ជាតិ
បារាំងបន្តជួយជួសជុលប្រាសាទមេបុណ្យខាងលិច រូបភាព៖អាជ្ញាធរអប្សរា
× សៀមរាប៖ ប្រាសាទមេបុណ្យខាងលិច ត្រូវបានចាប់ផ្តើមជួសជុលកាលពីឆ្នាំ២០១២ ដោយវិទ្យាស្ថានបារាំងចុងបូព៌ា ហៅកាត់ថា EFEO និងអាជ្ញាធរជាតិអប្សរា។ ក្នុងអំឡុងពាក់កណ្ដាលឆ្នាំ ២០១៨កន្លងទៅ ដោយសារបញ្ហាកង្វះថវិកា ជំរុញឱ្យវិទ្យាស្ថានបារាំងចុងបូព៌ា ផ្អាកគម្រោងជួសជុលបណ្ដុះអាសន្ន។ កាលពីដើមខែមករា ឆ្នាំ២០១៩ ស្ថានទូតបារាំងប្រចាំកម្ពុជាបានសម្រេចចូលរួមក្នុងកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទមេបុណ្យខាងលិច ដែលនេះសបញ្ជាក់ថា បារាំងនៅតែបន្តការដ្ឋានជួយជុលប្រាសាទនេះរហូតដល់បញ្ចប់។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រាសាទមេបុណ្យខាងលិចនៅថ្ងៃទី១១ កុម្ភៈ អគ្គនាយកស្ដីទីអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ លើកឡើងថា ការដ្ឋាននេះបានចាប់ផ្តើមដំណើរឡើងវិញចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩មក តាមរយៈកិច្ចសហប្រតិបត្តិការរវាងស្ថានទូតបារាំង និងអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ ស្ថានទូតបារាំងក៏បានប្រគល់នូវរថយន្តចំនួន២គ្រឿងដល់អាជ្ញាធរជាតិអប្សរា ដើម្បីប្រើប្រាស់ក្នុងការដ្ឋាននេះផងដែរ។
លោក គីយូម ណាកហ្សឺឡេ (Guillaume NARJOLLET) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំង និងជាសហប្រធានក្នុងគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច បានឱ្យដឹងថា លោករំពឹងថា ការដ្ឋាននេះអាចនឹងបញ្ចប់ក្នុងរយៈពេល៣ឆ្នាំទៀត។ យ៉ាងណា លោកថាការដ្ឋាននេះមានបញ្ហាប្រឈមខ្លាំងជាងកន្លែងដទៃ ដ្បិតនៅកណ្ដាលបារាយណ៍ខាងលិច ដែលពន្យឺតដល់ដំណើរការជួសជុលនេះ។
ប្រាសាទមេបុណ្យដែលស្ថិតនៅចំកណ្ដាលបារាយណ៍ទឹកថ្លា បានចាប់ផ្តើមជួសជុលឡើងវិញចាប់ពីឆ្នាំ ២០១២មក ដោយវិទ្យាស្ថានបារាំងចុងបូព៌ា បន្ទាប់ពីស្ថាប័ននេះបញ្ចប់គម្រោងជួសជុលប្រាសាទបាពួន។ ការដ្ឋាននេះមានភាពស្មុគស្មាញ ដោយសារវាស្ថិតនៅចំកណ្ដាលបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ដែលត្រូវបានលិចទឹកព័ទ្ធជុំវិញស្ទើរតែពេញមួយឆ្នាំ បង្កឱ្យមានការលំបាកក្នុងការដឹកជញ្ជូនសម្ភារ ក៏ដូចជាតំឡើងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ បញ្ហានេះត្រូវបានដោះស្រាយដោយអាជ្ញាធរជាតិអប្សរា ដោយបានជួយបច្ចេកទេសទឹកនៅក្នុងការងារនេះ ដើម្បីអនុញ្ញាតឱ្យដំណើរការ១២ខែក្នុងមួយឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com