ជាតិ
សម្ដេច ហ៊ុន សែន ៖ប្រទេសខ្លះចង់បំផ្លាញចិន ដែលមករកស៊ីនៅកម្ពុជា
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហួសចិត្តនិងប្រទេសមួយចំនួន ដែលរិះគន់ចិន ពីរឿងវិនិយោគនៅកម្ពុជា ដើម្បីលាងប្រាក់កខ្វក់។ សម្ដេច ហ៊ុន សែន ចាត់ទុកសម្តីរបស់បរទេសទាំងនោះ ជាការច្រណែន និងចង់បំផ្លាញប្រទេសចិន ដែលកំពុងលេចធ្លោរក្នុងការរកស៊ីនៅកម្ពុជាប៉ុណ្ណោះ។ ប្រមុខរដ្ឋាភិបាល ថ្លែងចំអកដោយមិនចំឈ្មោះដូច្នេះថា៖«គេ(បរទេស)ច្រណែនជាមួយនិងចិនដែលមករកស៊ីនៅកម្ពុជាច្រើន មកវិនិយោគនៅកម្ពុជាច្រើន ឯខ្លួនឯងមិនបានមក ទៅចោទគេថា ចិនជះឥទ្ធិពលមកគ្រប់ដណ្ដប់កម្ពុជា។ ខ្ញុំមិនបានស្ដាប់តាមការបង្គាប់បញ្ជាអស់លោកទេណា(ចិន)»។
សូមស្ដាប់ប្រសាសន៍នាយករដ្ឋមន្ត្រី៖
កាលពីថ្ងៃទី៧ កុម្ភៈ ស្ថានទូតចិនប្រចាំកម្ពុជា ចេញមុខបកស្រាយការពារក្រុមអ្នកវិនិយោគចិន ដែលកំពុងរងការរិះគន់ថា មករកស៊ីនៅកម្ពុជា ដើម្បីលាងលុយកខ្វក់ ។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក ស្យុង ប៉ អះអាងថា គ្មានជនជាតិចិនមកវិនិយោគនៅកម្ពុជា ដើម្បីលាងលុយកខ្វក់នោះទេ។ លោក ស្យុង ប៉ បដិសេធថា ព័ត៌មាននេះគឺជាបង្ខូចកេរ្តិ៍ឈ្មោះអ្នកវិនិយោគចិនប៉ុណ្ណោះ។ បើតាមលោក ស្យុង ប៉ ពាក្យចចាមអារ៉ាមទាំងនេះ កើតឡើងដោយសារការវាយតម្លៃរបស់ពួកលោកខាងលិច ដែលចង់បំបែកបំបាក់ភាពរុងរឿងរវាងចិន និងកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com