ជាតិ
អាជ្ញាធរអប្សរាប្រាប់ទៅ Amazon ឲ្យឈប់លក់សម្ភារបន្ទប់ទឹកដែលមានរូបអង្គរវត្ត
× ភ្នំពេញ៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា អាជ្ញាធរជាតិអប្សរា បានផ្ញើលិខិតទៅក្រុមហ៊ុន Amazon ឱ្យឈប់លក់ផលិតផលប្រើប្រាស់ក្នុងបន្ទប់ទឹក ដែលមានរូបប្រាសាទអង្គរវត្តបន្តទៀត។
បើតាមលោក ឡុង កុសល ខ្លឹមសារលិខិតដែលផ្ញើទៅ ក្រុមហ៊ុន Amazon មានពីរចំណុចសំខាន់ៗ គឺត្រូវបញ្ឈប់ការលក់ផលិតផលទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់តម្លៃរបស់ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណុចទី២រាល់ប្រាសាទទាំងអស់រួមមានប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀត ក្នុងដែនអភិរក្សរបស់អាជ្ញាធរជាតិអប្សរា ហាមយកទៅផ្សព្វផ្សាយក្នុងរូបភាពដែលមិនឱ្យតម្លៃ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ ៖« ការងារនេះអាជ្ញាធរជាតិអប្សរា បានធ្វើជាមួយក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ដោយមានការយកចិត្តទុកដាក់ខ្លាំងពីលោក ជំទាវ ភឿង សកុណា យើងបានផ្ញើលិខិតទៅក្រុមហ៊ុននោះហើយ។ ខ្លឹមសារសំខាន់ក្នុងលិខិតនោះ គឺយើងហាមក្រុមហ៊ុន Amazon លក់ផលិតផលទាំងនោះទៀត។ ទីពីររាល់ប្រាសាទទាំងអស់មានប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរជាតិអប្សរា ហាមយកទៅផ្សព្វផ្សាយក្នុងរូបភាពមិនឱ្យតម្លៃ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន Amazon បានផលិតសម្ភារសម្រាប់តុបតែង និងប្រើប្រាស់ក្នុងបន្ទប់ទឹកជាច្រើនប្រភេទ ដែលសម្ភារទាំងនោះបានបង្ហាញឱ្យឃើញការមិនឱ្យតម្លៃប្រាសាទអង្គរវត្ត ៕
Tag:
អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com