ជាតិ
លោក ជា សុផារ៉ា បញ្ចប់ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាង​១០​ឆ្នាំ នៅ​ស្រុក​ពីរ ក្នុង​ខេត្តកោះកុង
05, Jun 2018 , 10:59 pm        
រូបភាព
ដោយ:
​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈពេល ១២​ឆ្នាំ ត្រូវបាន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដោះស្រាយ​បញ្ចប់​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​៣១៧​គ្រួសារ មកពី​ស្រុក បុ​ទុម​សាគរ និង​ស្រុក​ស្រែអំបិល នៃ​ខេត្តកោះកុង នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​ដី ២​ហិកតា និង​លុយ​៣​ពាន់​ដុល្លារ​។



​ការដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ ធ្វើឡើង​នៅ​ទីស្ដីការក្រសួង​ដែនដី ដោយ​លោក ជា សុផារ៉ា បាន​សន្យាថា មន្ដ្រីក្រោមឱវាទ​របស់​លោក ដែលជា​ក្រុមការងារ​ខាង​វាស់វែង​ដី​បែក​ចែក​ដី​ឡូ​តិ៍ នឹង​ចុះទៅ​វាស់វែង​បែង​ចែង​ដី​ឡូ​តិ៍​ឲ្យ​បាន​រួចរាល់ ចន្លោះ​ពីថ្ងៃ​ទី​២០ ដល់​ដំណាច់​ខែមិថុនា ឆ្នាំ​២០១៨​។ 

​ក្រោយពី​ដោះស្រាយ​បញ្ចប់​ការតវ៉ា​ដីធ្លី​របស់​ប្រជាពលរដ្ឋ ៣១៧​គ្រួសារ នៅ​ក្រសួង​ដែនដី លោក ជា សុផារ៉ា បាន​យក​រថយន្ត​៥​គ្រឿង ដើម្បី​ជូន​ពួកគាត់​ត្រឡប់​ទៅ​ខេត្តកោះកុង​វិញ ដោយ​មិន​ឲ្យ​ពួកគាត់​ចំណាយ​ថ្លៃឈ្នួល​ឡើយ ហើយ​រាល់​ដំណោះស្រាយ ដែល​រដ្ឋមន្ត្រី​រូបនេះ​ផ្តល់​ឲ្យ គឺជា​អ្វីដែល​ប្រជាពលរដ្ឋ​ចង់បាន​តាំងពី​កើតមាន​ទំនាស់​ដីធ្លី​លើកដំបូង​។​



​បើតាម​ការលើកឡើងរ​បស់​ប្រជាពលរដ្ឋ មុន​ទទួលបាន​ការដោះស្រាយ​បញ្ចប់​ការតវ៉ា​ដីធ្លី នៅ​ក្រសួង​ដែនដី​ព្រឹក​មិញ​នេះ ពួកគាត់​បាន​តវ៉ា​ជាច្រើនលើក​ច្រើនសា​មកហើយ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​អភិបាលខេត្ត​ចាស់ និង​អភិបាល​ដែល​ទើបតែ​ឡើង​ថ្មី ប៉ុន្តែ​មិនមាន​ដំណោះស្រាយ​ណាមួយ​សមស្រប​សម្រាប់​ពួកគាត់​ទេ​។ ចំពោះ​ការ​វ៉ា​ម្ដងៗ អាជ្ញាធរ​ទាំងនោះ​តែង​ប្រាប់​ពួកគាត់​ឲ្យ​រងចាំ​រហូត​ជាង ១០​ឆ្នាំ​នៅតែ​គ្មាន​លទ្ធផល​ជាក់លាក់​ណាមួយ​សម្រាប់​ពួកគាត់​ឡើយ​។

