ONE Championship
កីឡាជាតិ
ជាតិ
ចាន់ សំអាត ប្រឹង​ហ្វឹកហាត់​ដើម្បី​ពង្រឹងសមត្ថភាព​លើស​ង្វៀន ONE Championship
27, Jan 2019 , 2:16 pm        
រូបភាព
អត្ថបទ​៖ Matias Andres ជាតិ កីឡា​ជាតិ One Championship
 
​ចាន់ សំអាត កំពុង​បង្ហាញ​ការព្យាយាម​របស់ខ្លួន​ដើម្បី​ឲ្យ​ក្លាយខ្លួនជា​កីឡាករ​ឆ្នើម​ម្នាក់​នៅក្នុង​ពិភព​ក្បាច់​ចម្រុះ តាមរយៈ​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់មាន​ក្នុង​កម្មវិធី One Warrior Series​។ ក្បាច់គុន​នេះ ហើយ​ដែល​បាន​កែប្រែ​ជីវិត​របស់​សំអាត ពី​ក្មេង​ឈាមរាវ​ទៅជា​យុវជន​ដែល​ស្រឡាញ់ និង​តស៊ូរ​នៅ​សង្វៀន​។​

 
«​ខ្ញុំ​ស្រឡាញ់​ខាង​ប្រដាល់​តាំងពី​តូច​ម្ល៉េះ តែ​អត់​ដឹង​ធ្វើ​ម៉េច​បាន​ហាត់ ព្រោះ​នៅ​ស្រុក​ខ្ញុំ​អត់​សូវ​មាន​កន្លែង​ហ្វា​ត់​ហាត់​ទេ​»​។  នេះ​ជាការ​រំលឹក​របស់ ចាន់ សំអាត ដោយ​អះអាងថា ក្បាច់គុន រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការផ្លាស់​ប្តូរជីវិត​របស់​។​
 
​កីឡាករ​រូបនេះ បាន​បញ្ជាក់ថា ខ្លួន​បាន​សុំ​គេ​ចូល​ប្រកួត​ទាំង​ខ្លួន​មិនមាន​បទពិសោធន៍​អ្វី​ទាល់តែសោះ​ក្នុង​កីឡាប្រដាល់ ប៉ុន្តែ​វា​ជា​ជំហាន​ដែល​នាំ​ឲ្យ​គេ​បាន​ប្រឡូក​ខ្លួន​។ «​គេ​ឃើញ​ខ្ញុំ​ខំ​វាយ​តស៊ូ​ខ្លាំង​អ៊ីចឹង គេ​ក៏បាន​យក​ខ្ញុំ​មក​ហាត់​នៅ​ភ្នំពេញ​តែម្តងទៅ​»​។​
 
​នៅ​ក្លិប Cambodian Top Team (CTT) សំអាត មានឱកាស​អនុវត្ត​ជាមួយ​កីឡាករ​ខ្លាំងៗ ដែល​ធ្លាប់បាន​បង្ហាញខ្លួន​នៅ One Championship ដូចជា រិ​ន សារ​ត្ន័ និង​ពន្លក​ថ្មី នៅ ស្រី​ពៅ ជាដើម​។ 
 
​កាលពី​ឆ្នាំ ២០១៥ ONE Championship បានមក​រៀបចំ​ព្រឹត្តិការណ៍ ONE: KINGDOM OF KHMER
​នៅ​រាជធានី​ភ្នំពេញ សំអាត ក៏មាន​វត្តមាន​ប្រកួត​ក្នុង​សង្វៀន​ធំ​នោះដែរ​។ ប៉ុន្តែ​ទើបតែ​ឆ្នាំមុន​ដែល​គាត់​បាន​រីក​មុខមាត់​ខ្លាំង​ក្នុង​វិស័យ​គុន​ចម្រុះ ពីព្រោះ​គាត់​បាន​វាយ​គូប្រជែង​ថៃ Detchadin Srosirisuphathin ឲ្យ​សន្លប់​តែ​ក្នុង​ទឹក​ទីមួយ​ក្នុង​កម្មវិធី One Warrior Series (OWS)​។​
 
