អន្តរជាតិ
អាស៊ាន បង្កើត​គោលការណ៍​ណែនាំ​បញ្ចៀស​ការប្រឈមមុខ​ដែនអាកាស​
19, Oct 2018 , 3:57 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាស៊ាននាជំនួបនៅសិង្ហបុរី (រូបភាព AFP)
រដ្ឋមន្រ្តីការពារជាតិអាស៊ាននាជំនួបនៅសិង្ហបុរី (រូបភាព AFP)
​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នៅ​ថ្ងៃទី​១៩ ខែតុលា បាន​ព្រមព្រៀង​លើ​គោលការណ៍​ណែនាំ​ដ៏​សំខាន់​មួយ សំដៅ​គ្រប់គ្រង​ការប្រឈមមុខគ្នា​លើ​ដែនអាកាស​។ ការព្រមព្រៀង​នេះ ធ្វើឡើង​ក្រោយ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នៅ​សិង្ហ​បុរី​។ រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី Ng Eng Hen ដែលជា​ប្រធាន​កិច្ចប្រជុំ​និយាយថា គោលការណ៍​ដែល​បាន​ឯកភាពគ្នា នឹង​ជួយ​កាត់បន្ថយ​បញ្ហា ហើយ​អាស៊ាន​នឹង​ស្នើ​ប្រទេស​ដៃគូ​ជាពិសេស​ចិន និង​អាមេរិក​ឲ្យ​ចូលរួម​ជាមួយ​ដែរ​។​

 
​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​សមាជិក​ទាំង​១០​ប្រទេស បាន​ចុះ​កិច្ចព្រមព្រៀង​លើ​គោលការណ៍​ណែនាំ​ស្ដីពី​ការប្រឈមមុខ​ផ្នែក​យោធា​លើ​ដែនអាកាស ដែលជា​កិច្ចព្រមព្រៀង​ពហុភាគី​លើកដំបូង​គេ​លើ​ពិភពលោក​។ គោលការណ៍​ណែនាំ​នេះ មាន​គោលដៅ​គ្រប់គ្រង​ការប្រឈមមុខ​ដោយ​ចៃដន្យ​រវាង​យន្តហោះ​យោធា រាប់បញ្ចូល​ទាំង​លំហ​អាកាស​សមុទ្រ​ចិន​ខាងត្បូង​ផង​។ ប៉ុន្តែ​ការណែនាំ​នេះ​ពឹង​ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត និង​មិនមាន​អំណាច​ចាប់បង្ខំ​ឲ្យ​អនុវត្ត​ឡើយ​។​
 
​ក្នុង​ឆ្នាំ​២០១៧ អាស៊ាន​ក៏​បង្កើត​គោលការណ៍​ណែនាំ​បែប​នេះដែរ​សម្រាប់​គ្រប់គ្រង​សកម្មភាព​នៅ​លំហ​សមុទ្រ ដែលមាន​ឈ្មោះថា ក្រម​សម្រាប់​ការប្រឈមមុខ​ឥត​ព្រាងទុក​នៅ​សមុទ្រ ដែល​រួមបញ្ចូល​ប្រទេស​ដៃគូ​របស់​អាស៊ាន​ចំនួន​៨ រាប់ទាំង​អាមេរិក និង​ចិន​ផង​។ ប៉ុន្តែ​ទោះជា​មាន​គោលការណ៍​បញ្ចៀស​ក្ដី គេ​នៅតែ​ឃើញ​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​នាវាចម្បាំង​ដដែល ពិសេស​រវាង​អាមេរិក និង​ចិន​តែម្ដង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ក្នុង​គោលការណ៍​ណែនាំ​នេះ យន្តហោះ​យោធា​មិនគួរ​បំពារបំពាន​សកម្មភាព​របស់​យន្តហោះ​ប្រទេស​ផ្សេង​ឡើយ ប៉ុន្តែ​យន្តហោះ​ទាំងនោះ​នៅតែ​អាចអនុវត្ត​សិទ្ធិ និង​សេរីភាព​ចរាចរណ៍​របស់ខ្លួន ក៏ដូចជា​ច្បាប់​អន្តរជាតិ​ដែល​ត្រូវ​ប្រើប្រាស់​ពាក់ព័ន្ធ​សកម្មភាព​នៅ​លំហ​សមុទ្រ​។ គោលការណ៍​នេះ​បន្តថា បើ​មាន​យន្តហោះ​យោធា​ហោះ​ទៅរក​យន្តហោះ​មួយទៀត​ដោយ​បំណង​ចង់ដឹង​ពី​អត្តសញ្ញាណ ការ​ស៊ើបសួរ ការបញ្ជាក់ ឬ​ហោះ​អមដំណើរ​នោះ អ្នកបើកបរ​គួរ​អន​វុត្ត​តាម​វិជ្ជាជីវៈ និង​ចៀសវាង​សកម្មភាព​គ្រោះថ្នាក់​។​
 
