ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​ការពារ​ក្តី​លោក កឹម សុខា​៖ អ្វីដែល​ខ្ញុំ​លើកឡើង គឺ​​ចង់បង្ហាញ​ពីភាពក្លាហានរបស់​កូនក្តី ប្រាប់​ទៅ​លោក សម រង្ស៊ី​
18, Dec 2018 , 1:49 pm        
រូបភាព
លោក ចាន់ ចេន មេធាវីលោក កឹម សុខា ផ្ដល់បទសម្ភាសដល់អ្នកកាសែតកន្លងមក។ រូបពីហ្វេសប៊ុកលោកមេធាវី
លោក ចាន់ ចេន មេធាវីលោក កឹម សុខា ផ្ដល់បទសម្ភាសដល់អ្នកកាសែតកន្លងមក។ រូបពីហ្វេសប៊ុកលោកមេធាវី
ភ្នំពេញ​៖ លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​លោក កឹម សុខា ហាក់​មិន​ពេញចិត្ត​ចំពោះ​ពាក្យសម្តី​របស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រិះគន់​មកលើ​មតិយោបល់​អ្នកនយោបាយ​ប្រឆាំង កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ថា មិនបានការ ហើយ​ស្ថិតនៅក្រោម​គំនាប​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ សម្តី​របស់លោក សម រង្ស៊ី បែបនេះ ត្រូវបាន​លោក ចាន់ ចេ​ន ចេញ​ឆ្លើយតប​វិញ​ថា លោក សម រង្ស៊ី កំពុង​ប្រមាថ​ឆន្ទៈ​មនសិកា​របស់លោក កឹម សុខា ខណៈដែល​កូនក្តី​លោក បង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន ហ៊ាន​លះបង់ និង​មាន​ឧ​ត្ត​ម​គតិ​នយោបាយ ដែល​ប្រឈម​តស៊ូ​នៅក្នុង​សមរភូមិ​ពិតប្រាកដ​។​


 
​ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី និង​ជា​អ្នកនាំពាក្យ​រាល់​ឆន្ទៈ​របស់លោក កឹម សុខា ដូចតទៅ​៖
 
លោក រំដួល ចិ​ត្រា​៖ លោក​មេធាវី ចាន់ ចេ​ន​! ខ្ញុំ​បានឃើញ​លោក សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដែល​បញ្ចេញមតិ​រិះគន់​តប​លោក សម រង្ស៊ី ដែល​និយាយ​ពី​ការបញ្ចេញមតិ​របស់​អ្នកនយោបាយ​ក្នុងប្រទេស​កម្ពុជា ថា​យកជាការ​មិនបាន ហើយ​ត្រូវបាន​សម្ដេច ហ៊ុន សែន ទិញ​បាន និង​នៅក្រោម​គំនាប​គាត់​ជាដើម​។ ដោយ​លោក​មេធាវី ចាត់ទុក​ពាក្យសម្តី​លោក សម រង្ស៊ី ជាការ​ប្រមាថ​ដល់​ឆន្ទៈ​លោក កឹម សុខា ។ ដូច្នេះ​ជា​សំនួរ​ដំបូង ខ្ញុំ​ចង់​សួរ​លោក​ថា មូលហេតុ​អ្វី​បានជា​លោក ចេញ​ពាក្យ​ឆ្លើយតប​បែបនេះ ទៅ​លោក សម រង្ស៊ី នៅក្នុង​កាលទេសៈ​បែបនេះ​? 
 
​លោក ចាន់ ចេ​ន​៖ បន្ទាប់ពី​បាន​តាមដាន​នូវ​អ្វី ដែល​លោក សម រង្ស៊ី បាន​និយាយ​ច្រំ​ដែលៗ​ម្ដង​ហើយ​ម្ដង​ទៀតថា ប្រជាពលរដ្ឋ​ខ្មែរ អ្នករស់នៅ​ស្រុក​ខ្មែរ និយាយ​អ្វី​យកជាការ​មិនបាន ព្រោះ​ការនិយាយ​នោះ​វា​ស្ថិតនៅក្រោម​គំនាប​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬក៏​តាម​បញ្ជារ ដូច្នេះ​យើង​ឭ​ឃ្លារ​នេះ វា​មានការ​ភ្ញាក់ផ្អើល​ណាស់ ថា​មិនគួរណា​លោក សម រង្ស៊ី លើក​ហេតុផល​បែប​ហ្នឹង​មក​ទេ  ទាំងនេះ​ចំណុច​ទី​១​។ ឯ​ទី​២​ទៀត យើង​ដឹង​ហើយ​ថា ទោះបីជា​កូនក្តី​យើងខ្ញុំ ជាប់​បម្រាម ជាប់​កាត​ព្វ​តុលាការ ក៏ប៉ុន្តែ​កូនក្តី​របស់​យើងខ្ញុំ ដែល​គេ​ហៅថា អ្នក​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​ប្រជាពលរដ្ឋ​ស្រលាញ់​ប្រជាធិបតេយ្យ ក៏​គេ​មាន​ច្រក​នូវ​អ្វីដែល​គេ​អាចធ្វើ​ទៅបាន​។ ហើយ​ម្យ៉ាងទៀត យើង​ធ្វើ​ការងារ​ដោយ​ឈរ​នៅ​ភាព​ឯករាជ្យភាព​របស់​យើង ដោយ​មិន​ស្ថិតនៅ​គំនាប​របស់​អ្នកណា​មួយ​ទេ​។​