​ប្រជា​ពល​បាន​បន្ថែមថា ការរង​ចាំ​ដំណោះស្រាយ​សម្រាប់​របស់​ពួកគាត់ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​តែងតែ​សន្យា​នោះ នៅតែ​ដដែល រហូត​ពួកគាត់​ជាង ២០០​នាក់ ក្នុងចំណោម ៣១៧​គ្រួសារ​បាននាំគ្នា​មក​តវ៉ា នៅ​ក្រសួង​ដែនដី ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់ ដោយ​សព្វថ្ងៃ​មាន​ជីវភាព​ក្រ រស់នៅ​ពឹងផ្អែក​ទៅលើ​ដី​នោះ​ធ្វើស្រែ ចម្ការ​។ ប្រជាពលរដ្ឋ​តវ៉ា​ដីធ្លី បន្តថា ការតវ៉ា​ដីធ្លី​នេះ ពួកគាត់ ខ្ចីលុយ​ពី​ធនាគារ ដើម្បី​ទ្រទ្រង់​ជីវភាព ពី​ព្រោះតែ​គ្មាន​ដី​ប្រកបមុខរបរ​ដូច​មុន ហើយ​ការ​ឡើងមក​តវ៉ា​នៅ​ក្រសួង​ដែនដី​នេះ ដោយ​សង្ឃឹមថា​នឹងមាន​ដំណោះស្រាយ​សម្រាប់​ពួកគាត់ ទទួលបាន​ដី​ធ្វើស្រែ​ចម្ការ​វិញ​។ ក្នុងករណី​មិនមាន​ដំណោះស្រាយ​ទេ នៅតែ​បន្ត​តវ៉ា​ដដែល ទោះបីជា​ដល់​ថ្ងៃ​បោះឆ្នោតជាតិ​ខាងមុខ​ក្ដី ហើយ​អាច​នឹងមិន​ទៅ​ចូលរួម​បោះឆ្នោត​ផងដែរ បើ​គ្មាន​ដំណោះស្រាយ​សម្រាប់​ពួកគាត់​។​



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួង​ដែនដី ក្រោយពី​ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី ប្រជាពលរដ្ឋ ៣១៧​គ្រួសារ​បានមក​តវ៉ា នៅ​ក្រសួង​ដែនដី បាន​បញ្ជាក់ថា ដោយសារ​ក្រុមការងារ​មមាញឹក​ក្នុងការ​វាស់វែង​បែងចែក​ដី​ឡូ​តិ៍​ឲ្យ​ប្រជាពលរដ្ឋ ២០០​គ្រួសារ ដែល​ទើបបាន​ចាប់ឆ្នោត​ជ្រើសរើស​ឡូ​តិ៍​រួចរាល់ ក្រុម​ប្រជាពលរដ្ឋ ១៧៥​គ្រួសារ ដែល​ជិត​នឹង​បញ្ចប់ ក្រុមការងារ​នឹង​បន្ត​ចាត់ចែង​បែងចែក​ដី​ឡូ​តិ៍​សម្រាប់ ក្រុម​ប្រជាពលរដ្ឋ ៣១៧​គ្រួសារ និង ២៦៨​គ្រួសារ​ផ្សេងទៀត​សរុប ៥៨៥​គ្រួសារ ដោយ​គ្រោង​នឹង​ចុះ​វាស់វែង​បែងចែក​ដី​ឡូ​តិ៍​ឲ្យ​បាន​រួចរាល់​ចន្លោះ​ពីថ្ងៃ​ទី​២០ ដល់​ដំណាចខែ​មិថុនា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ កើតឡើង​តាំងពី​ឆ្នាំ​២០០៦ មករ​វាង​ក្រុមហ៊ុន Koh Kong Plantation Co., Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ជាមួយនឹង​ប្រជាពលរដ្ឋ ៣១៧​គ្រួសារ ស្ថិតនៅ​ស្រុកស្រែ​អំបិល និង​ស្រុក​បទុម​សាគរ ខេត្តកោះកុង​៕




Tag:
 ជា សុផារ៉ា​
 ​ទំនាស់​ដីធ្លី​
 ​ប្រជាពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com