ជាតិ
សង្គមជាតិ
ក្រសួង​ពីរ​រួមគ្នា​បង្កើត​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បទល្មើស វិធានការ​អនាម័យ និង​បរិស្ថាន​ក្នុងភូមិ​-​ឃុំ
11, Dec 2020 , 3:29 pm        
រូបភាព
រូបភាពពីក្រសួងមហាផ្ទៃ
រូបភាពពីក្រសួងមហាផ្ទៃ
ដោយ:
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ និង​ក្រសួងបរិស្ថាន បានរួម​គ្នា​បង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​អនុវត្ត​វិធានការ​អនាម័យ និង​បរិស្ថាន​នៅ​គ្រប់​ភូមិ ឃុំ​។ នេះ​បើតាម​សេចក្តីប្រកាស​អន្តរក្រសួង​ទាំងពីរ​ដែល​ចាត់តាំង​លោក ម៉ៅ ច័ន្ទ​តារា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន សម្រាប់​ដឹកនាំ​ការងារ​នេះ​ជាមួយនឹង​សមាជិក​ចំនួន​១៣​នាក់​ទៀត​។

 
​តួនាទី​របស់​មន្ត្រី​ការងារ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព គឺ​ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​ក្នុងភូមិ ឃុំ ដោយ​ចាត់វិធានការ​លុបបំបាត់​សកម្មភាព លួច ឆក់ ប្លន់ គ្មាន​ការផលិត ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន គ្មាន​អំពើ​អាណា​ចា​រ្យ ការជួញដូរ​ស្ត្រី និង​កុមារ និង​អំពើហិង្សា​ក្នុង​គ្រួសារ គ្មាន​ក្មេង​ទំនើង និង​គ្មាន​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្មាន​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​។ នេះ​បើតាម​ផែនការ​ណែនាំ​ស្តីពី​ការចាត់តាំង​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​។​
 
​មន្ត្រី​ការងារ​ទាំងនោះ​ក៏​នឹង​ត្រួតពិនិត្យ និង​ដាក់បញ្ចូល​វិធានការ​អនាម័យ និង​បរិស្ថាន​នៅក្នុង​ភូមិ ឃុំ​។ សិក្សា ពិនិត្យ និង​កែសម្រួល​គោលការណ៍ វិធានការ និង​យន្តការ​នានា នៃ​ចលនា​ប្រឡងប្រណាំង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​។ រួមទាំង​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ និង​ការពិនិត្យ​បញ្ហា​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដើម្បី​ពិនិត្យ សម្រេច​។ 
 
​ដើម្បី​ឲ្យ​ការងារ​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ត្រូវមាន​ការចូលរួម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ សមាសភាព​ស​ផ្សេង​ក្នុង​ជួរ​រដ្ឋាភិបាល គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ផ្នែក​ឯកជន និង​ពលរដ្ឋ​ទាំងមូល​៕
 
 
 

Tag:
 បរិស្ថាន​
 ​អនាម័យ​
 ​បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com