ជាតិ
«បង្គោលអង់តែនរួម»ចំនួន៧៤ ត្រូវបានសាងសង់ ដើម្បីពង្រឹងគុណភាពសេវាទូរសព្ទតាមបុរី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ រូបភាព៖ ហ្វេសប៊ុកក្រសួងប្រៃសណីយ និងទូរគមនាគមន៍
× ភ្នំពេញ៖ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាងសង់ «បង្គោលអង់តែនរួម» ចំនួន៧៤បង្គោល គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ បង្គោលនីមួយៗ អាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ នេះបើតាមរបាយការណ៍របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
របាយការណ៍ដដែល បានឱ្យដឹងទៀតថា ក្រៅពីនៅតាមបុរី នៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក៏បានសាងសង់«បង្គោលអង់តែនរួម»ចំនួន ២៩៨បង្គោលបន្ថែមដែរ ក្នុងនោះមាន ស្ថានីយអង់តែនចំនួន ៣២០ ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីធានានគុណភាពទូរគមនាគមន៍។
បង្គោលអង់តែនរួម ដែលត្រូវបានសាងសង់កន្លងមក នៅក្នុងបុរីមួយកន្លែងនៅរាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុកក្រសួងប្រៃសណីយ និងទូរគមនាគមន៍
នៅក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារ លើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី កាលពីថ្ងៃទី៧ ខែឧសភា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានណែនាំក្រុមការងារ ឱ្យបន្តពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី និងទីតាំងអគារខ្ពស់ៗ ក្នុងការជំរុញគុណភាពសេវា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏ជំរុញឱ្យក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗ បន្តសិក្សាពីស្ថានភាព និងបញ្ហាប្រឈមជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិតរបសើពលរដ្ឋ ដើម្បីផ្តល់ដំណោះស្រាយឱ្យទាន់ពេលវេលា។
សូមជម្រាបថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវា ទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានក្រុមការងារប្រតិបត្តិ ចំនួន ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ ក្រុមការងារនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាព នៃការផ្តល់ សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត៕
© រក្សាសិទ្ធិដោយ thmeythmey.com