COVID-19
សេដ្ឋកិច្ច
ត្រឹម១៥ម៉ោង រដ្ឋាភិបាល ទទួលបានថវិកាជាង១៨លានដុល្លារពីសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងការពារកូវីដ រូបភាព៖ Reuters
× គ្រាន់តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ផ្តើមប្រកាសលើទំព័រហ្វេសប៊ុក នៅម៉ោងប្រមាណ៦កន្លះយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ពីការត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សប្បុរសជននានា ជាពិសេសអ្នកមានទ្រព្យ បានចេញមុខបន្តបន្ទាប់គ្នា ស្ម័គ្រចិត្តបរិច្ចាគថវិកាដល់ខ្ទង់លានដុល្លារក្នុងម្នាក់ៗ ជូនទៅរដ្ឋាភិបាល។
ព័ត៌មានដែលសម្តេចនាយករដ្ឋមន្រ្តី បង្ហាញលើទំព័រហ្វេសប៊ុក បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូនេះ ដែលមានរយៈពេលប្រមាណ១៥ម៉ោង ចាប់តាំងពីការប្រកាសត្រៀមទិញវ៉ាក់សាំងការពារកូវីដ-១៩ រដ្ឋាភិបាល ទទួលបានបានថវិកាជាង ១៨លានដុល្លារហើយ ដែលជាការបរិច្ចាគ របស់ក្រុមសេដ្ឋីស្រុកខ្មែរ និងសប្បុរសជននានា។ អ្នកបរិច្ចាគទាំងនោះ មានដូចជា ឧកញ៉ា ចេន ហ្ស៊ី ៣លានដុល្លារ, ក្រុមហ៊ុន ជីប ម៉ុង គ្រុប ៣លានដុល្លារ, ឧកញ៉ា គិត ម៉េង ៣លានដុល្លារ, ឧកញ៉ា ហុង ពីវ ៣លានដុល្លារ, ឧកញ៉ា ឡេង ណាវ៉ាត្រា ១លានដុល្លារ ។ល។
ប្រមុខរដ្ឋាភិបាល សរសេរលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៨ខែធ្នូនេះ យ៉ាងដូច្នេះថា៖«បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំ បានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ-១៩មក មានចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំ ចាត់ទុកថា នេះជាខឿនការពារសុខភាពរបស់ប្រជាជន…»។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល អរគុណដល់សប្បុរសជន ដែលចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
តាមរយៈសារជាសំឡេង ដែលផ្ញើជូនទៅគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលយប់មិញ (៧ធ្នូ) សម្តេចនាយករដ្ឋមន្រ្តី លើកជាយោបល់ថា អ្នកដែលមានអាទិភាពមុនគេ ក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេលវ៉ាក់សាំងនេះ ចូលមកដល់កម្ពុជា គឺគ្រូពេទ្យ ហើយបន្ទាប់មក គ្រូបង្រៀន និង កងកម្លាំងប្រដាប់អាវុធ...។
សប្បុរសជននានា អាចបរិច្ចាគថវិកាជូនរដ្ឋាភិបាល តាមរយៈគណនីលេខ 001249176 ដែលមានឈ្មោះថា TEP SOTHY នៃធនាគារ ABA។
បច្ចុប្បន្ន ចំនួនអ្នកជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានកើនដល់៣៤នាក់ហើយ។ ចំនួននៃអ្នកឆ្លងកូវីដ-១៩នៅក្នុងសហគមន៍នេះ បានធ្វើឱ្យកម្ពុជាទាំងមូល មានអ្នកឆ្លងជំងឺនេះចំនួន៣៥០នាក់ ក្នុងនោះ មាន៣០៧នាក់ បានជាសះស្បើយ។ រីឯអ្នក៣៣នាក់ទៀត កំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com