​រីករាយ​ដំណើរ​តាម​រថភ្លើង ប៉ោយប៉ែត​-​ភ្នំពេញ ដោយ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​១ ខែសីហា​

ជាតិ
​រីករាយ​ដំណើរ​តាម​រថភ្លើង ប៉ោយប៉ែត​-​ភ្នំពេញ ដោយ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​១ ខែសីហា​
05, Jul 2018 , 10:16 am         2998
រូបភាព
ផ្លូវរថភ្លើង (រូបភាពបានពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ផ្លូវរថភ្លើង (រូបភាពបានពីហ្វេសប៊ុកក្រសួងសាធារណៈការ និងដឹកជញ្ជូន)
​ទីបំផុត​ទៅ ដំណើរ​តាមផ្លូវ​រថភ្លើង​ភាគ​ខាងលិច​រវាង​ព្រំដែន​ប៉ោយប៉ែត​-​ភ្នំពេញ ប្រ​ព្រឹ​តទៅ​បាន ហើយ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល សម្ពោធ​ឲ្យ​ប្រើប្រាស់​កំណាត់​ចុងក្រោយ​ជា​បណ្តោះអាសន្ន ដែល​ភ្ជាប់​រវាង​ពោធិ៍សាត់​-​ភ្នំពេញ ដោយ​ត​ភ្ជាប់​ពី​ស្ថានីយ៍​បាត់ដឹង ខេត្តកំពង់ស្ពឺ លើ​ចម្ងាយ​១៦៦​គីឡូម៉ែត្រ​។​



​ឆ្លងកាត់​ការសម្ពោធ​តាម​ដំណាក់កាល​នីមួយៗ ផ្លូវដែក​ភាគ​លិច​ដែល​ត​ភ្ជាប់​រវាង​ប៉ោយប៉ែត​-​ភ្នំពេញ បាន​លេច​ជា​រូបរាង​ផ្លូវការ​លើ​ប្រវែង​សរុប​ប្រមាណ​៣៨៦​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវដែក​ប៉ោយប៉ែត​-​សិរីសោភ័ណ​ប្រវែង​ជិត ៤៨​គីឡូម៉ែត្រ​បាន​ឲ្យ​ដំណើការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨​។ កំណាត់​ផ្លូវដែក​សិរីសោភ័ណ​-​ក្រុង​បាត់ដំបង​ប្រវែង​៦៥​គីឡូម៉ែត្រ ដាក់​ដំណើរការ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨​។ កំណាត់​ផ្លូវដែក​បាត់ដំបង​-​ពោធិ៍សាត់​ប្រវែង​១០៧​គីឡូម៉ែត្រ ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​។  ដោយឡែក​កំណាត់​ផ្លូវដែក​ពី​ពោធិ៍សាត់​-​ភ្នំពេញ ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​៤ ខែកក្កដា​នេះ​។​

​តាមរយៈ​ផ្លូវដែក​នេះ ប្រជាពលរដ្ឋ​ទូទាំងប្រទេស​អាចធ្វើ​ដំណើ​រ​តាមរ​ទះ​ភ្លើង​ដោយ​ឥត​គិត​ប្រាក់ រហូតដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។ ចំពោះ​ការស្ដារ​ផ្លូវដែក​ពី​ប៉ោយប៉ែត មកដល់​បាត់ដឹង ត្រូវ​ចំណាយ​ថវិកា ៧៦,៦ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ ១៣​លាន​ដុល្លារ​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ (ADB) និង ៦៣,៦​លាន​ដុល្លារ​អាមេរិក ជា​ទឹកប្រាក់​របស់​រដ្ឋាភិបាល ហើយ​ក៏មាន​ជំនួយ​ជា​ដែក​ពី​ប្រទេស​ម៉ាឡេស៊ី​មួយចំនួន​ផងដែរ​៕



Tag:
 ផ្លូវដែក បន្ទាយមានជ័យ​
  ពោ​ធិ័​សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com