កីឡាជាតិ
ជាតិ
ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​បឹងកេត លោកស្រី ពុធ ធីតា ផ្តោតលើ​ការសាងសង់​កីឡដ្ឋាន​ជា​អាទិភាព​
05, May 2018 , 7:59 pm        
រូបភាព
លោកស្រី ពុធ ធីតា (កណ្តាល)ថយរួមគ្នាជាមួយស្វាមី(ឆ្វេង)និងលោក​ បែរ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត, រូបភាពពីហ្វេសប៊ុកបឹងកេត
លោកស្រី ពុធ ធីតា (កណ្តាល)ថយរួមគ្នាជាមួយស្វាមី(ឆ្វេង)និងលោក​ បែរ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត, រូបភាពពីហ្វេសប៊ុកបឹងកេត
ដោយ: ថ្មីៗ &
​ក្រោយ​ការចាកចេញ​របស់ លោក ស៊ីវ ថា ស្ថាបនិក និង​ជា​អតីត​ប្រធាន​ក្លិប​បឹ​កកេ​ត កាលពី​អំឡុង​ខែមករា​កន្លងទៅ បឹងកេត​បានបង្ហាញ​មុខ​ប្រធាន​ថ្មី ដើម្បី​ដឹកនាំ​បន្ត​និរន្ត​ភាព​របស់ខ្លួន​។ លោកស្រី ពុធ ធីតា អ្នកជំនួញ ដែលមាន​ស្វាមី​ជា​ជនជាតិ​ថៃ ទំនង​ក្លាយជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​ដែល​បានជា​ប្រធាន​ក្លិប​បាល់ទាត់​នៅ​កម្ពុជា​។ ទោះបី​មិនទាន់មាន​ពិធី​តែងតាំង​ជា​ផ្លូវការ​ក៏ដោយ តែ​លោកស្រី ពុធ ធីតា បានបង្ហាញ​គម្រោង​ថា បញ្ហា​ទីលាន​ផ្ទាល់ខ្លួន​សម្រាប់​បឹងកេត​ជា​កត្តា​ចម្បង​ដែល​អ្នកស្រី​ត្រូវ​ដោះស្រាយ​ដំបូង​គេ​។ 

 
​លោកស្រី ពុធ ធីតា និង​ស្វាមី​ជនជាតិ​ថៃ​គឺ​លោក វ៉ា​សូ​ណាន់ នឹង​ដឹកនាំ​ក្លិប​បឹងកេត​ជំនួស​លោក ស៊ីវ ថា អតីត​ប្រធាន​ក្លិប​បឹងកេត ដែល​បាន​លាឈប់​កាលពី​អំឡុង​ខែមករា​ដើមឆ្នាំ​២០១៨​កន្លងទៅ​។ ទោះបី​មិនទាន់មាន​ឯកសារ​តែងតាំង​ជា​ផ្លូវការ​ក៏ដោយ តែ​លោក ពុធ ធីតា ជា​ស្ត្រី​ខ្មែរ​ដំបូង​គេ ដែល​បាន​លះបង់​ពេលវេលា និង​ធនធាន​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។  
 
​នា​ពិធី​ជួបជុំ​ក្រៅផ្លូវការ​មួយ​កាលពី​យប់​ថ្ងៃទី​១ ឧសភា ស្ត្រី​អ្នកជំនួញ​រូបនេះ បាន​និយាយថា​៖«​ទាក់ទង​នឹង​ក្លិប​របស់​យើង​រាល់ថ្ងៃ គឺ​ល្អ​មែនទែន ពោលគឺ​នៅ​ខ្វះខាត​ចំណុច​តិចតួច​ត្រង់​ថា យើង​មិនទាន់មាន​ទីលាន​ផ្ទាល់ខ្លួន ដែល​ថ្នាក់ដឹកនាំ និង​កីឡាករ​យើង​ចង់បាន​។ បញ្ហា​ទីលាន​យើង​កំពុង​មើល​នៅ​រាជ​ភ្នំពេញ និង​តាម​ខេត្ត​។ តែ​ឥឡូវនេះ​យើង​រកឃើញ​ហើយ យើង​កំពុង​ពិចារណា​ថា តើ​យើង​ទិញ​យកមក​ធ្វើជា​ទីលាន​ផ្ទាល់ខ្លួន ឬ​ជួល​ក្នុង​រយៈពេល​វែង​»​។ 
 
