កីឡាជាតិ
ជាតិ
ជំនួបបិទរដូវកាល CPL៖ ភ្នំពេញក្រោន និងជើងឯកស្វាយរៀង នៅតែចង់ឈ្នះរៀងខ្លួន
12, May 2024 , 2:29 pm        
រូបភាព
យុទ្ធនាការការប្រកួតលីគកីឡាបាល់ទាត់កំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ (CPL) រដូវកាល ២០២៣-២៤ បានឈានដល់ជំនួបចុងក្រោយបិតរដូវកាលហើយ នៅល្ងាចថ្ងៃទី១២ ខែឧសភានេះ ដោយក្រុមរងជើងឯកភ្នំពេញក្រោន ត្រូវទទួលក្រុមជើងឯកព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋាន Smart RSN ស្របពេលវិសាខា ស្វាគមន៍បឹងកេត នៅកីឡដ្ឋានព្រីនដ៍ នៅវេលាម៉ោង៦ល្ងាចដូចគ្នា។ ទោះជាប្រកួតបង្គ្រប់កិច្ច ប៉ុន្តែទាំងស្វាយរៀង និងភ្នំពេញក្រោន សុទ្ធតែចង់បានជ័យជម្នះរៀងខ្លួន។

 
ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ តាំងពីយកឈ្នះបឹងកេត នៅជំនួបដំបូងវគ្គ៤ក្រុមចុងក្រោយម្លេះ ស្របពេលដែលគូប្រជែងភ្នំពេញក្រោនចាញ់វិសាខា។
 
បន្ទាប់ពីបន្តឈ្នះវិសាខានៅជំនួបទី២វគ្គ៤ក្រុម ស្វាយរៀង នឹងត្រូវតទល់ ភ្នំពេញក្រោននៅជំនួបចុងក្រោយវគ្គខ្វែង និងជាការប្រកួតបិទរដូវកាលផងដែរ។ យ៉ាងណាក៏ដោយ ស្វាយរៀង នឹងត្រូវធ្វើពិធីទទួលពានលីគកំពូលកម្ពុជានៅកីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន។
 
មិនបានធ្វើពិធីប្រគល់ពាននៅទឹកដីខ្លួន ប៉ុន្តែប្រធានក្លិប លោក ឌី វិជ្ជា នឹងសន្យានឹងអ្នកគាំទ្រខ្លួន នឹងរៀបចំពិធីហែពានទាំងលីគកំពូល និងពានសម្តេច ហ៊ុន សែន នៅថ្ងៃទី១៧ ខែឧសភា ដោយមានការប្រគំតន្ដ្រី និងល្បែងកម្សាន្ដនានា ក្នុងទឹកដី នៅខេត្តស្វាយរៀង។
 
បើទោះរកឃើញជើងឯកហើយក្តី លោក Oleg Starynskyi គ្រូភ្នំពេញក្រោន និងលោក Pep Monuz គ្រូស្វាយរៀង សុទ្ធតែចង់បានជ័យជម្នះដូចគ្នា សម្រាប់ការជួបគ្នាចុងក្រោយនេះ។ លោក Oleg បានអះអាងមុនប្រកួតចុងក្រោយថា៖«អ្នកគាំទ្រទំនងគិតថាការប្រកួតនេះនឹងមិនសូវតានតឹងនោះទេ។ សម្រាប់ខ្ញុំ មួយប្រកួតចុងក្រោយនេះមានអត្ថន័យលើសពី៣ពិន្ទុ ដ្បិតស្វាយរៀងចង់បង្ហាញថាគេជាក្រុមខ្លាំង ស្របពេលភ្នំពេញក្រោនក៏ចង់ឈ្នះ»។
 
ដោយឡែកលោក Monuz លើកឡើងថានៅជំនួបចុងក្រោយនេះក្រុមចង់បង្ហាញទៅកាន់អ្នកគាំទ្រពីភាពអស្ចារ្យ ស្របពេលនឹងមានអ្នកគាំទ្រច្រើនដើម្បីទស្សនាការប្រគល់ពាន នៅក្នុងការប្រកួតបិទរដូវកាល។
 
លទ្ធផលពិន្ទុ មុនជំនួបបិទរដូវកាល ជើងឯកស្វាយរៀងមាន៧៥ពិន្ទុ ភ្នំពេញក្រោន ៦៧ពិន្ទុ វិសាខា ៤៧ពិន្ទុ និងបឹងកេត មាន៤១ពិន្ទុ៕

Tag:
 CPL
© រក្សាសិទ្ធិដោយ thmeythmey.com