អន្តរជាតិ
វៀតណាម​ជម្រះក្ដី​មន្ត្រី​២២​នាក់​លើ​ករណី​ពុករលួយ​ក្នុង​ក្រុមហ៊ុន​ប្រេង​រដ្ឋ​
09, Jan 2018 , 9:40 am        
រូបភាព
លោក Đinh La Thăng អតីតលេខាបក្សក្រុងហូជីមិញ ឈរក្នុងបន្ទប់សវនាការ (រូបភាព៖ TTXVN)
លោក Đinh La Thăng អតីតលេខាបក្សក្រុងហូជីមិញ ឈរក្នុងបន្ទប់សវនាការ (រូបភាព៖ TTXVN)
​តុលាការ​វៀតណាម នៅ​ថ្ងៃទី​៨ ខែមករា បាន​បើកសវនាការ​ជម្រះក្ដី​លើ​ជនសង្ស័យ​ចំនួន​២២​នាក់​ក្នុងករណី​ពុករលួយ​ក្នុង​ក្រុមហ៊ុន​ប្រេង​រដ្ឋ PetroVietnam ។ ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ទាំងអស់ គឺជា​ពាណិជ្ជករ​ដែល​ត្រូវបាន​នាំខ្លួន​ពី​អាល្លឺម៉ង់​កាលពី​ឆ្នាំមុន និង​ម្នាក់ទៀត​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​វៀតណាម​។ ជនសង្ស័យ​ទាំងអស់​ប្រឈម​មុខការ​ជាប់ទោស​២០​ឆ្នាំ​ក្នុង​ពន្ធនាគារ ឬក៏​ឈានដល់​ទោស​ប្រហារជីវិត​។



​សន្តិសុខ​ត្រូវបាន​យាមកាម​យ៉ាង​តឹងរ៉ឹង​នៅ​ខាងក្រៅ​តុលាការ​ប្រជាជន​ក្រុង​ហាណូយ នៅ​ថ្ងៃទី​៨ ខែមករា ជាទី​ដែល​សវនាការ​លើ​សំណុំរឿង​បាត់​លុយ​ក្នុង​ក្រុមហ៊ុន​ប្រេង PetroVietnam ។ ជនសង្ស័យ​ចំនួន​២២​នាក់​មានឈ្មោះ​ក្នុង​សំណុំ​រឿងនេះ ដោយ​៨​នាក់​ជាប់​សង្ស័យ​ពីបទ​បន្លំ​លុយ ១២​នាក់​ជាប់ចោទ​ពីបទ​បំពាន​បទបញ្ញត្តិ​រដ្ឋ​ស្ដីពី​ការគ្រប់គ្រង​សេដ្ឋកិច្ច ដែល​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​សល់​ពីនេះ គឺ​ត្រូវ​រង​ការ​ចោទ​ទាំងពីរ​ករណី​។​

​មន្ត្រី​មាន​តំណែង​ខ្ពស់​ជាងគេ​ក្នុងចំណោម​មន្ត្រី​ទាំង​២២​នាក់ គឺ​លោក Dinh La Thang ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មុន​។ លោក Dinh La Thang គឺជា​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​លេខា​បក្ស​ក្រុង​ហូជីមិញ​។ ប៉ុន្តែ​លោក​ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​ដោយសារ​ករណី​បាត់​លុយ​ក្នុង​សំណុំរឿង​បាត់​លុយ​ក្នុង​ក្រុមហ៊ុន PetroVietnam ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ជនសង្ស័យ​ម្នាក់ទៀត គឺ​លោក Trinh Xuan Thanh ដែល​ត្រូវ​នាំខ្លួន​ពី​អាល្លឺម៉ង់​កាលពី​ឆ្នាំមុន​ដើម្បី​ចោទប្រកាន់​លើ​ករណី​បាត់​លុយ​ច្រើនជាង​១៥០​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន​មួយ​ចំណុះ PetroVietnam ។ ក្រុង​បែរ​ឡាំង​ចោទ​ក្រុង​ហាណូយ​ថា ចាប់ពង្រត់​លោក Trinh Xuan Thanh ផ្ទុយ​ពី​ឆន្ទៈ​បុគ្គល​។ ប៉ុន្តែ​លោក Trinh បានបង្ហាញ​ខ្លួន​ក្នុង​ទូរទស្សន៍​រដ្ឋ​ដោយ​អះអាងថា លោក​ត្រឡប់​ចូល​ស្រុក​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​។​

​សវនាការ​នេះ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២១ ខែមករា​។ ចំពោះ​ទោស​សម្រាប់​ការបំពាន​បទបញ្ញត្តិរ​ដ្ឋ គឺ​ការជាប់​ពន្ធនាគារ​ដល់​ទៅ​២០​ឆ្នាំ​ឯណោះ ខណៈដែល​ទោស​ធ្ងន់ធ្ងរ​បំផុត​ក្នុង​សំណុំរឿង​បាត់​លុយ​រដ្ឋ​នេះ អាច​ឈានដល់​ការប្រហារជីវិត​តែម្ដង​។ យុទ្ធនាការ​បង្ក្រាប​ករ​ណី​បន្លំ​លុយ​រដ្ឋ​ក្នុង​វិស័យ​ថាមពល និង​ធនាគារ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​កាលពី​ឆ្នាំមុន ខណៈដែល​ក្រុម​យោធា​ដណ្ដើម​ឥទ្ធិពល​ខ្លាំង​ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​វៀតណាម​។​

​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​វៀ​ត​ណា​ម​បាន​អះអាងថា យុទ្ធនាការ​នេះ​ជា​រឿង​នយោបាយ ហើយ​តិច​ឬ​ច្រើន គឺ​សំដៅ​មន្ត្រី​កម្មាភិបាល​ដែល​ជិតស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី Nguyen Tan Dung ដែល​អស់អំណាច​ក្នុង​មហាសន្និបាត​បក្ស​ក្នុង​ឆ្នាំ​២០១៦ ។ លោក Nguyen ដែល​មិនអាច​ប្រជែង​កៅអី​លេខា​បក្ស​ពី​លោក Nguyen Phu Trong បាន​នោះ ត្រូវបាន​ផាត់​ចេញពី​បក្ស ឯ​លោក Trong ក៏​ក្ដាប់​អំណាច​បន្តទៀត​៕


Tag:
 វៀតណាម​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com