ជាតិ
សេដ្ឋកិច្ច
មាន​អ្វី​កើតឡើង​ខ្លះ ក្នុង​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៨!
31, Dec 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា នៅតែ​រក្សាបាន​កំណើន​រឹងមាំ​ក្នុង​រង្វង់​៧​ភាគរយ ដែល​ជំរុញ​ខ្លាំង​ដោយ​ផលិតផល​កាត់ដេរ សំណង់ និង​ផ្នែក​សេវាកម្ម​។ លើសពីនេះ​កម្ពុជា​កំពុង​បោះជំហាន​លើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាមរយៈ​ការនាំចេញ​ផលិតផល​ផ្សេងទៀត​មិនមែន​កាត់ដេរ ដូចជា កង់ គ្រឿងបន្លាស់ គ្រឿង​បង្គុំ​អគ្គិសនី ជាដើម​។ ប៉ុន្តែ​ទន្ទឹមនឹង​ភាពល្អ​ក្នុងស្ថានភាព​បច្ចុប្បន្ន អ្នកជំនាញ​ស្ថាប័ន​អន្តរជាតិ​ក្រើនរម្លឹក​ពី​កំណើន​រយៈពេល​វែង ព្រោះថា​កំណើន​ខ្លាំងក្លា​ពេក អាច​គ្មាន​និរន្តរភាព​។ ជាមួយគ្នានេះ ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទូទៅ និង​អង្ករ​រ​របស់​កម្ពុជា កំពុងស្ថិត​ក្នុង​ដៃ​របស់​សហភាព​អឺរ៉ុប​នៅឡើយ ហើយ​វា​ទាក់ទង​នឹង​ការប្រកួតប្រជែង​ផលិតផល​កម្ពុជា​នៅ​ទីផ្សារ EU ដែល​ទីផ្សារ​នេះ​ស្រូប​កា​នាំ​ចេញពី​កម្ពុ​ជាជាង ៤០​ភាគរយ​ឯណោះ​។​


​សារព័ត៌មាន​ថ្មីៗ បាន​សរុប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ ដូចខាងក្រោម​នេះ​៖
 
​កម្ពុជា​បាន​សម្ពោធ​ម៉ាក​សញ្ញា​អង្ករ​«MALYS ANGKOR» ដែលជា​ម៉ាក​អង្ករ​ប្រណិត​របស់​កម្ពុជា នៅ​ខែមករា​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦​។ ម៉ាក​សញ្ញា​រួម​នេះ​នឹង​ផ្ដល់​ការបញ្ជាក់​ប្រភេទ​អង្ករ​ប្រណិត​នានា ដែល​កម្ពុជា​ផលិត​បាន ដើម្បី​ទាញ​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់ និង​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​។​
 
​បន្ត​មក​ខែកុម្ភៈ​ឆ្នាំ​ដដែល ក្រុមហ៊ុន​ជីបម៉ុង និង​ក្រុមហ៊ុន​ថៃ SCCC បាន​វិនិយោគ​រួមគ្នា​លើ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​តម្លៃ ២៦២​លាន​ដុល្លារ​នៅ​ខេត្តកំពត ដែល​អាច​ផលិត​ស៊ីម៉ងត៍​ចំនួន ១,៧​លាន​តោន​ក្នុង​មួយឆ្នាំ​។ នៅ​ឆ្នាំ​២០១៨​នេះ​ដដែល គម្រោង​រោងចក្រ​ស៊ីម៉ង់ត៍​មួយទៀត ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ខែឧសភា ដែល​វិនិយោគ ២៣០​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន Conch International Holding (HK)  និង​ក្រុមហ៊ុន Battambang KT Cement លើ​សមត្ថភាព​ផលិត​ជិត ២​លាន​តោន​ក្នុង​មួយឆ្នាំ​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អះអាងថា ចាប់ពី​ឆ្នាំ​២០១៨​តទៅ កម្ពុជា​អាច​ផ្គត់ផ្គង់​តម្រូវការ​ស៊ីម៉ង់ត៍​ក្នុងស្រុក​បាន​ដោយ​ខ្លួនឯង ដែល​ក្នុង​មួយឆ្នាំ​ប្រមាណ ៧​លាន​តោន​។​
 
​រឿង​សំខាន់​មួយទៀត សហភាព​អឺរ៉ុប នៅ​ខែមីនា បានចាប់ផ្ដើម​បើក​ការស៊ើបអង្កេត​លើ​ការនាំចេញ​អង្ករ​របស់​កម្ពុជា តប​តាម​ការតវ៉ា​របស់​ប្រទេស​អ៊ីតាលី ដោយ​ចោទថា​អង្ករ​នាំ​ពី​កម្ពុជា និង​មី​យ៉ាន​ម៉ា បាន​គំរាមកំហែង​ការផលិត​អង្ករ​ក្នុងប្រទេស​របស់ខ្លួន​។ បន្ទាប់ពីនោះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) និង​ក្រុមហ៊ុន​នាំ​អង្ករ​របស់​កម្ពុ​ជាមួយ​ចំនួន បានស្នើ​សុំ​ឲ្យ​ពិនិត្យ​វិធានការ​នេះ​ឡើងវិញ ព្រោះថា​ការនាំចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា​ទៅ​ទីផ្សារ​មួយ​នេះ មិន​ប៉ះពាល់​ដល់​កសិករ​អ៊ីតាលី​នោះទេ​។​
 
