អន្តរជាតិ
ប្រេ​ស៊ី​ល ចំហ​ទ្វារ​ទទួល​អាមេរិក​បង្កើត​មូលដ្ឋានទ័ព​
04, Jan 2019 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ទើប​ចូលកាន់​តំណែង ជែ​រ បុល​សូ​ណា​រ៉ូ (Jair Bolsonaro) បានលើកឡើង​ពី​លទ្ធភាព​ដែល​អាមេរិក​អាច​តាំងទ័ព​នៅលើ​ទឹកដី​ប្រទេស​អាមេរិក​ខាងត្បូង​នេះ​ក្នុង​ថ្ងៃ​អនាគត​។ ប្រធានាធិបតី​ដែល​ត្រូវគេ​ហៅថា «​ដូណ​ល់ ត្រាំ​នៅ​ប្រេ​ស៊ី​ល​» នេះ មានបំណង​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។ ស្របគ្នា​គោលដៅ​នេះ លោក បុល​សូ​ណា​រ៉ូ ក៏​នឹង​រើ​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​តាម​អាមេរិក​ដែរ​។​

 
​ត្រូវគេ​ហៅថា «​ដូ​ណា​ល់ ត្រាំ​នៅ​ប្រេ​ស៊ី​ល​» ទំនងជា​រឿង​មិន​ប្លែក​ឡើយ​សម្រាប់​ប្រធានាធិបតី​មាន​និន្នាការ​ស្ដាំនិយម​ជ្រុល ជែ​រ បុល​សា​ណា​រ៉ូ ។ លោក បុល​សា​ណា​រ៉ូ និង​សម​ភាគី​អាមេរិក ត្រាំ មាន​ចំណុច​ដូចគ្នា​ជាច្រើន​មិន​ថា​គោលនយោបាយ​ក្នុងស្រុក ជំហរ​លើ​បញ្ហា​បរិស្ថាន ឬ​ការផ្លាស់ប្ដូរ​ស្ថានទូត​នៅ​អ៊ីស្រាអែល​ឡើយ​។ ដោយសារ​គេ​ប្រដូច​ទៅនឹង​លោក ត្រាំ បែបនេះ លោក បុល​សា​ណា​រ៉ូ ក៏​បង្ហើប​ថា ប្រេ​ស៊ី​លអាច​ទទួល​កងទ័ព​អាមេរិក​ផងដែរ​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ SBT នៅ​ថ្ងៃទី​៣ ខែមករា ប្រធានាធិបតី​មាន​ប្រវត្តិ​ជា​កងទ័ព​រូបនេះ​ក៏​និយាយ​ដល់​វត្តមាន​យោធា​មហាអំណាច​នៅលើ​ពិភពលោក ដោយ​ថា អំណាច​របស់​អាមេរិក សូ​វៀត និង​ចិន​បាន​រាលដាល​ពេញ​ពិភពលោក​។ ដល់​ត្រឹមនេះ​លោក​បញ្ជាក់ថា​៖ «​ផ្អែកលើ​រឿងរ៉ាវ​ដែល​អាច​កើតឡើង​ជុំវិញ​ពិភពលោក នរណា​ដឹងថា យើង​អាច​ជជែក​ពី​ប្រធានបទ​នេះ (​ការតាំង​មូលដ្ឋានទ័ព​របស់​អាមេរិក​) នៅ​ថ្ងៃ​ខាងមុខ​បាន​។​»
 
​ការលើកឡើង​របស់លោក បុល​សូ​ណា​រ៉ូ គឺ​ស្របគ្នា​នឹង​គោលនយោបាយ​របស់លោក​ដែល​ងាក​ទៅរក​អាមេរិក​។ លោក​បាន​សន្យា​នាំ​ប្រេ​ស៊ី​ល​ដើរ​លើផ្លូវ​ទិសដៅ​ថ្មី ខុសពី​រដ្ឋាភិបាល​ឆ្វេងនិយម និង​កណ្ដាល​និយម​មុនៗ​។ មេដឹកនាំ​ថ្មី​របស់​ប្រេ​ស៊ី​ល​រូបនេះ​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ក្នុង​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​ថា ចាប់ពីពេលនេះ​តទៅ អាមេរិក និង​ប្រេ​ស៊ី​ល គឺជា​មិត្ត​។ 
 
​ក្នុង​គោលនយោបាយ​ការបរទេស​នេះ ប្រធានាធិបតី​ប្រេ​ស៊ី​ល រិះគន់​ចិន វ៉េ​ណេ​ស៊ុយ​អេ​ឡា គុយបា និង​នី​កា​រ៉ា​ហ្កា​ដូច​អាមេរិក​ដែរ​។ លោក បាន​សន្យា​ប្រើប្រាស់​គ្រប់​វិធានការ​ស្របច្បាប់​និង​តាមបែប​ប្រជាធិបតេយ្យ​ដើម្បី​ប្រឆាំងនឹង​រដ្ឋ​សង្គមនិយម​នៅ​អាមេរិក​ឡាទីន ហើយក៏​បានចាត់ទុក​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​, ប្រធានាធិបតី នី​ហ្កា​រ៉ា​កា Daniel Ortega និង​ប្រធានាធិបតី​គុយបា មី​ហ្កែ​ល ឌី​យ៉ា​ខា​ណែ​ល (Miguel Diaz-Canel) ជា​ជន​ផ្តាច់​ដែរ​។​
 
​ដើរ​ផ្លូវ​ដូច​ក្រុង​វ៉ាស៊ីនតោន​ដែរនោះ លោក បុល​សូ​ណា​រ៉ូ មិន​ប្ដូរ​ចិត្ត​ឡើង​រឿង​រើ​ស្ថានទូត​ប្រេ​ស៊ី​ល​ប្រចាំ​អ៊ីស្រាអែល​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នោះ​។ លោក​ថា ការផ្លាស់ប្ដូរ​ស្ថានទូត​នេះ គឺ​ចប់សព្វគ្រប់​ហើយ ឯ​រឿង​នៅ​សេសសល់ គឺ​ពេលណា​អនុវត្ត​ការសម្រេចចិត្ត​នេះ​ប៉ុណ្ណោះ​។ ប្រធានាធិបតី​ប្រេ​ស៊ី​ល​រូបនេះ​មិន​ខ្វល់​ពាក្យរិះគន់​របស់​ប្រទេស​អារ៉ាប់​ឡើយ តែ​ចំអក​វិញ​ថា ប្រទេស​ដែល​ប្រឆាំង​ការ​រើ​ស្ថានទូត​នេះ ជា​សម្ព័ន្ធមិត្ត​អាមេរិក​ទៀតផង​៕
 

Tag:
 ប្រេ​ស៊ី​ល​
  Jair Bolsonaro
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com