ជាតិ
សហជីព ចង់ឱ្យក្រសួងចុះអធិការកិច្ចតាមរោងចក្រ ក្រោយណែនាំពីវិធានការបង្ការអាកាសធាតុក្ដៅ
29, Apr 2024 , 8:19 pm        
រូបភាព
ភ្នំពេញ៖ សហជីពក្នុងវិស័យកាត់ដេរ ចង់ឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះអធិការកិច្ច នៅតាមបណ្ដារោងចក្រនានា ដើម្បីដឹងពីសុខទុក្ខពលរដ្ឋ នាអំឡុងពេលអាកាសធាតុក្តៅនេះ។ បើតាមសហជីព ការចុះអធិការកិច្ចនេះ ជាវិធានការមានប្រសិទ្ធភាព ជាងការចេញសេចក្តីណែនាំឱ្យម្ចាស់រោងចក្រ អនុវត្តវិធានការបង្ការអាកាសធាតុក្ដៅ។

 
ដើម្បីឱ្យវិធានការមានប្រសិទ្ធភាព លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ជំរុញឱ្យ ក្រសួងបង្កើតប្រព័ន្ធរាយការណ៍ (Hotline) សម្រាប់កម្មកររាយការណ៍ ពីស្ថានភាពរបស់ពួកគេ រួមទាំងការអនុវត្តវិធានការបង្ការអាកាសធាតុក្ដៅរបស់ភាគីរោងចក្រ។  លោកបានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមប្រព័ន្ធទូរស័ព្ទថ្ងៃទី២៩ មេសា យ៉ាងដូច្នេះ៖ «ក្រសួងការងារគួរចាត់មន្ត្រីចុះអធិការកិច្ច ពិនិត្យមើលផ្ទាល់ថាតាមរោងចក្រ បានធ្វើតាមវិធានការរបស់ក្រសួងឬទេ! បើពុំដូចនេះ ការចេញសេចក្ដីណែនាំ ពុំមានប្រសិទ្ធភាពឡើយ»។ 
 
មេសហជីវរូបនេះ ក៏កត់សម្គាល់ឃើញថា បណ្ដាម្ចាស់រោងចក្រខ្លះ ពុំសូវយកចិត្តទុកដាក់ការណែនាំរបស់ក្រសួងឡើយ ទើបលោកចង់ឱ្យក្រសួង ចាត់មន្ត្រីចុះពិនិត្យបន្ថែម ក្រៅតែពីចេញសេចក្តីណែនាំខាងលើ។ 
 

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា។ រូបពី ហ្វេសប៊ុកលោក ស៊ីណា

ចំណែកលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ក៏សង្កេតឃើញដែរថា នៅតាមបណ្ដារោងចក្រធំៗ ភាគច្រើនសុទ្ធតែមានប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់ នៅតាមអគារធ្វើការ។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទវិញ លោកមើលឃើញថា ភាគីរោងចក្រពុំបាន ត្រួតពិនិត្យពីគុណភាព និងបើកដំណើរការ សម្រាប់កម្មករឱ្យបានពេញលេញឡើយ។ 
 
«ត្រឹមចេញការណែនាំ ពុំគ្រប់គ្រាន់ឡើយ ត្រូវចុះពិនិត្យតាមរោងចក្រថា បានអនុវត្តនិងបង្កើនការយកចិត្តទុកដាក់ដល់កម្មករ និងអនុវត្តវិធានការណែនាំដូចជាបាញ់ទឹក បើកនិងបន្ថែមកង្ហារខ្យល់ជាដើម»។ ប្រធានសហភាពការងារកម្ពុជា (CLC) ប្រាប់សារព័ត៌មានថ្មីៗបែបនេះ មុនបន្ថែមថា នៅរដូវក្ដៅ កម្មករភាគច្រើនតែងដួលសន្លប់។ 
 
បញ្ហាកម្មករដួលសន្លប់នេះ គ្រប់គ្នាយល់ថា មកពីសុខភាពកម្មករខ្សោយ។ ប៉ុន្តែ លោក អាត់ ធន់ ចង់ឱ្យពិនិត្យលម្អិតជាងនេះ ថាតើខ្សោយដោយសារកត្តាក្ដៅខ្លាំង? ខ្យល់ចេញចូលអត់គ្រប់គ្រាន់? អុកស៊ីសែនមិនគ្រប់ ឬដេកមិនគ្រប់គ្រាន់? ឬមកពីបញ្ហាអ្វី ដែលធ្វើឱ្យកម្មករខ្សោយ ដួលសន្លប់នេះ។ 
 
ដើម្បីកាត់បន្ថយបញ្ហាប្រឈមនៅរដូរក្ដៅខ្លាំងនេះ ប្រធានសហភាពការងារកម្ពុជា (CLC) ថា ភាគីរោងចក្រ និងក្រសួងការងារក៏គួរតែកុំឱ្យកម្មករថែមម៉ោងច្រើន ឬរៀបម៉ោងការងារដល់កម្មករ ឱ្យសមស្របនឹងពេលវេលា ដែលពុំសូវរងកម្ដៅខ្លាំង។ 
 
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)។

ទាក់ទិននឹងការប្រែប្រួលអាកាសធាតុនេះ លោក ប៉ាវ ស៊ីណា យល់ឃើញដូចលោក អាត់ ធន់ ដែរ គឺកម្មកររងផលប៉ះពាល់ច្រើន ពីកម្ដៅកើនឡើង ជាពិសេសការធ្វើដំណើរតាមរថយន្តដឹកកម្មករ មកកន្លែងធ្វើការ។ ដោយសារមេសហជីពរូបនេះ ឃើញកម្មករជិះឡានតាមផ្លូវ ទាំងពេលចូលធ្វើការនិងចេញ កម្មករជិះឡានគ្មានដំបូលឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ លោក ប៉ាវ ស៊ីណា យល់ថា អាជ្ញាធរឬក្រសួង គួរចេញវិធានការបន្ថែម ក្នុងការដោះស្រាយការធ្វើដំណើររបស់កម្មករ ដែលកំពុងរងកម្ដៅ។ 
 
នាពេលថ្មីៗនេះ ក្រសួងការងារ បានចេញណែនាំឱ្យម្ចាស់រោងចក្រ បាញ់ទឹកលើដំបូងអគារធ្វើការឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការកើនឡើងនៃកម្ដៅថ្ងៃ។ ជាមួយគ្នាដែរ ក្រសួងតម្រូវឱ្យភាគីរោងចក្រ ពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់ នៅតាមអគារធ្វើការ ដើម្បីធានាថាដំណើរការល្អ និងត្រូវបើកឱ្យដំណើរការយ៉ាងតិច១ម៉ោង មុនឱ្យកម្មករនិយោជិតចូលធ្វើការ។ ទន្ទឹមនឹងនេះ អំពាវនាវឱ្យ និយោជកតាមបណ្ដារោងចក្រ បើកទ្វារនិងបង្អួចទាំងអស់ រួមទាំង បន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។
 
សូមជម្រាបថា ក្រសួង ធនធានទឹក និងឧតុនិយម បានព្យាករណ៍ហើយថា នៅចុងរដូវប្រាំងនេះ កម្ដៅនឹងឡើងដល់ជាង៤០អង្សា។ ក្រសួងនានា រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ក៏បានអំពាវនាវជាបន្តបន្ទាប់ ពីវិធានការទប់ស្កាត់ និងការពារ ពីអាកាសធាតុក្ដៅខ្លាំង៕ 

Tag:
 អាកាសធាតុក្ដី
  រោងចក្រ
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com