COVID-19
ជាតិ
សុខភាព
នាយករដ្ឋមន្ត្រី បញ្ជាអាជ្ញាធរគ្រប់រាជធានី-ខេត្ត ឲ្យដើរបិទហាងណា ដែលមិនគោរពវិធានការទប់ស្កាត់កូវីដ
× ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាទៅកាន់គ្រប់អភិបាលរាជធានី-ខេត្ត ឲ្យដើរពិនិត្យមើលតាមផ្សារ តាមភោជនីយដ្ឋាន និង តាមហាងលក់ដូរគ្រប់ភេទ ហើយត្រូវណែនាំទីតាំងទាំងអស់នោះ ឲ្យបានអនុវត្តឲ្យបានហ្មត់ចត់លើវិធានការការពារជំងឺកូវីដ-១៩ ដែលចេញដោយក្រសួងសុខាភិបាល។ ក្នុងករណីហាងឬទីតាំងណា នៅតែមិនអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល នាយករដ្ឋមន្ត្រី ប្រាប់ឲ្យបិទហាងឬទីតាំងនោះជាបណ្តោះអាសន្នសិន។
តាមរយៈសារជាសំឡេងជាង១០នាទី ដែលផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ហើយត្រូវបានចែករំលែកតៗគ្នាតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះថា៖«បើទីកន្លែងនោះមិនព្រមអនុវត្តទេ សូមប្រើអំណាចរបស់រដ្ឋបាលខេត្ត-រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន»។
វិធានការរបស់ក្រសួងសុខាភិបាល ដែលសម្តេចនាយករដ្ឋមន្ត្រី លើកឡើងនោះ មានដូចជា រក្សាគម្លាតសុវត្ថិភាព និង ពាក់ម៉ាស់ ជាដើម។ សម្តេច បន្តថា មិនមែនតែបុគ្គលិកតាមហាងនោះទេ សូម្បីតែភ្ញៀវ ក៏ត្រូវពាក់ពាក់ម៉ាស់ដែរ។
កន្លងមក ប្រមុខរដ្ឋាភិបាល សង្កេតឃើញនៅតាមបណ្តាហាងលក់ទំនិញមួយចំនួន មិនបានបំពេញគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះឡើយ។ ទន្ទឹមនឹងនឹះ ប្រមុខរដ្ឋាភិបាល ក៏សង្កេតឃើញដែរ ពីការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋាន ដែលជាផ្នែកមួយបណ្តាឲ្យមានការឆ្លងជំងឺកូវីដ-១៩ នៅតាមសហគមន៍។
រដ្ឋាភិបាល ចាត់វិធានការកាន់តែតឹងរឹងបែបនេះ គឺបន្ទាប់ពី កម្ពុជា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាប្រចាំថ្ងៃ ក្នុងរយៈពេលចុងក្រោយនេះ។ ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ បានកើនដល់៣០ករណីហើយ ខណៈករណីឆ្លងនៅកម្ពុជាទាំងមូល ឡើងដល់៣៤៦ករណី ដោយជាសះស្បើយ៣០៦ករណី៕
Tag:
COVID-19
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com