ONE Championship
កីឡាជាតិ
ជាតិ
គង់ សំបូរ ត្រលប់​ចូលប្រលូក​គុន​ខ្មែរ​វិញ នៅ​សង្វៀន​ទើប​បើក​ថ្មី​ក្នុង​ខេត្តសៀមរាប​
24, Mar 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​អ្នក​ប្រដាល់ គង់ សំបូរ របស់​ក្លិប​អាណាចក្រ​ប្រយុទ្ធ បាន​ឡើង​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship លើកដំបូង​នៅ ONE: CALL TO GREATNESS ក្នុងប្រទេស​សិង្ហ​បុរី ដោយ​បរាជ័យ ក្រោម​ថ្វីដៃ​អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​ចិន Zhang Chenglong​។​

 
​ថ្វីបើ​ចាញ់​ពិន្ទុ​មិន​ឯកច្ឆន្ទ​ក្រោយ​ប្រយុទ្ធ​គ្នា​៣​ទឹក សំបូរ បានបង្ហាញ​ភាព​នឹងធឹង​អស្ចារ្យ​នៅក្នុង​ការប្រកួត​ក្រៅប្រទេស​លើក​ទី​១​របស់គេ​និង​នៅ​ពីមុខ​ទស្សនិកជន​ដ៏​ច្រើន​កុះករ​។​
 
​សំបូរ ប្រាប់ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ពីរ​ផ្សេងគ្នា​ពី​ការប្រកួត​របស់ខ្ញុំ​។ អារម្មណ៍​មួយ​គឺ​ខ្ញុំ​មិនសូវ​ពេញចិត្ត​ទេ​ព្រោះ​ខ្ញុំ​គិតថា​ខ្ញុំ​គួរតែ​ធ្វើបាន​ប្រសើរ​ជាង​នេះ តែ​អារម្មណ៍​មួយទៀត​គឺ​ខ្ញុំ​មាន​មោទកភាព​ដែរ​។ ខ្ញុំ​គិតថា​ខ្ញុំ​មិន​អន់​ពេក​ទេ​សម្រាប់​ការប្រកួត​ខ្នាត​ធំ​លើកដំបូង​របស់ខ្ញុំ​ក្នុង​ស្ថាប័ន​ក្បាច់គុន​ដ៏​ធំ​មួយ​នេះ​»​។​
 
​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ កីឡាករ​វ័យក្មេង​ប្រកបដោយ​ទេពកោសល្យ​របស់​កម្ពុជា​នឹង​ព្យាយាម​ត្រលប់មក​វិថី​ជ័យជម្នះ​វិញ​នៅពេល​គេ​ឡើង​ប្រកួត​គុន​ខ្មែរ​នៅ​សង្វៀន​ទើប​សម្ពោធ​ថ្មី​ក្នុង​ខេត្តសៀមរាប​។​
 
​សំបូរ បញ្ជាក់ថា​៖ «​បាទ ពិតមែន​ហើយ​! ខ្ញុំ​នឹង​វ៉ៃ​ជាមួយ Ti Punlaet​។ បន្ទាប់ពី​បាន​មើល​ការប្រកួត​របស់ខ្ញុំ​នៅ​សិង្ហ​បុរី​ឡើងវិញ ខ្ញុំ​កំពុង​ផ្ដោត​បន្ថែម​លើ​កណ្ដាប់ដៃ​និង​កែង​។ ជើង​របស់ខ្ញុំ​ខ្លាំង ប៉ុន្តែ​ដៃ​នៅតែ​ជា​ចំណុចខ្សោយ​របស់ខ្ញុំ ហើយ​ខ្ញុំ​កំពុង​កែប្រែ​វា​»​។​
 
​សំបូរ បន្តថា​៖ «​ក្នុងការ​ប្រកួត​ទី​១​របស់ខ្ញុំ​នៅ ONE ខ្ញុំ​មិនបាន​បញ្ចេញ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បានឡើយ តែ​វា​ជា​បទពិសោធ​មួយ ហើយ​ខ្ញុំ​រៀនសូត្រ​បាន​ច្រើន​ពី​ការប្រកួត​នោះ​»​។​
 
​ខណៈ​មិនទាន់​ដឹងថា​ពេលណា​នឹង​ទទួលបាន​ឱកាស​ពី ONE Championship ជាថ្មី​នោះ សំបូរ ប៉ង​បន្ត​សម្រួច​ជំនាញ​របស់គេ​ក្នុង​សង្វៀន​និង​ចង់​មាន​សកម្មភាព​ច្រើន​លើស​ង្វៀន​ក្នុងស្រុក​។​
 
​សំបូរ លើកឡើងថា​៖ «​ខ្ញុំ​ចង់​វ៉ៃ​មួយខែ​ពីរដង​សម្រាប់​ខែ​ខាងមុខៗ ទល់នឹង​កីឡាករ​ខ្មែរ​និង​ថៃ​។ ខ្ញុំ​នឹង​ព្យាយាម​ពង្រឹង​គ្រប់​អាវុធ​របស់ខ្ញុំ​រួមទាំង​ល្បឿន​ផងដែរ​ដើម្បី​បង្ហាញថា​ខ្ញុំ​សម្រប​ខ្លួន​បាន​បែបណា ហើយ​៤​ទៅ​៥​ខែ​ទៀត​ខ្ញុំ​ប្រហែល​ស្ថិតក្នុង​កម្រិត​មួយ​ដែល ONE Championship ពិចារណា​លើ​ខ្ញុំ​ជាថ្មី​»​។​
 
​ថ្វីបើ​ជួប​បរាជ័យ​នៅ ONE Championship ប៉ុន្តែ​ក្លិប KFG មាន​ឆ្នាំ​ដំបូង​ដ៏​ជោគជ័យ ដោយ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ​ទទួលបាន​វីរបុរស K1 Ernesto Hoost និង​តារា ONE Championship Andy Souwer ជា​ទូត​សុ​ឆន្ទៈ​របស់​ពួកគេ​។​
 
​ជាមួយនឹង​ឱកាស​ជាច្រើន​នៅខាងមុខ​និង​ការ​បំផុសទឹកចិត្ត​ពី​ក្លិប​របស់គេ​ផង​នោះ សំបូរ មាន​ទំនុកចិត្ត​ចំពោះ​អនាគត​របស់គេ​និង​ការប្រកួត​បន្ទាប់​។​
 
​សំបូរ បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​វា​នឹង​មិនមែនជា​ការប្រកួត​ងាយស្រួល​ទេ ព្រោះ Ti មាន​បទពិសោធ​ច្រើន​និង​ជា​អ្នក​ប្រដាល់​ល្អ​ម្នាក់​។ ខ្ញុំ​បាន​មើល​ការប្រកួត​របស់គាត់​និង​ដឹងថា​ឱកាស​របស់ខ្ញុំ​នៅទីណា​ខ្លះ​។ ខ្ញុំ​មាន​អារម្មណ៍​វិជ្ជមាន​ក្នុងការ​យកជ័យ​ជម្នះ​ក្នុងការ​ប្រកួត​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ វា​នឹង​ជាការ​ប្រកួត​មួយ​ដ៏​អស្ចារ្យ​និង​ប្រកបដោយ​គុណភាព​ដែល​អ្នក​ទាំងអស់គ្នា​មិនគួរ​រំលង​»៕
 

Tag:
 ONE Championship
  គង់ សំបូរ​
© រក្សាសិទ្ធិដោយ thmeythmey.com