អន្តរជាតិ
ក្រុម​សិទ្ធិមនុស្ស​ស្នើ​ឲ្យ​មេដឹកនាំ​បារាំង និង​អង់គ្លេស​លើក​បញ្ហា​សិទ្ធិមនុស្ស ពេល​លោក ប្រា​យុទ្ធ ទស្សនកិច្ច​អឺរ៉ុប​
19, Jun 2018 , 8:59 pm        
រូបភាព
 នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅកាន់​ប្រទេស​តំបន់​អឺរ៉ុប​សប្តាហ៍​នេះ​ក្នុង​គោលបំណង​ពង្រឹង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ ខាង​ក្រុម​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​បារាំង និង​អង់គ្លេស​យក​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ផងដែរ ខណៈ​ការបោះឆ្នោត​ត្រូវគេ​កំណត់​រៀបចំ​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ តែ​គ្មាន​ថ្ងៃ​ជាក់លាក់​នៅឡើយ​។​



​នៅ​ថ្ងៃ​ពុធ​ទី ២០ ខែមិថុនា​ប្រមុខ​របប​សឹក​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​អង់គ្លេស​លោកស្រី ថេរី​សា មេ​យ៍ (Theresa May) ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​តំ​បប់​អឺរ៉ុប​។ ក្រោយ​ចាក​ចេញពី​អង់គ្លេស លោក​នឹង​បន្តដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ​នេះ លោក ប្រេដ អាដាម (Brad Adams) ដែលជា​នាយកទីភ្នាក់ងារ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី (HRW) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ទទូច​ឲ្យ​មេដឹកនាំ​បារាំង និង​អង់គ្លេស​លើកយក​បញ្ហា​សិទ្ធិមនុស្ស​មក​ជជែក​ជាមួយ​លោក ប្រា​យុទ្ធ​។​

 «​នាយករដ្ឋមន្ត្រី មេ​យ៍ និង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង គួរ​បញ្ហា​កង្វល់​របស់ខ្លួន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ថៃ​។ មេដឹកនាំ​ទាំងពីរ​គួរ​និយាយ​ឲ្យ​ច្បាស់​ប្រាប់​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ថា​នឹង​មិនមាន​ការធ្វើ​ជំនួញ​រួមគ្នា​ដូច​សព្វដង​ឡើយ ដរាបណា​គ្មាន​ការបោះឆ្នោត​សេរី និង​យុត្តិធម៌ រួមជាមួយ​ការបង្កើត​រដ្ឋាភិបាល​ស៊ីវិល​និង​ការ​ស្ទួយ​សិទ្ធិមនុស្ស​នោះ​»​។ នេះ​ជាស​ម្តី​របស់លោក អាដាម ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​។

​ក្រៅពី​បញ្ហា​សិទ្ធិមនុស្ស ក្រុម​អ្នកគាំទ្រ​សិទ្ធិមនុស្ស​ក៏​ទិតៀន​របប​សឹក​ថៃ​ផងដែរ ដែល​បន្ត​ការពន្យារពេល​បោះឆ្នោត​ជា​ច្រើនដង​កន្លងមក​។ បើទោះបីជា​មានការ​សន្យា​រៀបចំ​ការបោះឆ្នោត​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៩ ក៏ដោយ វា​មិនទាន់មាន​ការកំណត់​ច្បាស់​ថ្ងៃ​បោះឆ្នោត​នៅឡើយ​ទេ​។

​យ៉ាងណាក៏ដោយ បើទោះជា​មានការ​បំពារបំពាន​សិទ្ធិមនុស្ស និង​មានការ​អំពាវនាវ​ពី​សំណាក់​ស្ថាប័ន​សិទ្ធិមនុស្ស​ក្តី ការ​រំពឹងថា មេដឹកនាំ​អឺរ៉ុប​លើកយក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​ដាក់​ក្នុង​កិច្ចពិភាក្សា​ជាមួយ​លោក ប្រា​យុទ្ធ​នៅ​ជា​រឿង​ស្រពេចស្រពិល​។ នេះ​ក៏ដោយ​សារ បញ្ហា​ពាណិជ្ជកម្ម​រវាង​ថៃ និង​បារាំង ឬ​អង់គ្លេស​ជា​រឿង​អាទិភាព មិនមែន​រឿង​ប្រជាធិបតេយ្យ​ឬ​សិទ្ធិមនុស្ស​ឡើយ​។ ដូច​ឃើញស្រាប់ សហភាព​អឺរ៉ុប​បាន​ព្យួរ​ទំនាក់ទំនង​ជាមួយ​ថៃ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ប៉ុន្តែ​នៅ​ខែធ្នូ​ឆ្នាំមុន អឺរ៉ុប​ចាប់ផ្តើម​ទំនាក់ទំនង​នយោបាយ​គ្រប់​កម្រិត​ជាមួយ​ថៃ​ឡើងវិញ​ដែរ​។​
 
​សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​លំដាប់​ទី​បី​របស់​ថៃ​បន្ទាប់ពី​ចិន និង​ជប៉ុន ហើយ​ថៃ​ក៏​ជា​ដៃគូ​ធំ​បំផុត​លេខ​បី​របស់​សហភាព​អឺរ៉ុប​ដែរ​ក្នុង​តំបន់​អាស៊ាន​នេះ​។ បើតាម​សារព័ត៌មាន បាងកក​ប៉ុ​សិ៍្ត​ដែល​ដកស្រង់​សម្តី​ការិយាល័យ​នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រា​យុទ្ធ នេះដែរ លោក​នឹង​ចុះ​កិច្ចព្រមព្រៀង​មួយចំនួន​ផងដែរ​ជាមួយ​មិត្ត​អឺរ៉ុប​។

​ស្ថិតនៅ​បារាំង​លោក ប្រា​យុទ្ធ នឹង​ធ្វើជា​អធិបតី​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Airbus ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ Airways ដើម្បី​ឈានទៅ​បើក​កន្លែង​ថែទាំ​ង និង​ជួសជុល​យន្តហោះ​នៅ​ព្រលានយន្តហោះ U-tapao​។  បន្ថែម​ពីនេះ លោក​ក៏​នឹង​ស​ម្រេ​ចុះ​កិច្ចព្រមព្រៀង​ទិញ​ផ្កាយរណប​អង្កេត​ការណ៍​ពី​ក្រុមហ៊ុន Airbus ដូចគ្នា​ដែលមាន​តម្លៃ ២១៥​លាន​ដុល្លារ ហើយ​រដ្ឋាភិបាល​បានប្រកាសថា​ផ្កាយរណប​នេះ​នឹងត្រូវ​ប្រើប្រាស់​ក្នុង​គោលដៅ​សំខាន់ៗ​ជាច្រើន​តាំងពី​កសិកម្ម រហូតដល់​សន្តិសុខ​ជាតិ​ផង​។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ជឿថា ផ្កាយរណប​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​តាមដាន និង​ឈ្លប​យក​ព័ត៌មាន​ប៉ុណ្ណោះ​៕


Tag:
 ​ថៃ​
  សិទ្ធិមនុស្ស​
  បារាំង​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com