កីឡាអន្តរជាតិ
អន្តរជាតិ
UEFA នឹង​ពិន័យ​ក្លិប Man Utd ដោយសារ​ករណី​អ្នកគាំទ្រ​រត់​សំដៅទៅ Ronaldo ក្នុង​ទីលាន​
25, Oct 2018 , 4:48 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA នៅ​ថ្ងៃ​២៤ តុលា បាន​ចោទប្រកាន់ Manchester United ចំពោះ​ករណី​អ្នកគាំទ្រ​រត់​ចូល​ទីលាន​អំឡុង​ការប្រកួត​ដែល​ក្រុម​ម្ចាស់ផ្ទះ​ចាញ់ Juventus ១-០ នៅ​ទឹកដី Old Trafford ក្នុង​ក្របខណ្ឌ UEFA Champions League​។​


 
​អ្នកគាំទ្រ​របស់​ក្រុម​បិសាច​ក្រហម​ម្នា​ក់បាន​ព្យាយាម​រត់​ចូលទៅក្នុង​ទីលាន​ដើម្បី​ជួប Cristiano Ronaldo ដែល​ត្រឡប់​ទៅកាន់​ទឹកដី Old Trafford នៅ​ដើមតង់​ទី​១​។ សកម្មភាព​ដដែល​នេះ​បាន​កើតឡើង​ម្តងទៀត នៅពេល​បញ្ចប់​ការប្រកួត​រវាង​ក្រុម Man Utd និង Juventus នេះ ដោយមាន​អ្នកគាំទ្រ​ច្រើន​អ្នក​រត់ទៅរក​វីរបុរស​របស់គេ​ដែល​មើលទៅ​មាន​ភាព​រញ៉េរញ៉ៃ​ពេញ​តារាង​តែម្តង​។​


 
​សកម្មភាព​គ្មាន​សណ្តាប់ធ្នាប់​ខាងលើនេះ​បានធ្វើ​ឲ្យ អង្គភាព​វិន័យ​របស់ UEFA ចោទប្រកាន់​ក្លិប Man Utd ដែលជា​ម្ចាស់ផ្ទះ​ថា​បាន​រំលោភ​លើ​មាត្រា​១៦ នៃ​បទបញ្ញត្តិ​វិន័យ​របស់​ពួកគេ​។ ការដាក់ពិន័យ​យ៉ាងណា​នោះ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប នឹង​យក​ករណីនេះ​ទៅ​ពិចារណា​រហូតដល់​ថ្ងៃទី ២២ ខែវិច្ឆិកា​ខាងមុខ​។​
 
​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester នេះ ក៏​អាច​ប្រឈម​នឹង​ការផាកពិន័យ​ផងដែរ​សម្រាប់​ការមកដល់​កីឡដ្ឋាន​របស់ខ្លួន​យឺត​ពេល​ពី​សំណាក់​អ្នកចាត់ការ​លោក Jose Mourinho កាលពី​ប៉ះ Valencia ក្នុងការ​ប្រកួត​ពាន​អឺរ៉ុប​នេះដែរ​។ ពួកគេ​អាច​នឹងត្រូវ UEFA ផាកពិន័យ​ជា​ប្រាក់ ១៧០៨០ ដុល្លារ​អាមេរិក លើ​ករណី​យឺតយ៉ាវ​នេះ​៕
 

Tag:
 ​បាល់ទាត់​
  UEFA
  Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com