កីឡាជាតិ
ជាតិ
លោក ថោង ខុន នឹង​ពង្រីក​ព្រឹត្តិការណ៍ Angkor Ultra Trail ឲ្យ​កាន់តែ​ធំ​នៅ​ឆ្នាំក្រោយ​
21, Jan 2019 , 10:39 pm        
រូបភាព
ដោយ:
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ គ្រោង​ពង្រីក​ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail ឲ្យ​កាន់តែ​ធំ​នៅ​ឆ្នាំក្រោយ ដើម្បី​ពង្រីក​វិសាលភាព​ផលិតផល​ទេសចរណ៍​មួយ​នេះ​។ សម្រាប់ លោក ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​រក​ចំណូល​ជូន​ប្រជាពលរដ្ឋ​ទៀតផង​។

 
​ក្រោយ​ទទួលបាន​ជោគជ័យ​ជាមួយ​កំណើន​៣០​ភាគរយ​នៃ​ចំនួន​អ្នកចូលរួម សម្រាប់​ការរៀបចំ​លើក​ទី​៤​នៃ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Angkor Ultra Trail ដែល​បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ទី​២០ មករា សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​បញ្ជាក់ថា លោក​នឹង​ខិតខំ​ពង្រីក​ព្រឹត្តិការណ៍​នេះ ឲ្យ​កាន់តែ​ធំ​នៅ​ឆ្នាំក្រោយ​។ ការពង្រីក​នេះ គឺ​ដើម្បី​អបអរ​ខួប​លើក​ទី​៥​នៃ​ការបង្កើត​ព្រឹត្តិការណ៍​នេះ​។  


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត​រដ្ឋមន្ត្រី​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ដោយសារ​ឆ្នាំក្រោយ​ជា​ខួប​លើក​ទី​៥​នៃ​ព្រឹត្តិការណ៍​នេះ យើង​នឹង​ខិតខំ​រៀបចំ​ឲ្យ​កាន់តែ​ធំ​ជាង​នេះ​។ នៅ​ឆ្នាំនេះ​យើង​បាន​១​ពាន់​នាក់ ឆ្នាំក្រោយ​អាច​បាន​ច្រើនជាង​នេះ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​កម្ពុ​ជាជាង​១០០​នាក់​បាន​ចូលរួម ពិសេស​មាន​កីឡាករ​កម្ពុជា និង​កូន​ខ្មែរ​-​បារាំង​(Phai Laurie)​ទទួលបាន​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នេះ​ទៀតផង​»​។​
 
​ក្រៅពី​គោលបំណង​ខាងលើ គម្រោង​ពង្រីក​នេះ ក៏​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ឲ្យ​កាន់តែច្រើន​កុះករ​ផងដែរ​។ បន្ថែម​លើ​នេះ គឺ​ដើម្បី​ជួយ​បង្កើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការជួយ​រក​ចំណូល​ជូន​រដ្ឋ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។ ព្រោះ​ពេល​មាន​ព្រឹត្តិការណ៍​នេះ​ម្តងៗ មិនមែន​មានតែ​កីឡាករ​និង​កីឡាការិនី​នោះទេ ដែល​មកកាន់​ខេត្តសៀមរាប គ្រួសារ​មិត្តភក្តិ​របស់​ពួកគេ​ក៏​មក​ផងដែរ​។ 
 
​លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​នោះ រំពឹងថា តាមរយៈ​កីឡាករ​កីឡាការិនី​អន្តរជាតិ​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ខាងលើ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ឲ្យ​គេ​ស្គាល់​កាន់តែច្រើន​។ ហើយ វា​នឹង​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​ធ្វើដំណើរ​កម្សាន្ត​មកកាន់​ប្រទេស​កម្ពុជា ពិសេស​ទស្សនា​ប្រាសាទ​អង្គរ ដែលជា​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​។​


 
​ដើម្បី​ឲ្យ​គម្រោង​ពង្រីក​នេះ ទទួលបាន​ជោគជ័យ​ក្រសួងទេសចរណ៍​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​សហការ​ជាមួយ​អង្គភាព​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ​របស់​បារាំង ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​។ សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង Angkor Ultra Trail លើក​ទី​៤​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មកពី​៤២​ប្រទេស​ជាង​១​ពាន់​នាក់​ចូលរួម​។ ព្រឹត្តិការណ៍​ដែល​រៀបចំ​ពីថ្ងៃ​ទី​១៩-២០ ខែមករា ឆ្នាំ​២០១៩ មាន​៥​វិញ្ញាសា គឺ​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​, ៦៤, ៤២, ៣២ និង​១៦​គីឡូម៉ែត្រ​៕   


 

Tag:
 ​រត់ប្រណាំង​
  Angkor Ultra Trail
  លោក ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com