ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ចាប់ផ្តើម​នាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ​ទៅ​ចិន ចំនួន​ជិត​៦០​តោន​
04, Dec 2020 , 11:29 am        
រូបភាព
កម្មករ​ប្រុស​-​ស្រី​របស់​ក្រុមហ៊ុន ហ៊ុន ទី កំពុង​វេច​ខ្ចប់​ផ្លែ​ស្វាយកែវ​រមៀត សម្រាប់​នាំចេញ​ទី​ផ្ដា​រ​ប្រទេស​ចិន​ជា​ផ្លូវការ​។ រូបថត​៖ ហ្វេ​ស​ប៊ុ​ក លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម​។
កម្មករ​ប្រុស​-​ស្រី​របស់​ក្រុមហ៊ុន ហ៊ុន ទី កំពុង​វេច​ខ្ចប់​ផ្លែ​ស្វាយកែវ​រមៀត សម្រាប់​នាំចេញ​ទី​ផ្ដា​រ​ប្រទេស​ចិន​ជា​ផ្លូវការ​។ រូបថត​៖ ហ្វេ​ស​ប៊ុ​ក លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម​។
​ភ្នំពេញ​៖ កម្ពុជា ចាប់ផ្តើម​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន​៥៨,៣៥០​តោន ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ ក្រុមហ៊ុន ហ៊ុន ទី។ នេះ​ជា​លើកឡើង​របស់ វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​នេះ បាន​នាំចេញ​ស្វាយ​ស្រស់​របស់​កម្ពុជា លើក​ដំបូក​ចំនួន​មួយ​កុងតឺន័រ​(Container)​ដែលមាន​ទម្ងន់​២៩,៨៥​តោន ទៅកាន់​ប្រទេស​ចិន កាលពី​ទី​១​ធ្នូ ដោយ​សង្ឃឹម​នឹង​ទៅដល់ នា​ថ្ងៃទី​៤​ធ្នូ​។ សម្រាប់​ការដឹកជញ្ជូន​ស្វាយ​របស់​កម្ពុជា​លើក​ទី​ពីរ​ចំនួន​២៨,៨​តោន នឹង​ទៅដល់​ចិន​នៅ​ថ្ងៃទី​៥ ធ្នូ ឆ្នាំ​២០២០​។

 
​លោក វេ​ង សាខុន បានបញ្ជាក់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៤​ធ្នូ​នេះ ថា ក្រុមហ៊ុន ហ៊ុន ទី បាន​នាំ​ស្វាយ​ស្រស់​របស់​កម្ពុជា​ទៅ​ចិន ដោយ​ឆ្លង​ការ​ប្រទេស​វៀតណាម​។  បើតាម​រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រូបនេះ ក្រុមហ៊ុន​នេះ ក៏បាន​នាំចេញ​ស្វាយ​កម្ពុជា​ទៅ​ចិន​ជា​លើក​ទី​បី នា​ព្រឹក​ថ្ងៃទី​៤​ធ្នូ  ផងដែរ​។ 


ឡាន Container  របស់​ក្រុមហ៊ុន ហ៊ុន ទី បាន​ដឹក​ផ្លែស្វាយ​កែវ​រមៀត ទៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​។ រូបថត​៖ ហ្វេ​ស​ប៊ុ​ក លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម​។​ 

​ក្រុមហ៊ុន​បាន​អះអាង​ប្រា​ប់លោក វេ​ង សាខុន ថា ការរៀបចំ​កិច្ចដំណើរការ ប្រមូល​ផល​ស្វាយ ការរៀបចំ​លៀង​សម្អាត ការបែងចែក​ចំណាត់ថ្នាក់​ស្វាយ ការសម្លាប់​សមាសភាព​ចង្រៃ ការ​វេច​ខ្ចប់ ការរៀបចំ​ទុកដាក់​បញ្ចូល​ទៅក្នុង​Container និង​ការដឹកជញ្ជូន​ទៅកាន់​ប្រទេស​ចិន គឺ​ពុំមាន​ជួប​បញ្ហា​ប្រឈម​ណាមួយ​ឡើយ​។ ក្រុមហ៊ុន​នេះ មាន​គម្រោង​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​ឱ្យបាន​ពី ៥០​ទៅ​៣០០ Containers (​ទម្ងន់​១,៥០០​ទៅ ៨,៤០០​តោន​) ក្នុង​មួយថ្ងៃ នៅពេលដែល​មជ្ឈមណ្ឌល Agricultural Industrial Zone & Economic Zone ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ថ្មី (​ល្បឿន​លឿន​) ដែលមាន​ចម្ងាយ​ប្រមាណ​ជា ១២៩​គីឡូម៉ែត្រ​ពី​ភ្នំពេញ ត្រូវបាន​កសាង​រួចរាល់​។ 
 
​បើតាម​លោក វេ​ង សាខុន ក្រុមហ៊ុន ហ៊ុន ទី ក្រោយពី​បញ្ចប់​ការសាងសង់ និង​ដំឡើង​ឧបករណ៍​សម្លាប់​សមាស​ភាព​ចង្រៃ​(​ពងរុយ​)​ក្នុង​ផ្លែស្វាយ​រួចរាល់​មក ក៏​ចាប់ផ្តើម​ដឹកជញ្ជូន​ស្វាយ​ពី​ចម្ការ​មក​សម្អាត និង​វេច​ខ្ចប់ ដោយបាន​ចាប់ផ្តើម​បណ្តុះបណ្តាល​កម្មករ​ចំនួន​៧០​នាក់ និង​ប្រើប្រាស់​រយៈពេល​បី​ថ្ងៃ ដើម្បី​ដាក់បញ្ចូល​ផ្លែស្វាយ​ទៅក្នុង​មួយ​កុងតឺន័រ​។  ក្រុមហ៊ុន ហ៊ុន ទីសង្ឃឹមថា ក្រោយ​ទទួលបាន​បទពិសោធន៍​ពី​ការលៀង​សម្អាត​និង​វេច​ខ្ចប់​ផ្លែស្វាយ ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ នឹង​ជួយ​ដល់​ក្រុមហ៊ុន​បង្កើនល្បឿន​នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នាពេលខាងមុខ​។ ក្រុមហ៊ុន ហ៊ុន ​ទី បាន​បោះទុន​វិនិយោគ​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ការលាង​សម្អាត ការ​វេច​ខ្ចប់ ការបង្កើត​ឃ្លាំង​ស្តុក​ត្រជាក់ សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា កាលពី​ឆ្នាំ​២០១៧​។​
 
​សូម​រម្លឹកថា កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​បាន​ចំនួន​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ ក្រោយ​ភាគី​ទាំងពីរ​បានរៀបចំ​ផ្លាស់ប្តូរ​ពិធីសារ​នាំ​ផ្លែស្វាយ​ជា​ផ្លូវ កាលពី​ថ្ងៃទី​៩​មិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ 
 

Tag:
 កសិកម្ម​
 ​ស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com