អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលិសថៃថា «ស្លាកប្រជាជន» ដែលបាតុករដាក់នៅក្បែររាជវាំង ត្រូវបានដកចេញ
21, Sep 2020 , 1:25 pm        
រូបភាព
ស្លាក របស់ប្រជាជន ដែលបាតុករដាក់នៅទីលានSanam Luang មុខព្រះបរមរាជវាំងថៃ។ រូបភាព៖ AFP
ស្លាក របស់ប្រជាជន ដែលបាតុករដាក់នៅទីលានSanam Luang មុខព្រះបរមរាជវាំងថៃ។ រូបភាព៖ AFP
ដោយ:
នៅថ្ងៃទី ២១ ខែកញ្ញានេះ ប៉ូលិសថៃបាននិយាយថា ស្លាកមួយដែលបាតុករដាក់នៅក្បែរព្រះបរមរាជវាំងថៃត្រូវបានដកចេញ។ បាតុករដែលទាមទារកំណែរទម្រង់របបរាជានិយម បានដាក់ស្លាកនោះ ជាប់ជាមួយបេតុងនៅទីលានមុខព្រះបរមរាជវាំងថៃ អំឡុងពេលបាតុកម្ម នៅថ្ងៃទី២០ ខែកញ្ញា។



កាលពីថ្ងៃទី១៩ និងទី២០កញ្ញា ប្រជាជនថៃប្រមាណ៥ម៉ឺននាក់បានធ្វើបាតុកម្មដង្ហែរក្បួន ចេញពីបរិវេណសាកលវិទ្យាល័យThammasat ទៅទីលានSanam Luang នៅមុខព្រះបរមរាជវាំងថៃ។ ទីលាន Sanam Luang នេះហើយដែលបាតុករ ដាក់ស្លាកមួយនៅចំទីលាននោះ។ បាតុករបាកដាក់ញត្តិទាមទារកំណែរទម្រង់របបរាជានិយមថៃ ទៅឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ស្ដេចថៃ ពុំបានគង់នៅក្នុងប្រទេសអំឡុងពេលបាតុកម្មឡើយ។

ស្លាករាងរង្វង់ និងស្រោបដោយពណ៌មាស ត្រូវបានបាតុករដាក់ឈ្មោះថា  «ស្លាករបស់ប្រជាជន» ដោយមានសញ្ញាលើកម្រាមដៃ៣ឡើងទៅលើដែលប្រើប្រាស់ដោយបាតុករប្រជាធិបតេយ្យនិយម និងមានអក្សរសសេរនៅជុំវិញថា «ប្រទេសនេះ ជាកម្មសិទ្ធិរបស់ប្រជាជន និងមិនមែនជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រដូចដែលធ្លាប់បានបញ្ឆោតឡើយ»។

ប៉ុន្តែស្លាកនេះ ក៏បាត់ទៅវិញដោយគ្មានអ្នកដឹង។ ស្នងការរងប៉ូលិសទីក្រុងបាងកក លោក Piya Tawichai បានអះអាងថា  លោកទទួលបានដំណឹងថា ស្លាកនោះត្រូវបានដកចេញ។  ប៉ុន្តែលោកពុំដឹងថាគេដកចេញដោយរបៀបណា ឬដោយអ្នកណាឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Piya បញ្ជាក់ថា ប៉ូលិសកំពុងផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរក្រុងបាងកក ដើម្បីស្វែងរកអ្នកដែលដកស្លាកនោះ ដើម្បីយកមកធ្វើជាភស្តុតាងចោទប្រកាន់ក្រុមបាតុករចំពោះអំពើល្មើសច្បាប់។

ស្លាកដែលបាតុករថៃ ដាក់នៅទីលាន Sanam Luang មុខព្រះបរមរាជវាំងថៃ គឺស្រដៀងទៅនឹងស្លាកដែលគេដាក់ក្រោយការផ្តួលរលំរបបរាជានិយមផ្តាច់ការថៃ ក្នុងឆ្នាំ១៩៣២។ ប៉ុន្តែក្រោយការឡើងសោយរាជ្យរបស់ព្រះមហាក្សត្រ មហាវជិរាលង្ករណ៍ ស្លាកនេះត្រូវបានគេដកចេញក្នុងឆ្នាំ២០១៧ ។

បាតុកម្មបានបញ្ចប់ហើយ ឯប៉ូលិសថៃកំពុងសិក្សាផ្លូវច្បាបដើម្បីចាត់វិធានការលើមេដឹកនាំបាតុកដែលភាគច្រើនជានិស្សិត។ ប្រភពព័ត៌មានដដែឡបន្តថាំ មន្ត្រីប៉ូលិសចំនួន៤០នាក់ កំពុងសិក្សាលើអ្នកដែលចេញមុខនិយាយលើឆាកពេលធ្វើបាតុកម្ម ដើម្បីស្វែងរកភស្តុតាង ដែលនឹងអាចឈានទៅដល់ការចោទប្រកាន់ផងដែរ។

ក្រោយបាតុកម្មបានបញ្ចប់ទៅ លោកប្រាយុទ្ធ ចាន់អូចា បានអរគុណដល់មន្ត្រីរដ្ឋាភិបាលក្នុងការសហប្រតិបត្តិការរក្សាច្បាប់ និងសណ្តាប់ធ្នាប់ អំឡុងពេលបាតុកម្ម។ យ៉ាងណាមិញ បាតុកម្មថ្មីមួយទៀត គ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ខណៈមេដឹកនាំបាតុកម្ម បានអំពាវនាវឲ្យប្រជាជនថៃ មិនទៅធ្វើការនៅថ្ងៃទី១៤ ខែតុលា ដើម្បីជានិម្មិតរូបនៃការគាំទ្រកាតវ៉ារបស់ពួកគេ៕

អត្ថបទទាក់ទង

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com