ជាតិ
សេដ្ឋកិច្ច
កម្ពុជាស្នើឲ្យថៃសម្រួលការនាំទំនិញទៅថៃ ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ
× ភ្នំពេញ៖ កម្ពុជាបានពន្លឿនភាគីថៃ ឲ្យឈានដល់កិច្ចព្រមព្រៀងលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងសម្រួលនីតិវិធីនាំចូលផលិតផលកសិកម្មពីកម្ពុជា ដើម្បីសម្រេចបានទំហំដោះដូរពាណិជ្ជកម្មទ្វេរភាគីចំនួន ១៥ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២០ ។
ការជំរុញឲ្យភាគីថៃសម្រួលបញ្ហាមួយចំនួននេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជនថៃ ដែលប្រតិភូទាំងនោះ បានមកស្វែងយល់ពីបរិយាកាសវិនិយោគ និងរកឱកាសចាប់ដៃគូធ្វើពាណិជ្ជកម្មនៅកម្ពុជា កាលពីថ្ងៃទី៧ខែសីហា។ ភាគីកម្ពុជាដឹកនាំដោយលោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីថៃនាំមុខដោយលោកស្រី Doungjai Chanthon ប្រធានអនុគណៈកម្មការពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែនសម្រាប់ប្រទេសកម្ពុជា និងវៀតណាម នៃសភាពាណិជ្ជកម្មថៃ។
លោក សុខ សុភ័ក្ត្រ បានស្នើសភាពាណិជ្ជកម្មថៃ ជួយជំរុញរដ្ឋាភិបាលថៃ លើបញ្ហាមួយចំនួន។ បើតាមព័ត៌មានដែលផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម ភាគីកម្ពុជាស្នើថៃឲ្យពន្លឿនការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើទំនិញឆ្លងកាត់ព្រំដែន។ ទី២ កម្ពុជាជំរុញឲ្យថៃចុះ MOU ដើម្បីឲ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមគ្រប់ច្រក។ ក្រសួងអះអាងថា កន្លងមកទើបតែមានការអនុញ្ញាតត្រឹមតែតាមច្រកប៉ោយប៉ែត-អារញ្ញប្រាថេត តែមួយប៉ុណ្ណោះ។ និងស្នើឲ្យថៃបន្ថែមកូតាដោយអនុញ្ញាតឲ្យរថយន្តឆ្លងកាត់ពី ១៥០ ទៅ៣០០គ្រឿង។ ទី៣ កម្ពុជាស្នើឲ្យថៃសម្រួលនីតិវិធីនាំចូលទំនិញកសិកម្មពីកម្ពុជា ដោយចៀសវាងការដាក់ឧបសគ្គនានា ដែលធ្វើឲ្យកម្ពុជា និងថៃ មិនអាចសម្រេចគោលដៅពាណិជ្ជកម្ម ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ។
តំណាងសភាពាណិជ្ជកម្មថៃ បានសន្យានឹងយកចំណុចទាំងនេះប្រាប់ក្រសួងដែលពាក់ព័ន្ធរបស់ថៃ ដើម្បីជំរុញឲ្យសម្រេចទិសដៅដោះដូរទំនិញ ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានបានកំណត់។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ កាលពីឆ្នាំ២០១៧ មានទឹកប្រាក់ ៦,១៦ពាន់លានដុល្លារ កើនឡើង ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹម ៥,៦ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com