អន្តរជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ប៉ាស៊ីហ្វិក​នឹង​ចូល​ធរមាន​នៅ​ចុងខែ​ធ្នូ ទោះ​គ្មាន​អាមេរិក​ក្ដី
31, Oct 2018 , 8:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​សឹងតែ​លុត​ដង្ហើម​ក្រោយ​ការដើរ​ចេញ​របស់​អាមេរិក​នោះ នឹង​ចូល​ជាធរ​មាននៅ​ចុងខែ​ធ្នូ​ខាងមុខ​។ សមាជិក​ចំនួន​៦​ប្រទេស​ក្នុងចំណោម​ប្រទេស​១១ ដែល​នៅ​សេសសល់ បានផ្ដល់​សច្ចាប័ន​កិច្ចព្រមព្រៀង​នេះ​ដើម្បី​បើកផ្លូវ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ដែល​គ្មាន​របាំង​អ្វី​ឡើយ​។ នេះ​ជាការ​ប្រឆាំង​ដោយផ្ទាល់​ទៅនឹង​គោលនយោបាយ​គាំពារ​និយម​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពី​សំណាក់​សម្ព័ន្ធមិត្ត​នៅ​ប៉ាស៊ីហ្វិក​របស់​អាមេរិក​។​

 
​គ្មាន​អាមេរិក ក៏​អត់​បញ្ហា​។ កិច្ចព្រមព្រៀង​ជឿនលឿន​និង​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ភាព​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) នឹង​ចាប់ផ្ដើម​អនុវត្ត​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែធ្នូ​ខាងមុខនេះ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​នេះ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ប្រទេស​ចំនួន​១១ ដែល​ជម្នះ​នយោបាយ​គាំពារ​និយម​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ចាស់​ភាពជា​ដៃ​គួ​អន្តរ​ប៉ាស៊ីហ្វិក (TPP) កាលពី​ឆ្នាំ​២០១៧ ។​
 
​ការចូល​ធរមាន​រប​ស់​កិច្ចព្រមព្រៀង CPTPP កើតឡើង​បន្ទាប់ពី​អូស្ត្រាលី​ក្លាយជា​សមាជិក​ទី​៦ ដែល​ផ្ដល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ​នៅ​ថ្ងៃទី​៣១ ខែតុលា​។ សមាជិក​៥ ដែល​ផ្ដល់​សច្ចាប័ន​រួចហើយ​មាន​នូ​វែ​ល​សេ​ឡង់ សិង្ហ​បុរី កាណាដា ជប៉ុន និង​ម៉ិ​ក​ស៊ិ​ក​។ ដោយសារ​សមាជិក​លើស​ចំនួន​ពាក់កណ្ដាល​ផ្ដល់​សច្ចាប័ន​បែបនេះ កិច្ចព្រមព្រៀង​នេះ​អាចអនុវត្ត​បាន​តា​មល​ក្ខ​ខណ្ឌ​របស់ខ្លួន​នៅ​រយៈពេល​៦០​ថ្ងៃក្រោយ​។ 
 
​ក្រោម​កិច្ចព្រមព្រៀង​ដែលមាន​ចំណង​ផ្លូវច្បាប់​នេះ សមាជិក​ទាំងអស់​ត្រូវ​មាន​ក្របខណ្ឌ​ច្បាប់​តឹងរ៉ឹង​ក្នុង​វិស័យ​ពាណិជ្ជកម្ម បន្ធូរបន្ថយ​របាំង​ពន្ធគយ និង​បើកចំហ​ទីផ្សារ​របស់ខ្លួន​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​អនុវត្ត​ស្តង់ដា​ការងារ​ថ្មី ហើយ​ចាប់បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​សមាជិក​ខ្លះ​ត្រូវបង្កើត​ការប្រកួតប្រជែង​ក្នុង​វិស័យ​ដែល​កំពុង​កាន់កាប់​ដោយ​អ្នកវិនិយោគ​នៃ​ប្រទេស​ទាំង​នោះដែរ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។     
 
​នៅ​ថ្ងៃទី​៣០ ខែធ្នូ ការកាត់បន្ថយ​ពន្ធ​ជុំទីមួយ​នឹង​ចាប់ផ្ដើម​។ ឯការ​បន្ថយពន្ធ​ជុំ​ទី​ពីរ​នឹងធ្វើ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នូ​វែ​ល​សេ​ឡង់ David Parker ។ ខណៈ​សមាជិក​៥​ប្រទេស​ទៀត​ដូចជា​ព្រុយ​ណេ វៀតណាម ស៊ី​លី ម៉ាឡេស៊ី និង​ប៉េ​រូ មិនទាន់​ផ្ដល់​សច្ចាប័ន​នោះ លោក Parker រំពឹងថា ប្រទេស​នៅ​សេសសល់​ទាំងនេះ​នឹងចូលរួម​ជាមួយ​សមាជិក​ទាំង​៦​ផ្សេងទៀត​។​
 
​តាមពិតទៅ ក្រោយ​ការដកខ្លួន​របស់​អាមេរិក គេ​មិន​រំពឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​អាច​បន្ត​រស់រាន​ឡើយ​។ ប៉ុន្តែ​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក តែ​ក៏​ជា​អ្នកការពារ​សាកលភាវូបនីយកម្ម​ដែរនោះ បាន​ប្រឹងប្រែង​ជម្នះ​ការលំបាក និង​ចរចា​ជាមួយ​ប្រទេស​១០​ទៀត​រហូត​សម្រេចបាន​កិច្ចព្រមព្រៀង​ថ្មី​ក្នុង​ខែមករា​។ ប្រទេស​ទាំង​១១​នេះ សុទ្ធ​តែមាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង ដែល​ស្មើនឹង​១៤​ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក​៕ 
 

Tag:
 ​អូស្ត្រាលី​
  CPTPP
© រក្សាសិទ្ធិដោយ thmeythmey.com