ជាតិ
លុបឈ្មោះ លោក រ៉ុង ឈុន ពី​ក្របខណ្ឌ​, រដ្ឋមន្ត្រី​បន្ទោស​ប្រធាន​នាយកដ្ឋាន​លើ​ការគ្រប់គ្រង​វត្តមាន​មន្ត្រី​
06, Feb 2018 , 11:12 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ស្តីបន្ទោស​មន្ត្រី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដែល​មិនបាន​គ្រប់គ្រង​បុគ្គលិក​ក្រោម​ឱវាទ និង​ខក​ខានមក​បំពេ​ញ​កាតព្វកិច្ច​ការងារ​ជាប់លាប់ ចាប់ពី​ថ្ងៃទី​៤ មករា ដល់​ថ្ងៃទី​៣០​មករា ។​



​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បន្ទោស​ប្រធាន​នាយកដ្ឋាន​ចំនួន​៤​រូប ដែល​ធ្វេសប្រហែស​ក្នុងការ​គ្រប់គ្រង​មន្ត្រីក្រោមឱវាទ​មិនបាន​ល្អ ចំពោះ​ករណី​ដែល​ពួកគេ​ខកខាន​បំពេញការងារ​ឲ្យ​បាន​ទៀងទាត់​។ រដ្ឋមន្ត្រី​អប់រំ ក៏បាន​បន្ទោស​បុគ្គលិក​អប់រំ ដែល​ខកខាន​បំពេញ​កាតព្វកិច្ច​ការងា​រ​ជាប់លាប់ ចំនួន​២០​នាក់​ដែរ​។​

​ក្នុងករណីនេះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បានដាក់​លក្ខខណ្ឌ​ជា​លាយលក្ខណ៍អក្សរ​ដូច្នេះ​ថា​៖«​សាមីជន​ប្រការ​១ (​ប្រធាន​នាយកដ្ឋាន​) ត្រូវ​គ្រប់គ្រង​បុគ្គលិក​ក្រោម​ឱវាទ ឲ្យ​ស្របតាម​ច្បាប់​ជា​ធរមាន​។ ចំពោះ​សាមីជន​ដែលមាន​ឈ្មោះ​ក្នុង​ប្រការ​២ (​បុគ្គលិក​) ត្រូវ​មក​បំពេញ​កាតព្វកិច្ច​កា​រងារ​ឲ្យ​បានជា​ប់លាប់​។ ក្នុងករណី​ដែល​បន្ត​អវត្តមាន​ទៀត ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​ដែល​នៅ​ជា​ធរមាន​»​។​

​កាលពី​ថ្ងៃទី​៥ កុម្ភៈ ក្រសួង​អប់រំ បាន​លុបឈ្មោះ​លោក រ៉ុង ឈុន ដែល​បម្រើ​ការងារ​នៅក្នុង​នាយកដ្ឋាន​ស្រាវជ្រាវ វិទ្យាសាស្ត្រ ចេញពី​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ហេតុផល​ថា លោក រ៉ុង ឈុន អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​លោក រ៉ុង ឈុន កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៥ កន្លងមក បាន​សុំ​ព្យួរការងារ​ទៅ​បម្រើការ​ជា​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុង​កូតា​ដែល​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ក្រោយ​តុលាការ​កំពូល រំលាយ​គណបក្សប្រឆាំង លោក រ៉ុង ឈុន រួមជាមួយ​លោក គួ​យ ប៊ុន​រឿន និង​លោកស្រី តែ ម៉ា​នី​រ៉ុង បាន​សរសេរ​លិខិត​រួមគ្នា​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ដើម្បី​សុំលាលែង​ពី គ​.​ជ​.​ប​។​

​លោក ហង់ ជួនណា​រ៉ុ​ន បានបញ្ជាក់​នៅក្នុង​សេចក្តីសម្រេច​របស់ខ្លួន​ថា លោក រ៉ុង ឈុន បាន​អវត្តមាន​ពី​ការងារ​ដោយ​«​គ្មាន​ច្បាប់​អនុញ្ញាត​»​តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨​មកម្ល៉េះ​៕


Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com