 
​លោក រំដួល ចិ​ត្រា​៖ ក្នុងន័យ​លោក​មេធាវី​លើកឡើង​ខាងលើនេះ គឺ​លោក​ចង់បង្ហាញ​ពីអ្វី​អារម្មណ៍​របស់​កូនក្តី​លោក​កំពុង​អនុវត្ត ប៉ុន្តែ​ខ្ញុំ​នៅតែមាន​សំនួ​រថា តើ​ហេតុអ្វី​បានជា​លោក​មេធាវី លើកឡើង​បែបនេះ នៅក្នុង​កាលៈទេសៈ​បែបនេះ ដែល​ហាក់ដូចជា​បង្ហាញថា លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​បែកចិត្ត​ឆ្ងាយ​ពីគ្នា និង​មិន​ចុះសម្រុង​គ្នា​? លោក​អាច​បកស្រាយ បានទេ​?


​លោក ចាន់ ចេ​ន​៖ នៅ​ចំណុច​នេះ ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​វែងឆ្ងាយ​ទេ ដោយសារ​ខ្ញុំ​ជា​មេធាវី ខ្ញុំ​និយាយ​អ្វី​គោរព​ទៅលើ​ក្របខណ្ឌ​វិជ្ជាជីវៈ​តាម​ឆន្ទៈ​របស់​កូនក្តី ហើយ​ធ្វើ​កិច្ចការងារ​ដែលមាន​កា​រ​ទទួលខុសត្រូវ​។ ហើយ​អ្វី​ដែ​លោក​សួរ​ខ្ញុំ គឺជា​រឿង​នយោបាយ ដូច្នេះ​មានតែ​លោក​ទាក់ទង​ទៅ​អ្នកនយោបាយ​។ ក៏ប៉ុន្តែ​អ្វីដែល​ខ្ញុំ​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ​នេះ ខ្ញុំ​ចង់​បញ្ជាក់ថា គឺជា​ការប្រមាថ​ធំ​ណាស់ ពីព្រោះ​មានន័យថា កូនក្តី​ខ្ញុំ គាត់​បាន​លះបង់​ដើម្បី​សេរីភាព ដើម្បី​យុត្តិធម៌​សង្គម ដើម្បី​ប្រជាធិបតេយ្យ រហូតដល់​មានការ​ចាប់ឃុំខ្លួន​គាត់ ចំណុច​នេះ​វា​ជាការ​ប្រមាថ​ទី​១ ទៅលើ​កូនក្តី​។ ទី​២​ទៀត ក៏​ជាការ​ប្រមាថ​ទៅលើ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ តែងតែ​វិភាគ​ផងដែរ ហើយក៏​ជាការ​លាប​ពណ៌​មួលបង្កាច់​ចោទប្រកាន់​ទៅដល់​ពួកយើងខ្ញុំ​ជា​មេធាវី​ការពារកូន​ក្តី ដូច្នេះ​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​វែងឆ្ងាយ​ទេ​។ ជា​សរុប​មកវិញ​ពួកយើង​ធ្វើការ​ងារ​ដោ​យមា​ន​សេចក្តីថ្លៃថ្នូរ យើង​មាន​វិជ្ជាជីវៈ យើង​មានផ្ទះ​រស់នៅ មាន​បាយ​ញាំ យើង​អត់​មាន​ត្រូវ​ការធ្វើ​កិច្ចការងារ​ក្រោម​គំនាប​ក្រោម​បុគ្គល​ណា​នោះទេ គឺ​យើង​អត់​ដូច​ការដែល​គាត់​(​សម រង្ស៊ី​)​លាប​ពណ៌​មួល​បង្កាច់​ចោទប្រកាន់​នោះទេ​។​
 
លោក រំដួល ចិ​ត្រា​៖ កន្លងមក​លោក កឹម សុខា បានតែងតាំង​លោក និង​មេធាវី​ផ្សេងទៀត ជា​អ្នកនាំពាក្យ​រាល់​ឆន្ទៈ​របស់លោក កឹម សុខា ដូច្នេះ​រាល់​ការលើកឡើង​របស់លោក​នេះ អាចធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​បង្ហាញ​រូបភាព​ប្រេះឆា​ថែមទៀត​ទេ​?
 