​បន្ត​មក​ខែមេសា ក្រុមហ៊ុន Green Leader ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង បាន​បោះទុន​វិនិយោគ ២០​លាន​ដុល្លារ​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី នៅ​ស្រុក​ឈ្នួល​ខេត្តក្រចេះ​។ ក្រុមហ៊ុន​នេះ​ប្រកាសថា​នឹង​សាងសង់​រោងចក្រ​ច្នៃ​ដំឡូង​មីនេះ​នៅ​ខេត្ត​សក្ដានុពល​មួយចំនួន​ផ្សេងទៀត​។ គម្រោង​នេះ ត្រូវបាន​មើលឃើញថា​នឹង​ជួយ​កសិករ​ដាំដំឡូង​មី​កម្ពុជា ដោយ​កាត់បន្ថយ​ការពឹង​លើ​ទីផ្សារ​វៀតណាម និង​ថៃ​។​
 
​សេវាកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវទឹក ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ដែល​គ្រប់គ្រង​ដោយ​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ នៅ​ខែមេសា​។ សេវាកម្ម​ដំបូង​គេ​មួយ​នេះ ជួយ​សម្រួល​ដល់​ចរាចរណ៍​តាមផ្លូវ​គោក និង​ផ្ដល់​ផលចំណេញ​ទាំង​ពេលវេលា និង​ថវិកា​។ ក្នុងឆ្នាំនេះ​ដែរ រថភ្លើង​ភ្នំពេញ​-​ប៉ោយប៉ែត បាន​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ផ្អាក​ជា​យូរ​ឆ្នាំ​មកហើយ​។​
 
​ការអនុគ្រោះ​ពន្ធ GSP សម្រាប់​ទំនិញ​ធ្វើដំណើរ​ដល់​កម្ពុជា ត្រូវបាន​បន្ត​សុពលភាព​ដល់​ឆ្នាំ​២០២០ ដោយ​គិត​ចាប់ពី​ខែមេសា​ឆ្នាំ​២០១៨​។ ប្រព័ន្ធ​អនុគ្រោះ​នេះ​ត្រូវបាន​រដ្ឋាភិបាល​អាមេរិក​ផ្ដល់​ឲ្យ​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៦ និង​ត្រូវ​ពិនិត្យ​សើរើ​ត្រឹម​បំណាច់​ឆ្នាំ​២០១៧​។ GSP នេះ​ជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​រោងចក្រ​ផលិត​ទំនិញ​ធ្វើដំណើរ (Travel Goods) កាន់តែច្រើន​នៅ​កម្ពុជា និង​មាន​ភាព​ប្រកួតប្រជែង​នៅ​ទីផ្សារ​អាមេរិក​។​
 
​នៅ​ខែមិថុនា ក្រុមហ៊ុន​ក្នុងស្រុក តែ អៀក​ហុង អេ​ន​ធើ​ប្រាយ បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​បរទេស វិនិយោគ​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) ដំបូង​គេ​នៅ​កម្ពុជា​។ Data Center គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ឌីជីថល ជាពិសេស​ក្រុមហ៊ុន​ធំៗ​ត្រូវការ​សេវាកម្ម​គ្រប់គ្រង និង​លំហូរ​ទិន្នន័យ​ជា​ចាំបាច់​។​
 
​ក្នុង​ខែមិថុនា​នេះដែរ ចំណត​ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ត្រូវបាន​សម្ពោធ ដែលមាន​សមត្ថភាព​ទ​ទួល​នាវា​ផ្ទុកទំនិញ​ចំណុះ ៥​ម៉ឺន​តោន បើ​ធៀប​នឹង​ផែ​មាន​ស្រាប់​ដែលមាន​សមត្ថភាព​ត្រឹម​ចំណុះ ១​ម៉ឺន ទៅ ១,៥​ម៉ឺន​តោន​។​
 
​ស្ថាប័ន​ចំនួន​បី ដែល​រួមមាន ធនាគារជាតិ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង នគរបាលជាតិ បានចេញ​សេចក្ដីប្រកាស​រួម ព្រមាន​ពី​ហានិភ័យ​ប្រាប់​សាធារណជន​ចំពោះ​ការជួញដូរ​រូបិយ​បណ្ណ​ឌីជីថល និង​ត្រៀម​ចាត់វិធានការ​ចំពោះ​បុគ្គល​ដែល​បំផុសបំផុល​អំពី​រូបិយ​បណ្ណ​នេះ​។ 
 
