ជាតិ
ទូកទៅ កំពង់នៅ! អតីតនិស្សិត សាធារណជន សោកស្ដាយការបាត់បង់លោក សំបូរ មាណ្ណារ៉ា
× នាព្រលឹមថ្ងៃទី២០មេសានេះ មានការចែកចាយនូវរូបភាពលោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ ដែលទទួលមរណភាពក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅលើទំព័រហ្វេសប៊ុក។ ក្រោយសាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ ទទួលមរណភាព ព្រះសង្ឃ អតីតនិស្សិត និងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន សម្ដែងក្ដីស្រណោះ និងសោកស្ដាយ ចំពោះការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូបរបស់កម្ពុជា។
ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ជាព្រះសង្ឃខ្មែរមួយអង្គ ដែលមានឈ្មោះដ៏ល្បីល្បាញខាងអប់រំផ្លូវចិត្ត បានចូលរួមរំលែកទុក្ខ និងសូមឱ្យលោក សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភព។ ព្រះអង្គមានសង្ឃដីកាថា៖«យើងបានបាត់បង់បង់ធនធានមនុស្សដ៏ល្អកម្ររកបានលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកប្រវត្តិសាស្ត្រ អ្នកដាស់តឿនយុវជនឱ្យមានស្មារតីស្រលាញ់ជាតិ»។
ជាមួយគ្នានេះ អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានបង្ហោះសារចូលរួមមរណទុក្ខដល់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដោយភ្ជាប់ជាមួយរូបភាពដែលអ្នកស្រីបានទៅសួរសុខទុក្ខលោកសាស្ត្រាចារ្យរូបនេះ កាលពីថ្ងៃទី១៨ ខែមេសា ផងដែរ។
អ្នកស្រី ចក់ សុភាព ដែលជាអតីតសិស្សរបស់លោក សំបូរ មាណ្ណារ៉ា បានសរសេររៀបរាប់យ៉ាងដូច្នេះ៖«លោកគ្រូលែងឈឺចាប់ហើយ (ពេលជួបលោកគ្រូ លោកគ្រូបង្ហាញអាការៈឈឺចាប់មុខរបួសវះ ឈឺកនិយាយខ្សាយៗ សរសៃដៃឡើងខ្មៅ...)ដែលអាការៈទាំងនេះ កូនសិស្សយល់ច្បាស់ ព្រោះមានសាច់ញាតិជិតដិតឆ្លងជំងឺនេះរួចហើយមក។ តែក្នុងសភាពនេះក្តី លោកគ្រូនៅតែប្រឹងនិយាយជាមួយកូនសិស្សម្នាក់នេះ។ លោកគ្រូថែមផ្តាំថា មើលថែឪពុកកូនឱ្យបានល្អ»។
រីឯលោក សា ឌីណា អ្នកប្រើប្រាស់បណ្ដាញសង្គម និងជាអ្នកផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ បានសោកស្ដាយចំពោះការបាត់បង់លោក សំបូរ មាណ្ណារ៉ា។ លោក ឌីណា បានចែករំលែកសារបែបនេះ៖«លោកគ្រូ គឺជាបញ្ញវន្តខ្មែរមួយរូបប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺផ្លូវដល់កូនខ្មែរ តាមរយៈការបណ្តុះស្មារតីស្នេហាជាតិ និងស្គាល់ពីតម្លៃនៃវប្បធម៌ប្រវត្តិសាស្ត្រខ្មែរ។ សូមដួងវិញ្ញាណក្ខន្ធលោកគ្រូអញ្ញើញទៅកាន់ទីឋានបរមសុខ»។
ក្រៅពីនេះ ក៏មានសាធារណជនជាច្រើនបានចូលរួមរំលែកទុក្ខ និងស្តាយស្រណោះចំពោះការទទួលមរណភាពរបស់សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងវប្បធម៌ម្នាក់ ដែលបានបណ្ដុះសីលធម៌ដល់និស្សិត និងកូនខ្មែរ។លើសពីនេះ លោក សំបូរ មាណ្ណារ៉ា តែងតែចំណាយពេលវេលាចែករំលែកពុទ្ធិដល់សាធារណជនតាមរយៈបណ្ដាញសង្គម កាសែត វិទ្យុ និងទូរទស្សន៍ ដែលធ្វើឱ្យសាធារណជនជាច្រើនស្គាល់លោក។
សូមបញ្ជាក់ថា លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២០ មេសា ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត។ សពរបស់លោក នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ ៥ A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
Tag:
សំបូរ មាណ្ណារ៉ា
ប្រវត្តិសាស្រ្តខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com