ជាតិ
«បង្គោលអង់តែនរួម»ចំនួន៧៤ ត្រូវបានសាងសង់ ដើម្បីពង្រឹងគុណភាពសេវាទូរសព្ទតាម​បុរី ​
08, May 2024 , 1:59 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ រូបភាព៖ ហ្វេសប៊ុកក្រសួងប្រៃសណីយ និងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ រូបភាព៖ ហ្វេសប៊ុកក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ភ្នំពេញ៖ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនា​គមន៍​​​នៅតាមបុរី បានសាងសង់ «បង្គោលអង់តែនរួម» ចំនួន៧៤បង្គោល គិត​ត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ បង្គោល​នី​មួយ​ៗ អាចបំពាក់បានស្ថានីយ៍អង់តែន​របស់ប្រតិបត្តិករ​ចំនួន៣ក្រុមហ៊ុន។ នេះ​បើតាម​របាយ​ការណ៍​របស់ក្រុមការងារលើក​កម្ពស់គុណភាពសេវា​ទូរគមនាគមន៍ នៅក្នុង​រាជ​ធានី​ភ្នំ​ពេញ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 
របាយការណ៍ដដែល បានឱ្យដឹងទៀតថា ក្រៅពីនៅតាមបុរី នៅ​ខណ្ឌទាំង១៤ ក្នុង​រាជ​ធានី​ភ្នំ​ពេញ ក៏បាន​សាង​សង់«បង្គោលអង់តែនរួម»ចំនួន ២៩៨បង្គោលបន្ថែមដែរ ក្នុងនោះមាន  ​ស្ថានីយ​អង់តែន​ចំនួន ៣២០ ត្រូវបានដាក់ឱ្យដំណើរការ​ ដើម្បីធានានគុណភាពទូរគមនា​គមន៍។ 
 
បង្គោលអង់តែនរួម ដែលត្រូវបានសាងសង់កន្លងមក នៅក្នុងបុរីមួយកន្លែងនៅរាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុកក្រសួងប្រៃសណីយ និងទូរគមនាគមន៍
 
នៅក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារ លើកកម្ពស់គុណភាពសេវាទូរគមនា​គមន៍​​​នៅតាមបុរី កាលពីថ្ងៃទី​៧ ខែឧសភា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បាន​ណែ​នាំក្រុមការងារ ឱ្យបន្តពង្រឹងគុណភាពសេវាក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ច​សន្យា​ផ្តល់​សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករ​ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និង​ស្នើសុំកិច្ចសហការ​ពី​ម្ចាស់​​បុរី​ និងទីតាំងអគារខ្ពស់ៗ​ ក្នុងការជំរុញគុណភាពសេវា​។ 
 
​ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏​ជំរុញឱ្យក្រុមការងារទទួលបន្ទុកតាមតំបន់នីមួយៗ ​បន្ត​សិក្សា​​ពីស្ថានភាព និងបញ្ហា​​ប្រឈម​​ជុំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិតរបសើពលរដ្ឋ ដើម្បីផ្តល់​ដំណោះ​ស្រាយឱ្យទាន់ពេលវេលា។
 

 
សូមជម្រាបថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​បង្កើតក្រុមការងារលើក​កម្ពស់​គុណភាពសេវា ទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានក្រុមការងារប្រតិបត្តិ ចំនួន ​៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ ក្រុមការងារនេះ ​បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយ សុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាព នៃការផ្តល់ សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត៕ 

© រក្សាសិទ្ធិដោយ thmeythmey.com