សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ បំណងនៃការវិនិយោគរបស់ក្រុមហ៊ុនធំៗទាំងនោះ ត្រូវបានលើកឡើង ក្នុងជំនួបពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី២៧មីនានេះ។
បើតាមលោក ស៊ិន មីងរ៉ុង (Shen Mingrong ) អ្នកដឹកនាំប្រតិភូសហគ្រាសឧស្សាហកម្មធំៗជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តី ក្រុមហ៊ុនចិនដែលកំពុងសម្លឹងឱកាស និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជានោះ គឺជាក្រុមហ៊ុនស្ថិតក្នុងវិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាផលិផល ក្រដាស និងដែក ផងដែរ។
លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. រូបនេះ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តជំរុញការវិនិយោគ និងទាក់ទាញវិនិយោគិនមកកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយលើហ្វេសប៊ុករបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
«[យើងប្តេជ្ញា]រួមចំណែកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល»។ លោក ស៊ិន មីងរ៉ុង បាននិយាយបែបនេះ នៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត ។
ថ្នាក់ដឹកនាំប្រតិភូចិនរូបនេះ ក៏បានស្នើសុំឈ្វេងយល់បន្ថែមពីគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោលនយោបាយនៃការគ្រប់គ្រងកម្លាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និងគោលនយោបាយផ្នែកថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នានា។
ជុំវិញនៃបំណងខាងលើនេះ សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន ឧស្សាហកម្ម ដែលបានបោះទុនវិនិយោគនិងធ្វើអាជីវកម្មកម្ពុជា កន្លងមក។ ចំពោះគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគ សម្ដេច បានបញ្ជាក់ទៅកាន់ក្រុមហ៊ុនចិនទាំងនោះ ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយបើកចំហ ប្រកបដោយភាពបត់បែន និងជាក់ស្តែងនិយម ដោយរក្សាភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ»។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត ក៏បង្ហាញពីការដាក់ចេញនូវគោលនយោបាយអាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការកែទម្រង់វិស័យអប់រំ និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាការពង្រឹងកម្មវិធីការបង្កើនជំនាញ និង ការផ្លាស់ប្តូរជំនាញ ដើម្បីធានាបាននូវធនធានមនុស្ស។ ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនឧស្សាហកម្ម និងទីផ្សារការងារ។
« ចំពោះគោលនយោបាយនៃការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ កម្ពុជាបានដាក់ចេញនូវគោលនយោបាយលំហូរមូលធន ដោយមានភាពសេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ-ចូល តាមប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន។ នេះជាភាពងាយស្រួល និងការគាំទ្រដល់ដំណើរការវិនិយោគនៅកម្ពុជា»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត។
សម្ដេចបានរៀបរាប់ប្រាប់វិនិយោគិនចិនខាងលើថា បច្ចុប្បន្នកម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាតជាង៦០ភាគរយ ហើយកំពុងជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានដល់៧០ភាគរយត្រឹមឆ្នាំ២០៣០។ ក្រៅពីនេះ រដ្ឋាភិបាលក៏កំពុងយកចិត្តដាក់វិនិយោគ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗដូចជា ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីតភ្ជាប់កម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងសកលលោក។
ក្រៅពីវិនិយោគិនជនជាតិចិន, កម្ពុជាក៏ទទួលបានចាប់អារម្មណ៍ពីសំណាក់វិនិយោគិនអឺរ៉ុប, ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៦មីនា ឆ្នាំ២០២៤ មានប្រតិភូក្រុមហ៊ុនធំៗពី កូរ៉េ ចំនួន១៣ បានជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រកឱកាសវិនិយោគ លើវិស័យសក្ដានុពល និងវិស័យ ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា៕