ជាតិ
លោក ស្រិល វណ្ណា ត្រូវបានសមត្ថកិច្ចដោះលែងដោយសារគ្មានបណ្ដឹង
× ភ្នំពេញ៖ អតីតព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ដែលបែកធ្លាយរឿងអាស្រូវ រហូតដល់ផ្សឹកចាកសិក្ខាបទនោះ ត្រូវបានសមត្ថកិច្ច ដោះលែងឲ្យមានសេរីភាព ដោយសារគ្មានពាក្យបណ្ដឹងពីជនរងគ្រោះ។
ស្នងការខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បានប្រាប់សារព័ត៌មានថ្មីៗថា សមត្ថកិច្ចបានដោះលែងលោក ស្រិល វណ្ណា អតីតព្រះចៅអធិការវត្តភ្នំបាក់លើ ឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីគ្មានបណ្ដឹងពីជនរងគ្រោះ។ «យើងមិនបានឃាត់ខ្លួនគាត់ទេ គឺគ្រាន់តែការពារគាត់ កុំឲ្យប្រជាពលរដ្ឋប្រើហិង្សា។ ហើយក្រោយយើងនាំមកស្នងការហើយ ក៏មិនឃើញមានពាក្យបណ្ដឹងណាមួយ ពីភាគីខាងជនរងគ្រោះ យើងក៏បានឲ្យគាត់ទៅត្រឡប់ទៅផ្ទះវិញ»។ នេះជាការបញ្ជាក់របស់លោក អាត់ ខែម។
ក្រោយសមត្ថកិច្ចដោះលែង លោក ស្រិល វណ្ណា បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«សូមអគុណបងប្អូនទាំងពូមីង ទាំងអស់ ដែលមានចិត្តបុណ្យ ដោយមិនខ្ពើម រអើមដល់រូបខ្ញុំបាទ»។
ព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានមន្ទីរធម្មការ និងថ្នាក់ដឹកនាំសង្ឃ ផ្សឹកចាកវិស័យសាសនា កាលពីថ្ងៃទី៥ មិថុនានេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយវីដេអូ ដែលមានសំឡេងសន្ទនាជាមួយមនុស្សស្រីក្នុងវីដេអូផងដែរ។ វីដេអូដែលបានបង្ហោះជាសាធារណៈលើបណ្ដាញសង្គមនេះ កើតចេញពីនារីម្នាក់ ដែលអះអាងថា ខ្លួនជាអ្នកមានទំនាក់ទំនងជាមួយព្រះចៅអធិការវត្តខាងលើ និងទាមទារឲ្យមានការទទួលខុសត្រូវលើរូបនាងទៀតផង៕
Tag:
ព្រះសង្ឃ
សមត្ថកិច្ច
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com