អន្តរជាតិ
រដ្ឋាភិបាលចិនបបួលអូស្ត្រាលីជាថ្មីឲ្យចូលជាសមាជិកគំនិតផ្តួចផ្តើម«ខ្សែក្រវាត់មួយវិថីមួយ»របស់ខ្លួន
× សប្តាហ៍នេះ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រាប់ឲ្យរដ្ឋាភិបាលក្រុងកង់បេរ៉ាចូលរួមក្នុង«គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយ»របស់ខ្លួនដើម្បីទទួលបានផលប្រយោជន៍ច្រើន។ ការទទូចឲ្យអូស្ត្រាលីចូលរួមជាមួយខ្លួននេះធ្វើឡើងស្របពេលដែលអូស្ត្រាលីបន្តបង្ហាញមន្ទិលសង្ស័យចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមផ្តួចផ្តើមដោយចិននេះនៅឡើយ។
នាវេទិកាសន្និសីទស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយ(OBOR) នៅទីក្រុង Darwin ប្រទេសអូស្ត្រាលី ឯកអគ្គរដ្ឋទូតចិនប្រចាំអូស្ត្រាលីលោក Cheng Jinye បានប្រកាសអញ្ជើញរដ្ឋាភិបាលអូស្ត្រាលីជាថ្ម្យី្ឲចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ វិថីមួយដែលមានគោលដៅជំរុញការផ្សាភ្ជាប់ពាណិជ្ជកម្មនោះ។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក Jingye បាននិយាយថា ចិនសា្វគមន៍ការចូលរួមរបស់អូស្ត្រាលីក្នុងគំនិតផ្តួចផ្តើមខ្លួន ហើយចិនក៏ត្រៀមខ្លួនសហការជាមួយប្រទេសដទៃដើម្បីធានាឲ្យបាននូវពាណិជ្ជកម្មសេរីលើពិភពលោកដែរ។ លោកបញ្ជាក់ថែមទៀតថា អូស្ត្រាលីនឹងបានប្រយោជន៍ច្រើនពីការចូលរួមនេះថែមទៀត។
«យើងព្យាយាមសហការជាមួយប្រទេសដទៃជុំវិញពិភពលោករួមទាំងអូស្ត្រាលីផងដើម្បីការពារពាណិជ្ជកម្មសេរី និងប្រព័ន្ធសេដ្ឋកិច្ចពហុនិយមដូចពេលបច្ចុប្បន្ន»។ លោក Jingye បាននិយាយដូច្នេះ។
ខណៈដែលប្រទេសជាច្រើនក្នុងតំបន់រួមទាំងប្រទេសនូវែលសេឡង់បានសម្រេចចូលរួមជាមួយគំនិតផ្តួចផ្តើមធំសម្បើមរបស់ចិនខ្សែក្រវាត់មួយ វិថីមួយនេះ អូស្ត្រាលីនៅតែស្ទាក់ស្ទើង និងមានមន្ទិលសង្ស័យខ្លាំងដែរជាពិសេសប្រយោជន៍ដែលខ្លួននឹងទទួលបាននោះ។
យ៉ាងណាមិញ លោក Jingye បានច្រានចោលរាល់ក្តីបារម្ភរបស់អូស្ត្រាលី ក៏ដូចជាបណ្តារដ្ឋមួយចំនួនទៀតដែលមើលឃើញចិនក្នុងផ្លូវអវិជ្ជមាននោះ។ លោកអះអាងថា គម្រោងដែលផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធជំរុញពាណិជ្ជកម្មដែលស្នើឡើងដោយប្រធានាធិបតីចិន ស៊ី ជិនភីង នេះគ្មានពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយឡើយ។ ផ្ទុយទៅវិញវាជាគំនិតផ្តួចផ្តើមដែលពិភាក្សា សម្រេច និងអនុវត្តរួមគ្នារវាងភាគីទាំងអស់ទោះតូចក្តី ធំក្តីដោយស្មើភាពគ្នា។ គោលដៅសំខាន់មានគោលដៅចម្បងជំរុញពាណិជ្ជកម្មដើម្បីប្រយោជន៍ទាំងអស់គ្នា។
«គំនិតផ្តួចផ្តើមយើងគ្មានអ្វីពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយឡើយ តែវាជាគម្រោងដែលជំរុញលទ្ធផលឈ្នះៗទាំងអស់គ្នាទោះបីជាប្រទេសនោះតូចក្តី ឬធំក្តី។ ភាគីទាំងអស់គឺស្មើគ្នា។ ពាណិជ្ជកម្ម និងការវិនិយោគដែលជិតស្និទ្ធនិងរឹងមាំ រួមជាមួយការផ្សាភ្ជាប់រវាងប្រជាជនអូស្ត្រាលី និងប្រជាជនចិននោះនឹងផ្តល់លក្ខខណ្ឌល្អប្រសើរសម្រាប់យើងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្សេងទៀតក្រោមគំនិតផ្តួចផ្តើមនេះ»។
សូមបញ្ជាក់ថាគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ វិថីមួយត្រូវបានស្នើឡើងដោយប្រមុខរដ្ឋចិននៅក្នុងឆ្នាំ ២០១៣ ដែលគំនិតនេះសំដៅលើកសាងឡើងវិញផ្លូវសូត្របុរាណក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សាភ្ជាប់ពីតំបន់អាស៊ីដល់អឺរ៉ុបដល់អាហ្វ្រិកថែមទៀតផង។ គំនិតផ្តួចផ្តើមនេះមានរួមបញ្ចូលទាំងវិថីសូត្រខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សទី២១ផងដែរ៕
Tag:
អូស្ត្រាលី
ចិន
OBOR
© រក្សាសិទ្ធិដោយ thmeythmey.com