អន្តរជាតិ
ក្រុម​សិទ្ធិមនុស្ស​ស្នើ​ដាក់ទណ្ឌកម្ម​លើ​ចិន ជុំវិញ​ការឃុំខ្លួន​ជនជាតិ Uyghur រាប់លាន​នាក់​
11, Sep 2018 , 3:48 pm        
រូបភាព
ដោយ:
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(HRW) នៅ​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៨ បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ប្រឆាំង​ចិន ដោយសារ​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែល​បន្ត​ឃុំឃាំង​ជនជាតិ​មូស្លីម Uyghur រាប់លាន​នាក់​នៅ តំបន់​ស៊ីន​ជាំ​ង​។

 
​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បន្ត​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន​មូស្លីម​ភាគតិច Uyghurs នៅក្នុង​តំបន់​ស៊ីន​ជាំ​ង  ដោយ​លើកយក​ហេតុផល​ថា​គឺ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម និង​ទប់ស្កាត់​បំណង​ផ្ដាច់ខ្លួន​របស់​ពួកគេ​ដែរ​។​
 
​ជនជាតិ Uyghurs ជាង ១​លាន​នាក់ និង​ជនជាតិភាគតិច​តួ​ក​គី​ជាច្រើន​ផ្សេងទៀត កំពុង​ត្រូវបាន​ឃុំខ្លួន នៅក្នុង «​ជំរំ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​»​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាលពី​ខែ​មុន​។ 
 
​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ចិន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «​សហគមន៍​អន្តរជាតិ គួរតែ​ដាក់ទណ្ឌកម្ម​លើ​ក្រុមមន្ត្រី​ចិន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ភស្តុតាង​ជាច្រើន​ដែលមាន​ទម្រង់​ជា​ឯកសារ​របស់​រដ្ឋាភិបាល និង​ការបំភ្លឺ​ពី​អ្នករត់​គេចខ្លួន​ពី​ជំរំ​ឃុំឃាំង​នោះ បាន​អះអាងថា ទីក្រុង​ប៉េកាំង បាន​ឃុំខ្លួន​មនុស្ស​យ៉ាងច្រើន​សម្បើម នៅក្នុង​ជំរំ​ឃុំឃាំង​មួយ ជាទី​ដែល​ពួកគេ ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ផ្នត់គំនិត​នយោបាយ និង​វប្បធម៌​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​។​
 
​របាយការណ៍​ដដែល បាន​បញ្ជាក់ថា ក្រុម​អ្នកទោស​នៅក្នុង​ជំរំ​នយោបាយ​ខាងលើ ត្រូវបាន​គេ​បង្ខំ​ឲ្យ​រៀន​ភាសា​ចិន និង​ច្រៀង​ចម្រៀង​លើកសរសើរ​ពី​គណបក្ស​កុម្មុយនីស្ត​ចិន​។ ហើយ​អ្នក​ដែល​ប្រកែក​មិន​ព្រម​ធ្វើតាម​បញ្ជា​នោះ នឹង​ត្រូវគេ​ដាក់ពិន័យ​។ លើសពីនេះទៅទៀត ក្រុម​អ្នកទោស​ទាំងនេះ គ្មាន​សិទ្ធិ​ទាក់ទង​ទៅ​ក្រុមគ្រួសារ និង​មេធាវី​របស់​ពួកគេ​នោះឡើយ​។​
 
​ជាមួយគ្នានេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ​បានកត់សម្គាល់​ពី​ការកើនឡើង​នៃ​ការចាត់វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​ជនជាតិភាគតិច​នៅ​តំបន់​ស៊ីន​ជាំ​ង​នេះ ក្នុងនោះ​រួមមាន ការប្រើប្រាស់​បច្ចេកវិទ្យា​ស្កេ​ន​សម្គាល់​មុខ​មនុស្ស និង​ការប្រើប្រាស់​គំរូ DNA ជាដើម​។ វិធានការ​ទាំងនេះ ត្រូវបាន​គេ​ដាក់ចេញ ដើម្បី​ត្រួតពិនិត្យ និង​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​លើ​ចំនួន​ប្រជាជន​ក្នុង​តំបន់​ស្វយ័ត​នេះ​។​
 
​ម្យ៉ាងវិញទៀត ការ​ធ្វើទុក្ខបុកម្នេញ​ទាំង​ផ្នែក​រាងកាយ និង​ស្មារតី ក៏បាន​កើតឡើង​ផងដែរ នៅក្នុង​ជំរំ​អ្នកទោសនយោបាយ និង​សាសនា​នេះ​។ នេះ​បើតាម​ការអះអាង​របស់​អតីត​អ្នកទោស​មួយចំនួន ដែល​បាន​រត់គេចខ្លួន​ចេញពី​តំបន់​នោះ ទៅ​រស់នៅ​ក្រៅប្រទេស​។​
 
​ទាក់ទិន​នឹង​រឿង​ឃុំឃាំង​ជនជាតិ​អ៊ុយ​ហ្គួ​យ​នេះ ក្រុង​ប៉េកាំង ធ្លាប់បាន​ទាត់ចោល​របាយការណ៍ ដែល​បានចេញ​ផ្សាយ​នាពេល​កន្លងទៅ​។ ខ្លួន​ក៏​មិនបាន​អះអាង​ពី​ការទទួលខុសត្រូវ​ច្បាស់លាស់​ណាមួយ ចំពោះ​ស្ថានភាព​នេះដែរ​។ 
 
​រដ្ឋាភិបាល​របប​កុម្មុយនីស្ត​នេះ បានដាក់​ឈ្មោះ​របាយការណ៍​ខាងលើនេះ​ថា​ជា «​រឿងប្រឌិត​សុទ្ធសាធ​» ដោយបាន​អះអាងថា ទីតាំង​នោះ គឺ​គ្រាន់តែ​ជា «​ជំរំ​ហ្វឹកហាត់ និង​អប់រំ​» តែប៉ុណ្ណោះ​។ ពោលគឺ វា​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​កាត់បន្ថយ​ចំនួន​ឧក្រិដ្ឋកម្ម​ឲ្យ​មាន​ចំនួន​តិចតួច ដើម្បី​ជា​ជំនួយ​ដល់​ការកសាង​សង្គមជាតិ​ឲ្យ​បានល្អ​ឡើង និង​រួមបញ្ចូល​ពួកគេ​ក្នុងសង្គម​ឡើងវិញ (Reintegration)​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ការស្នើសុំ​របស់​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់ UN ឲ្យ​ដាក់ទណ្ឌកម្ម​លើ​ចិន គឺធ្វើឡើង បន្ទាប់ពី​សមាជិក​រដ្ឋ​សភា​អាមេរិក​ជាច្រើនរូប កាលពី​ខែ​មុន បានដាក់​ស្នើ​ទៅកាន់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ឲ្យ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី​ចិន​ចំនួន ៧​រូប និង​ក្រុមហ៊ុន​ចិន​ចំនួន ២​។ ដោយ​ពួកគេ បាន​ចោទប្រកាន់​មន្ត្រី និង​ក្រុមហ៊ុន​ចិន​ទាំងនោះ​ថា​បាន​ផ្គត់ផ្គង់​ឧបករណ៍​ឈ្លបយកការណ៍ ទៅកាន់​ជំរំ​ឃុំឃាំង​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​៕
 

Tag:
 ចិន​
  HRW
  ជនជាតិ Uyghur
© រក្សាសិទ្ធិដោយ thmeythmey.com