អន្តរជាតិ
យោធាចិន បង្ហាញអាវុធឆ្កែយន្តក្នុងសមយុទ្ធនាគមាសជាមួយកម្ពុជា ឆ្កែយន្តសម្រាប់ប្រយុទ្ធ ដែលត្រូវបានបង្ហាញនៅសមយុទ្ធនាគមាស ក្នុងថ្ងៃទី១៦ ខែឧសភា។ រូបភាព AFP
× យោធាចិន បានបង្ហាញឆ្កែយន្តសម្រាប់ប្រយុទ្ធ (Robot Battle Dog) នៅថ្ងៃផ្តើមសមយុទ្ធនាគមាស នៅថ្ងៃទី១៦ ខែឧសភា។ សមយុទ្ធដែលរៀបចំនៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ត្រូវបានចូលរួមដោយកម្លាំងយោធាច្រើនជាង ២ពាន់នាក់ នាវាចម្បាំងចំនួន ១៤គ្រឿង និងអាវុធជាច្រើនទៀត។
ក្នុងថ្ងៃបើកសមយុទ្ធនាគមាស នៅថ្ងៃទី១៦ ខែឧសភា យោធាចិន បានបង្ហាញឆ្កែយន្តសម្រាប់ប្រយុទ្ធ ដែលអាចបំពាក់កាំភ្លើងយន្តនៅលើខ្នង។ អាវុធប្រភេទនេះ ប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងពីចម្ងាយ។
កន្លងមក យោធាចិន ក៏ធ្លាប់ដាក់ឆ្កែយន្តប្រភេទនេះទៅក្នុងសមយុទ្ធរបស់ខ្លួនដែរ។ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Chinese Central Television ទាហានចិនមួយរូប បានបញ្ជាក់ថា ឆ្កែយន្ត អាចត្រូវបានបញ្ជាក្នុងចម្ងាយឆ្ងាយ, ប្រើថ្មបានយូរ និងអាចបំពាក់កាំភ្លើងនៅពីលើខ្នង។
ឆ្កែយន្តសម្រាប់ប្រយុទ្ធ ដែលត្រូវបានបង្ហាញនៅសមយុទ្ធនាគមាស ក្នុងថ្ងៃទី១៦ ខែឧសភា។ រូបភាព AFP
នៅក្នុងឆ្នាំ២០២២ ចិនបានបង្ហាញឆ្កែយន្តសម្រាប់ប្រយុទ្ធនៅក្នុងកម្មវិធី AirShow China 2022។ ការបង្កើតឆ្កែយន្តបែបនេះ ទំនងដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ទាហានរបស់ខ្លួន។ កាំភ្លើងដែលបំពាក់លើគ្រឿងម៉ាស៊ីនមួយនេះ អាចជាកាំភ្លើងយន្តធុនស្រាល QBB-97 ដែលអាចបាញ់បាន ៦៥០គ្រាប់ ក្នុង១នាទី ក្នុងរង្វង់ ៤០០ម៉ែត្រ។
កម្លាំងទ័ពម៉ារីនអាម៉េរិក នៅក្នុងឆ្នាំ២០២៣ ក៏ទិញឆ្កែយន្តចិនសម្រាប់ប្រយុទ្ធប៉ុន្មានគ្រឿងដែរ ដើម្បីពិនិត្យលើសមត្ថភាព និងប្រសិទ្ធភាពក្នុងពេលប្រយុទ្ធ។ អ្នកស្រាវជ្រាវចិន បានយល់ថា ឆ្កែយន្ត អាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងការធ្វើសង្រ្គាមនៅពេលអនាគត។
សូមបញ្ជាក់ថា សមយុទ្ធនាគមាសខាងលើ មានការចូលរួមពីកងទ័ពច្រើនជាង ២ពាន់នាក់ ក្នុងនោះមានទាហានចិនប្រមាណ ៧៦០នាក់, នាវាចម្បាំងចំនួន ១៤គ្រឿង, ឧទ្ធម្ភាគចក្រចំនួន ២គ្រឿង, រថក្រោះ និងរថពាសដែកចំនួន ៦៩គ្រឿង ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្ម និងជួយសង្រ្គោះមនុស្សធម៌រួមគ្នា»៕
© រក្សាសិទ្ធិដោយ thmeythmey.com