ជាតិ
វីដេអូ
ពលរដ្ឋជាច្រើនធ្វើពិធីឆ្លងចេត្រ ស្រង់ព្រះ និងឆ្លងភ្នំខ្សាច់ នៅវត្តប្រាសាទលលៃ
× ដោយ៖ ថោង ប្រណី
សៀមរាប៖ ក្នុងពិធីឆ្លងចេត្រនៅវត្តប្រាសាទលលៃ ព្រះសង្ឃបាននិមន្តចម្រើនព្រះបរិត្ត តាមផ្លូវមួយចំនួន ក្នុងភូមិក្បែរវត្ត។ ឯពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើន បានលេងទឹកយ៉ាងសប្បាយ ដោយអ្នកខ្លះជិះឡាន ជិះគោយន្ត និងម៉ូតូជាដើម។ ខ្លះទៀតរង់ចាំនៅមុខផ្ទះរៀងៗខ្លួន ដើម្បីបាញ់ទឹក ឬជះទឹកលេងសប្បាយជុំគ្នា។
ក្នុងដៃកាន់កាទឹក និងកំពុងឈរចាំជះទឹកពលរដ្ឋដែលឆ្លងកាត់មុខផ្ទះរបស់ខ្លួន អ្នកស្រី សឿន ម៉ៅ រៀបរាប់ថា ឆ្នាំនេះមានពលរដ្ឋចូលរួមលេងទឹក តាមដងផ្លូវច្រើនជាងឆ្នាំមុន។ អ្នកស្រីបន្តថា ក្រោយលេងជះទឹករួច អ្នកស្រីនឹងទៅចូលរួមស្រង់ព្រះនៅឯវត្ត និងទៅមើលការលេងល្បែងប្រជាប្រិយផងដែរ។
ជាមួយគ្នានេះដែរ អ្នកស្រី លន់ តេវ ក៏បានត្រៀមទុយោទឹក ចាំបាញ់ស្រោចទៅលើពលរដ្ឋ ដែលឆ្លងកាត់មុខផ្ទះរបស់ខ្លួនយ៉ាងសប្បាយ។
អ្នកស្រីទាំងពីរនាក់ ក៏បានពន្យល់ដែរថា តាមទម្លាប់អ្នកភូមិនៅទីនេះ គេតែងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងប្រោះទឹកមន្តតាមផ្លូវនានាក្នុងភូមិ ដើម្បីសុំសេចក្តីសុខសប្បាយ ត្រជាក់ត្រជុំជាដើម។
បើតាមព្រះតេជគុណ សូ សុវត្ថិ ជាព្រះសង្ឃគង់នៅវត្តប្រាសាទលលៃ មានសង្ឃដីកាថា ឆ្នាំមុនៗព្រះសង្ឃតែងប្រារព្ធពិធីស្រង់ព្រះនិងឆ្លងភ្នំខ្សាច់មុនពិធីឆ្លងចេត្រ។ ប៉ុន្តែឆ្នាំនេះ ដោយសារក្នុងវត្ត នឹងមានប្រារព្ធពិធីបុណ្យផ្សេងទៀតនាពេលឆាប់ៗនេះ ទើបធ្វើពិធីទាំងបីនេះរួមគ្នាតែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com