អន្តរជាតិ
យោធាចិន បង្ហាញអាវុធឆ្កែយន្តក្នុងសមយុទ្ធនាគមាសជាមួយកម្ពុជា
17, May 2024 , 2:29 pm        
រូបភាព
ឆ្កែយន្តសម្រាប់ប្រយុទ្ធ ដែលត្រូវបានបង្ហាញនៅសមយុទ្ធនាគមាស ក្នុងថ្ងៃទី១៦ ខែឧសភា។ រូបភាព AFP
ឆ្កែយន្តសម្រាប់ប្រយុទ្ធ ដែលត្រូវបានបង្ហាញនៅសមយុទ្ធនាគមាស ក្នុងថ្ងៃទី១៦ ខែឧសភា។ រូបភាព AFP
យោធាចិន បានបង្ហាញឆ្កែយន្តសម្រាប់ប្រយុទ្ធ (Robot Battle Dog) នៅថ្ងៃផ្តើមសមយុទ្ធនាគមាស នៅថ្ងៃទី១៦ ខែឧសភា។ សមយុទ្ធដែលរៀបចំនៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ត្រូវបានចូលរួមដោយកម្លាំងយោធាច្រើនជាង ២ពាន់នាក់ នាវាចម្បាំងចំនួន ១៤គ្រឿង និងអាវុធជាច្រើនទៀត។



ក្នុងថ្ងៃបើកសមយុទ្ធនាគមាស នៅថ្ងៃទី១៦ ខែឧសភា យោធាចិន បានបង្ហាញឆ្កែយន្តសម្រាប់ប្រយុទ្ធ ដែលអាចបំពាក់កាំភ្លើងយន្តនៅលើខ្នង។ អាវុធប្រភេទនេះ ប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងពីចម្ងាយ។ 
 
កន្លងមក យោធាចិន ក៏ធ្លាប់ដាក់ឆ្កែយន្តប្រភេទនេះទៅក្នុងសមយុទ្ធរបស់ខ្លួនដែរ។ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Chinese Central Television ទាហានចិនមួយរូប បានបញ្ជាក់ថា ឆ្កែយន្ត អាចត្រូវបានបញ្ជាក្នុងចម្ងាយឆ្ងាយ, ប្រើថ្មបានយូរ និងអាចបំពាក់កាំភ្លើងនៅពីលើខ្នង។

ឆ្កែយន្តសម្រាប់ប្រយុទ្ធ ដែលត្រូវបានបង្ហាញនៅសមយុទ្ធនាគមាស ក្នុងថ្ងៃទី១៦ ខែឧសភា។ រូបភាព AFP

នៅក្នុងឆ្នាំ២០២២ ចិនបានបង្ហាញឆ្កែយន្តសម្រាប់ប្រយុទ្ធនៅក្នុងកម្មវិធី AirShow China 2022។ ការបង្កើតឆ្កែយន្តបែបនេះ ទំនងដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ទាហានរបស់ខ្លួន។ កាំភ្លើងដែលបំពាក់លើគ្រឿងម៉ាស៊ីនមួយនេះ អាចជាកាំភ្លើងយន្តធុនស្រាល QBB-97 ដែលអាចបាញ់បាន ៦៥០គ្រាប់ ក្នុង១នាទី ក្នុងរង្វង់ ៤០០ម៉ែត្រ។ 
 
កម្លាំងទ័ពម៉ារីនអាម៉េរិក នៅក្នុងឆ្នាំ២០២៣ ក៏ទិញឆ្កែយន្តចិនសម្រាប់ប្រយុទ្ធប៉ុន្មានគ្រឿងដែរ ដើម្បីពិនិត្យលើសមត្ថភាព និងប្រសិទ្ធភាពក្នុងពេលប្រយុទ្ធ។ អ្នកស្រាវជ្រាវចិន បានយល់ថា ឆ្កែយន្ត អាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងការធ្វើសង្រ្គាមនៅពេលអនាគត។ 
 
សូមបញ្ជាក់ថា សមយុទ្ធនាគមាសខាងលើ មានការចូលរួមពីកងទ័ពច្រើនជាង ២ពាន់នាក់ ក្នុងនោះមានទាហានចិនប្រមាណ ៧៦០នាក់, នាវាចម្បាំងចំនួន ១៤គ្រឿង, ឧទ្ធម្ភាគចក្រចំនួន ២គ្រឿង, រថក្រោះ និងរថពាសដែកចំនួន ៦៩គ្រឿង ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្ម និងជួយសង្រ្គោះមនុស្សធម៌រួមគ្នា»៕

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com