អាស៊ាន តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​ផង​។ លោក ទ្រូ​ដូ អាច​នឹង​យក​ឱកាស​នោះ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​ដើម្បី​រឹតបន្តឹង​ចំណង​ការទូត ហើយ​វា​ក៏​ជួយ​ជំរុញ​ឲ្យ​បណ្តា​រដ្ឋ​អាស៊ាន​កាន់តែ​ជឿជាក់​លើ​កាណាដា​ផងដែរ​។​

-​មូលហេតុ​អ្វី​កាណាដា​ត្រឡប់មក​ស្រវា​ចាប់​អាស៊ាន​?

​សប្តាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​កាណាដា Chrystia Freeland ដែល​មក​ចូលរួម​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​នៅ​ក្រុង​ម៉ានីល បានប្រកាស​ផ្តល់ជំនួយ និង​អាហារូបករណ៍​ដល់​និស្សិត​អាស៊ាន ដែរ​។  ក្នុង​វេទិកា​សន្តិសុខ​ប្រចាំ​ឆ្នាំនេះ លោកស្រី​ប្រមុខ​ការទូត​កាណាដា បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​កាណាដា ក្នុងការ​ចូលរួម​រក្សា​សន្តិសុខ សន្តិភាព​និង ស្ថិរភាព នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។  គម្រោង​ផ្តល់ជំនួយ​អភិវឌ្ឍ និង​សន្តិសុខ​ចំនួន ១២ ត្រូវបាន​ប្រកាស បន្ថែម​លើ​ជំនួយ​មនុស្សធម៌ ដែលមាន​ទំហំ​ប្រហែល ២០​លាន​ដុល្លារ​នោះ ហើយ​កាណាដា​ក៏​ប្តេជ្ញា​ជួយឧបត្ថម្ភ​ថវិកា ១០​លាន​ដុល្លារ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អាស៊ាន​ផងដែរ​។ សកម្មភាព​នេះ​រឹតតែ​បង្ហាញ​ឲ្យ​ឃើញថា កាណាដា យកចិត្តទុកដាក់​ចំពោះ​តំបន់ និង​បន្ត​ទំនាក់ទំនង​រយៈពេល​វែង​ជាមួយ​អាស៊ាន​ទៅ​ថ្ងៃមុខ​ផងដែរ​។​
 
​វា​មាន​មូលហេតុ​សំខាន់ៗ​មួយចំនួន​ដែល​រុញ​ឲ្យ​កាណាដា កែប្រែ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​ឡើងវិញ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​។ មូលហេតុ​ទីមួយ​គឺ ប្រយោជន៍​សេដ្ឋកិច្ច​ព្រោះ​អាស៊ាន​ជា​តំបន់​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​រីកចម្រើន​រហ័ស​។ កាណាដា​សំឡឹង​ឃើញ ប្រយោជន៍​ពាណិជ្ជកម្ម​វែងឆ្ងាយ ព្រោះ​អាស៊ាន​ជាទី​ផ្សារ​ធំ​បំផុត​មួយ ព្រោះ​តំបន់​នេះ​មាន​ប្រជាជន​រហូតដល់​ជាង ៦០០​លាន​នាក់​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន ហើយ​វា​ក៏មាន​សហគមន៍​សេដ្ឋកិច្ច​រួមគ្នា​លំហូរ​វិនិយោគ សេវាកម្ម ទំនិញ រួមទាំង​កម្លាំង​ពលកម្ម​ទៅវិញទៅមក​ថែមទៀត​។

​យោងតាម​របាយការណ៍​ពាណិជ្ជកម្ម​ក្រុមប្រឹក្សា​ធុរៈកិច្ច​អាស៊ាន កាណាដា អាស៊ាន​ជា​ដៃគូ​ធំ​បំផុត​ទី​ប្រាំមួយ​របស់​កាណាដា ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ដល់ ២១,៣​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ ២០១៦​។ ដូច្នេះហើយ វា​ជា​ឱកាសល្អ​បំផុត​សម្រាប់​កាណាដា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