​សំអាត​បន្ថែមទៀតថា​៖ «​ប្រកួត​នៅ​សិង្ហ​បុរី ខ្ញុំ​មានសង្ឃឹម​ប្រហែល ៥០​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​កាលនោះ​មាន​លោកគ្រូ​ចាន់​រាជ បងស្រី​បងប្រុស​ខ្ញុំ​ទៅ​ជួយ​គាំទ្រ​ខ្ញុំ​។ លោកគ្រូ​ប្រាប់​ខ្ញុំ​ពី​របៀប​វាយ ប៉ុន្តែ​គាត់​និយាយ​ធម្មតា ដោយ​មិន​ស្រែក​នោះឡើយ​។ ខ្ញុំ​ស្តាប់​តាម​គិត​រហូត​ទទួលបាន​ជ័យជម្នះ​»​។​
 
​ថ្វីបើ សំអាត មិនសូវ​បាន​ប្រកួត​គុន​ចម្រុះ​ច្រើន​ក៏ដោយ ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៩ កីឡាករ​រូបនេះ សំរុក​ប្រឹង​ហាត់​ខ្លាំង​ជាង​មុន​ឆ្ងាយ​។ ដូច​កីឡាករ​ផ្សេងៗ​ដែរ សំអាត​ជឿជាក់ថា​វិស័យ​កីឡា​នៅ​កម្ពុជា​នឹង​ឆាប់​ផ្តើម​រីកចម្រើន​ខ្លាំង​ឆាប់ៗ​។ 
 
«​ថ្ងៃក្រោយ ខ្ញុំ​ចង់​ចាប់យក​ទាំង​គុន​ខ្មែរ និង​គុន​ចម្រុះ​។ និយាយ​ទៅ​ចង់​ចេះ​ជំនាញ​ច្រើន តែ​តាមចិត្ត​ខ្ញុំ​ចង់​គុន​ចម្រុះ​ជាង ដោយសារ​វា​មិនសូវ​ឈឺខ្លួន​ខ្លាំង​»​។ 
 
​ថ្ងៃអាទិត្យ​នេះ សំអាត និង រិ​ន សារ​ត្ន័ នឹងត្រូវ​ឡើង​ប្រកួត​នៅ Phnom Penh Kun Khmer​។ 
 
​គាត់​រៀបរាប់​ប្រាប់​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​កក់ក្តៅ​បាន​សារ​ត្ន័​ប្រកួត​ថ្ងៃ​ជាមួយ​។ រ​ត្ន័​ប្រកួត​ពេលព្រឹក ហើយ​ខ្ញុំ​ប្រកួត​ពេល​ល្ងាច​។ ឥឡូវ​ខ្ញុំ​បាន​ហាត់​គ្រប់គ្រាន់ អីចឹង​ខ្ញុំ​មិន​បារម្ភ​ទេ​»​។ 
 
​អ្វីដែល​គួរ​ឲ្យ​ចម្លែក​នោះ​គឺ សំអាត ថា​គាត់​មិន​ចង់​ស្គាល់​ពី​ដៃគូ​ប្រកួត​របស់ខ្លួន​មុន​ឡើយ​។ គាត់​ប្រាប់ថា គាត់​មិន​ចង់​ស្វែងយល់​ពី​គូប្រកួត​ទេ គឺ​គាត់​ចង់​ដើរចូល​សង្វៀន​ជាមួយ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​វិញ​។ 
 
«​ខ្ញុំ​អត់​ចង់​ភ័យ​ថា​គេ​ពូកែ​ប្រើ​ស្នៀត​អី​ដើម្បី​វាយ​ទេ​។ អ្វីដែល​ខ្ញុំ​គិត​នោះ​គឺថា គេ​ជា​គូប្រយុទ្ធ​យើង អីចឹង​ត្រូវ​ដើរ​ចូលទៅ​វាយ​គេ​”៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com