​លោកស្រី​បាន​បន្ថែមថា សម្រាប់​វត្តមាន​លោកស្រី​ក្នុង​ក្លិប​បឹងកេត គឺមាន​ការកែប្រែ​ទ្រង់ទ្រាយ​អ្វី​នោះឡើយ ពោលគឺ​គ្រាន់តែ​ចូលរួមចំណែក​សហការ​គ្នា​ជួយ​អភិវឌ្ឍន៍​ក្លិប​បឹងកេត​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង និង​មានការ​ទទួលស្គាល់​តែប៉ុណ្ណោះ​។ លោកស្រី ធីតា រំពឹងថា ក្រោម​វត្តមាន​របស់លោក​ស្រី​បឹងកេត នឹង​ក្លាយជា​ក្លិប​មួយ​ដ៏​ខ្លាំង​នា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ 
 
«​យើង​មិនមាន​ពេល​ច្រើន​នោះទេ ដូច្នេះ​យើង​ត្រូវតែ​ប្តេជ្ញា​ថា ស៊ី​ហ្គេម​ឆ្នាំ​២០២៣ យើង​ត្រូវតែ​ជា​ក្លិប​មួយ​ដ៏​រឹងមាំ ខ្លាំង ដែល​គេ​ទទួលស្គាល់​នៅ​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ពុធ ធីតា ហើយ​លោកស្រី​បាន​ក្រើន​រំ​លឹ​ង​ថា ការរីកចម្រើន​របស់​ក្លិប គឺ​អាស្រ័យ​លើ​ការខិតខំ​របស់​កីឡាករ​និង​ថ្នាក់ដឹកនាំ ពោលគឺ​មិន​អាស្រ័យ​លើទឹក​ប្រាក់​នោះទេ​។ 
 
​លោកស្រី ពុធ ធីតា និង​លោក វ៉ា​សូ​ណាន់ ជា​ឪពុកម្តាយ​បង្កើត​របស់​កីឡាករ Dasidef Vasunan យុវជន​ថ្នាល​បឹងកេត ដែល​បាន​ចេញទៅ​ហ្វឹកហាត់​នៅ​ក្លិប​បា​សេ​ឡូ​ណា​(Bacelona) កាលពី​ខែមីនា​កន្លងទៅ​។​
 
​បើទោះបីជា​ក្លិប​មាន​ក្បាលម៉ាស៊ីន​ថ្មី​ក៏ដោយ ក៏​លោក បែ មករា អ្នកចាត់ការ​ទូទៅ រំលឹក​ជានិច្ច​នូវ​គុណបំណាច់​លោក ស៊ីវ ថា ដែលជា​ស្ថាបនិក​។ បឹងកេត​ដែលមាន​ឈ្មោះ​ដើម​ថា «​នាគ​ខៀវ​» ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​ចាប់ផ្តើម​លេង​នៅ​ក្របខណ្ឌ​ក​២ និង​បាន​ជើងឯក​នៅ​ឆ្នាំ​២០១០​។​
 
​បន្ទាប់មក ក្លិប​ដែល​ដំបូង​ឡើយ​មាន​មូលដ្ឋាន​នៅ​ខេត្តកំពង់ចាម​មួយ​នេះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​នៅ​ក្របខណ្ឌ​ក​១​នៅ​ឆ្នាំ​២០១១​។ បង្ហាញខ្លួន​នៅ​ក្របខណ្ឌ​កំពូល​តែមួយ​ឆ្នាំ បឹងកេត ដែលមាន​លោក ស៊ីវ ថា​ជា​ម្ចាស់​ក្លិប ឈ្នះ​ពាន​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​២០១២ ហើយ​ឈ្នះ​បន្ថែម​ពីរលើក​ទៀត​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧​។​
 
​នៅលើ​ឆាក​អន្តរជាតិ បឹងកេត​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Mekong Club Championship នៅ​ឆ្នាំ​២០១៥ តែ​ចាញ់ Buriram United របស់​ថៃ ១-០ ។​
 
​លោក បែ មករា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ជំនួសមុខ​ឲ្យ​ក្រុមការងារ​ក្លិប​កីឡាបាល់ទាត់​បឹងកេត ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​លោក​ប្រធាន​ក្លិប​ចាស់ ស៊ីវ ថា និង​លោកស្រី​ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​លះបង់​នូវ​កំលាំងកាយ​ចិត្ត និង​ថវិកា​យ៉ាងច្រើន​ដើម្បី​ដំណើរការ​ក្លិប​បឹងកេត​អោយមាន​ឈ្មោះ​ល្បីល្បាញ​រហូតដល់​ថ្ងៃនេះ ពួកយើង​នឹង​ចងចាំ​ទុក​មិនមាន​ថ្ងៃ​ភ្លេច​ចំពោះ​ការលះបង់​កន្លងមក សូម​គោរព​ជូនពរ អោយ​លោក និង​ក្រុមគ្រួសារ​មាន​សុខ​ភាពល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​»៕
 
 

Tag:
 បាល់ទាត់​
  ពុធ ធីតា​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com