​មូលហេតុ​ទី​ពីរ​គឺ​សន្តិសុខ​និង​ស្ថិរភាព​តំបន់​។ កាណាដា​យល់ឃើញថា តំបន់​ទាំងមូល​មាន​សក្ដានុពល​ខ្ពស់​ប៉ុន្តែ​តំបន់​នេះ​ស្ថិតក្រោម​ការគំរាមកំហែង​ដោយសារ​បញ្ហា​ជម្លោះព្រំដែន​និង​ដែនសមុទ្រ​រួមទាំង​បញ្ហា​សន្តិសុខ​ឯទៀត​ដូចជា​ភេរវកម្ម​ជាដើម​។ វា​ជា​រឿង​ចាំបាច់​ដែល​កាណាដា ត្រូវ​លូកដៃ​ចូលរួម​ដោះស្រាយ និង​ជ្រោមជ្រែង​តំបន់​ដើម្បី​ធានា និង​រក្សា​ស្ថិរភាព​និង​សន្តិភាព​តំបន់​និង​ពិភពលោក​ទាំងមូល​នោះ​។​

​កាលពី​ខែកុម្ភៈ ឯកអគ្គរាជទូត​កាណាដា​ប្រចាំ​អាស៊ាន​លោកស្រី Hannan បានលើកឡើង​ផងដែរ​ក្នុង​វេទិកា​អ្នកសារព័ត៌មាន​អាស៊ាន Reporting ASEAN នៅក្នុង​ក្រុង​បាងកក ថា បញ្ហា​សន្តិសុខ​នេះ​ជា​មូលហេតុ​សំខាន់​ដែល​កាណាដា ត្រូវ​ពង្រឹង​តួនាទី​នៅ​អាស៊ាន​។ លោកស្រី​បានបញ្ជាក់​ដូច្នេះ ៖« វា​មាន​សារៈសំខាន់​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ជាពិសេស​អ្វីដែល​កំពុង​កើតឡើង​នៅ​អាស៊ាន​តែម្តង​។ បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់​ក៏​សំខាន់​សម្រាប់​កាណាដា​ដែរ​។ ដូច្នេះហើយ​វា​មាន​សារសំខាន់​ដែល​កាណាដា​ត្រូវ​ចាប់អារម្មណ៍​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ និង​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ដែល​កំពុង​កើតមានឡើង​នៅក្នុង​តំបន់​នោះ​»​។​

​មូលហេតុ​មួយទៀត​គឺ ជំនួយ​អភិវឌ្ឍ​កាណាដា​ផ្តល់​ឲ្យ​តំបន់​អាស៊ាន​ក្នុងនាម​ជា​ម្ចាស់ជំនួយ​។ ក្នុងនាម​ជា​មហាអំណាច​អាមេរិក​ខាងជើង កាណាដា ចង់​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​អភិវឌ្ឍ​ដែល​អាស៊ាន​កំពុង​ជួបប្រទះ​ដែរ​។

​លោកស្រី Hannan បាន​ទទួលស្គាល់ថា កាណាដា​ចង់​សហការ និង​ជួយ​គាំទ្រ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ដោះស្រាយ​បញ្ហា​ភាពក្រីក្រ​ជាដើម​។​លោកស្រី​បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​អាស៊ីអាគ្នេយ៍​នៅតែមាន​ប្រជាជន​ភាគច្រើន​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​។ កាណាដា​ជា​ប្រទេស​ផ្តល់ជំនួយ ហើយ​យើង​ចង់​សហការ និង​ធ្វើការ​ជាមួយ​ប្រទេស​អាស៊ាន​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​»​។​

​សូមបញ្ជាក់ថា យោងតាម​របាយការណ៍​រដ្ឋាភិបាល​កាណាដា​ចន្លោះ​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៥ កាណាដា​បាន​ផ្តល់ជំនួយ​អភិវឌ្ឍ​មកកាន់​តំបន់​អាស៊ាន​ប្រហែល ២៥០ លាន​ដុល្លារ​អាមេរិក ហើយ​ចាប់ពី​ឆ្នាំ ២០១១ កាណាដា​បានផ្តល់​ជំនួយ​សន្តិសុខ​ចំនួន ៧៩ លាន​ដុល្លារ​ផងដែរ​ដល់​សមាជិក​អាស៊ាន​ទាំង​ដប់ ដើម្បី​គាំទ្រ​អាស៊ាន​ក្នុង​ការរក្សាសន្តិសុខ ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​ផង​៕


Tag:
 កាណាដា​
  ចា​ស្ទី​ន ទ្រូ​ដូ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com