​ព្រឹត្តិការណ៍​សំខាន់​មួយទៀត រដ្ឋាភិបាល​បាន​បញ្ជូន​បេសកជន​ពិសេស​ទៅ​បញ្ចុះ​ប​ញ្ជូ​ល​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដក​ការអនុគ្រោះ​ពន្ធ EBA នៅ​ខែមិថុនា និង​បន្តធ្វើ​កិច្ចការ​នេះ​ដល់​ខែវិច្ឆិកា​។ EBA សម្រាប់​កម្ពុជា កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​សហភាព​អឺរ៉ុប​នៅឡើយ ដែល​ត្រូវ​ចំណាយពេល​១២​ខែ ដើម្បី​សម្រេច​ថា​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ ការអនុគ្រោះ​ពន្ធ​របស់ EU នេះ ត្រូវបាន​អ្នកជំនាញ​អះអាងថា​ពិតជា​សំខាន់​ណាស់​ចំពោះ​កម្ពុជា ព្រោះ​កម្ពុជា​អាច​លក់​ផលិតផល​ទៅ​ទីផ្សារ​មួយ​នេះ​ក្នុងតម្លៃ​ប្រកួតប្រជែង  ហើយ​វា​ក៏​ជា​កត្តា​កំណត់​ជោគវាសនា​កម្មករ​ខ្មែរ​ក្នុង​កម្រិត​ណាមួយ​ផងដែរ​។​
 
​រឿង​កសិកម្ម​មួយទៀត​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ប្រទេស​ចិន នៅ​ខែសីហា បាន​បើកផ្លូវ​ឲ្យ​កម្ពុជា​នាំចេញ​ផ្លែ​ចេក​ទៅ​ប្រទេស​របស់ខ្លួន​។ នេះ​ជា​ច្រក​ដែល​កម្ពុ​ជាមាន​ទីផ្សារ​ថ្មី​មួយទៀត ដែល​កន្លងមក ចេកអំបូង​លឿង ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម ហើយ​ប្រទេស​នេះ​នាំចេញ​បន្ត​។​
 
​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​១៣៨ ឯណោះ​ក្នុងចំណោម ១៩០​ប្រទេស ចំពោះ​នីតិវិធី​រាប់​ចាប់ពី​ការចុះបញ្ជី​ក្រុមហ៊ុន​អាជីវកម្ម រហូតដល់​យន្តការ​ពង្រឹង​ការអនុវត្ត​កិច្ចសន្យា​។ នេះ​ជា​ចំណាត់ថ្នាក់​ចេញពី​ធនាគារពិភពលោក​នៅ​ខែតុលា​។​
 
​ងាក​មក​វិស័យ​មូល​ប​ត្រ​វិញ នៅ​ខែតុលា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​ប្រភេទ​បណ្ណ​បំណុល​សាជីវកម្ម លើកដំបូង​នៅ​កម្ពុជា ដើម្បី​កៀងគរ​ទុនវិនិយោគ​បន្ថែម​ប្រមាណ ៣០​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៨ នេះដែរ ក្រុមហ៊ុន Pestech Cambodia និង​ក្រុមហ៊ុន ASA ដែល​កាន់​ភាគហ៊ុន​មួយផ្នែក​របស់​អេស៊ីលីដា បានចាប់ផ្ដើម​នីតិវិធី​ដើម្បី​ឈានដល់​ការបោះ​ផ្សាយ​មូល​ប​ត្រ​ផងដែរ​។ ត្រឹម​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន​៦ បាន​ចូល​ផ្សា​រមូល​ប​ត្រ​។​
 
​នៅ​ចុងខែ​វិច្ឆិកា ធនាគារពិភពលោក បានចេញ​របាយការណ៍​សេដ្ឋកិច្ច​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា​។ របាយការណ៍​នេះ​ផ្ដោត​សំខាន់​លើ​រឿង​ថា កម្ពុជា​អាច​នឹងមិន​សម្រេច​ទិសដៅ​ប្រទេស​សេដ្ឋកិច្ច​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ដែល​គួរ​ពន្យារ​ដល់​ឆ្នាំ​២០៣៥ ព្រោះថា​មហិច្ឆតា​នេះ​អាច​បំផ្លាញ​ទិសដៅ​ប្រទេស​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដោយសារ​បើ​បង្ខំ​ពេក​អាច​នាំ​ឲ្យ​កំណើនសេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា គ្មាន​និរន្តរភាព​សម្រាប់​រយៈពេល​វែង​។ ចំណុច​សំខាន់​ផ្សេងទៀត គឺ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ដើរ​ក្រោយ​ថៃ និង​វៀតណាម​ឆ្ងាយ​។ របាយការណ៍​នេះ​ក៏បាន​ក្រើនរម្លឹក​ឲ្យ​កម្ពុជា​កាត់បន្ថយ​សកម្ម​ភាព​ប្រថុយ​ក្នុង​វិស័យ​អចលនទ្រព្យ ពិសេស​លុយ​ដែល​បញ្ចេញ​ពី​ធនាគារ ប្រមូលផ្ដុំ​ក្នុង​វិស័យនេះ​៕

Tag:
 សេដ្ឋកិច្ច​ឆ្នាំ​២០១៨
  វិស័យសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com