​លោក ចាន់ ចេ​ន​៖ ដោយសារតែ​ខ្ញុំ​ជា​អ្នកបច្ចេកទេស ខ្ញុំ​មិន​គិតដល់​សំនួរ​របស់លោក​ទេ​។ ក្នុង​ចំណុច​នេះ​ខ្ញុំ​មិន​អត្ថាធិប្បាយ​ទេ ព្រោះ​វា​ហួស​កិច្ចការងារ​របស់ខ្ញុំ​។​


(រូបលោក ចាន់ ចេន និងមេធាវីផ្សេងទៀត ជួបលោក កឹម សុខា នៅក្នុងគេហដ្ឋាន នាពេលកន្លងមក)

​លោក រំដួល ចិ​ត្រា​៖ អ៊ីចឹង​ខ្ញុំ​ចង់​សួរ​ត្រឡប់ក្រោយ​វិញ​ថា អ្វីដែល​លោក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​នេះ ក្នុងនាម​ជា​អ្នកនាំពាក្យ​នៃ​ឆន្ទៈ​របស់លោក កឹម សុខា ដែល​ផ្ដល់​សិទ្ធ​ឲ្យ​លោក​និយាយ ឬ​ក្នុងនាម​លោក ជា​មេធាវី​? ហើយ​តើ​លោក​មាន​គិតថា អ្វីដែល​លោក​សរសេរ​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ប្រេះឆា​ទេ​?
 
​លោក ចាន់ ចេ​ន​៖ តាមពិត​ខ្ញុំ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​នេះ ក្នុងនាម​ជា​ពលរដ្ឋ​ក្នុងសង្គម​ដែលមាន​សម្ដែង​មតិ​ទេ​។ ខ្ញុំ​មិនដែល​គិត​យ៉ាងនេះ​ទេ ព្រោះ​ធម្មតា​យើង​រស់នៅ​ក្នុងសង្គម​ប្រជាធិបតេយ្យ បើសិនជា​ឃើញ​អ្វី​អវិជ្ជមាន ឬ​ប៉ះពាល់​ដល់​កូនក្តី​ខ្ញុំ ខ្ញុំ​អាច​បញ្ចេញមតិ​បាន ប៉ុន្តែ​ខ្ញុំ​មិនបាន​គិតដល់​រឿង​អ្វី​ផ្សេង​ទេ​។​
 
លោក រំដួល ចិ​ត្រា​៖ ជា​សំនួរ​ចុងក្រោយ​លោក​មេធាវី ! ដោយសារតែ​ឥឡូវ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​១១៨​នាក់ អាចធ្វើ​នយោបាយ​ឡើងវិញ ត្រូវបាន​រដ្ឋសភា​អនុម័ត​រួចហើយ ហើយ​កំពុង​បន្ត​នីតិ​ដាក់​ទៅ​ព្រះមហាក្សត្រ​។ ប៉ុន្តែ​មកដល់ពេលនេះ តើ​លោក កឹម សុខា ព្រម​ឲ្យ​មន្ត្រី​បក្ស​ខ្លួន​ព្រម​ទទួលយក បើសិនជា​មានការ​ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​ពួកគេ ខណៈដែល​លោក សម រង្ស៊ី ហាម​មិន​ឲ្យ​ពួកគេ​ទទួលយក​នោះ​?
 
​លោក ចាន់ ចេ​ន​៖ ចំណុច​នេះ ខ្ញុំ​មិនអាច​ដឹង​ដល់​ទេ ក៏ប៉ុន្តែ​បើតាម​ខ្ញុំ​ដឹង បើសិន​ជាមាន​អ្វី​ថ្មី គឺ​កូនក្តី​ខ្ញុំ គាត់​នឹង​ប្រជុំ​ជាមួយ​ពួក​ខ្ញុំ​ដូច​សព្វមួយដង​អ៊ីចឹង​។ ដូច្នេះ​អ្វីដែល​មិនមែនជា​ការបង្ហាញ​ឆន្ទៈ​របស់​កូនក្តី ខ្ញុំ​មិនអាច​ជម្រាប​ប្រាប់​បានទេ ដោយសារ​យើង​ធ្វើ​កិច្ច​ការគោរព​ក្របខណ្ឌ​វិជ្ជាជីវៈ ការពារ​ផលប្រយោជន៍​របស់​កូនក្តី និង​មានការ​ទទួលខុសត្រូវ ស្របតាម​គោលការណ៍​ច្បាប់​៕

Tag:
 ចាន់ ចេ​ន​
 ​កឹម សុខា​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com