​លើសពីនោះ យន្តហោះ​យោធា​នានា​ក៏ត្រូវ​ចៀសវាង​ការធ្វើសកម្មភាព​ត្រាប់​ក្នុងការ​ប្រយុទ្ធ ខណៈ​ខ្លួន​ស្ថិត​ក្បែរ​យន្តហោះ​ផ្សេងទៀត ហើយក៏​មិនត្រូវ​តម្រង់​រ៉ុក្កែត អាវុធ ឬ​ឧបករណ៍​ផ្សេងទៀត​ដាក់​យន្តហោះ​ហោះ​ដទៃ​ដែរ លើកលែង​ករណី​គ្រោះថ្នាក់​។ ចំណែកឯ​អ្នកបើកបរ​វិញ ក៏​មិនត្រូវ​ប្រើប្រាស់​ភាសា​មិន​សមរម្យ ឬ​ធ្វើ​កាយវិការ​មិន​ត្រឹមត្រូវ​នោះដែរ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថ្ងៃទី​១៩ ខែតុលា រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី Ng Eng Hen និយាយ ថា ការអនុម័ត​គោលការណ៍​ណែ​នេះ ជា​សមិទ្ធផល​សំខាន់​មួយ​បង្ហាញ​ពី​ភាព​ដឹកនាំ​របស់​អាស៊ាន​ក្នុង​ការជំរុញ​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។ បើតាម​ទូរទស្សន៍ Channel NewsAsia លោក Ng ក៏​នឹង​លើក​កិច្ចព្រមព្រៀង​ថ្មី​នេះ​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ដៃគូ​របស់​អាស៊ាន និង​អញ្ជើញ​ប្រទេស​ទាំងនោះ​ឲ្យ​ចូលរួម​ក្នុង​គោលការណ៍​នេះដែរ​។​
 
​ប្រសិទ្ធភាព​យ៉ាងណា​នោះ គេ​មានតែ​រង់ចាំ​មើល​សិន​ប៉ុណ្ណោះ ខណៈ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ជា​ឧទាហរណ៍​ស្រាប់​។ យ៉ាងណាមិញ លោក Ng ដែលជា​ប្រធាន​កិច្ចប្រជុំ​នោះ អះអាងថា បើ​គ្មាន​ការណែនាំ ការប្រថុយប្រថាន​នឹង​កើនឡើង ហើយ​គោលការណ៍​ពហុភាគី​មួយ​នេះ​ប្រៀបដូចជា​ខ្សែក្រវាត់​សុវត្ថិភាព​ដូច្នោះ​ដែរ គឺ​មិនអាច​ការពារ​បាន​ទាំងស្រុង​ឡើយ តែ​យ៉ាងហោចណាស់ អាចជួយ​ការពារ​បាន​ខ្លះ​ដែរ​៕
 

Tag:
 ​អាស៊ាន​
  សិង្ហ​បុរី​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com