COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ចិនឱ្យអ្នកចូលទស្សនាការប្រកួតអូឡាំពិកច្រើនជាងមុន ខណៈជំងឺកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រង
09, Feb 2022 , 8:29 am        
រូបភាព
មន្ត្រីនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង និយាយថា ចិននឹងអញ្ជើញអ្នកមកចូលទស្សនាការប្រកួតច្រើនជាងមុន បន្ទាប់ពីជំងឺកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងបាន។


ដើម្បីធានាសុវត្ថិភាព ចិនដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងា បានបែងចែកក្រុមបុគ្គលិក និងក្រុមអត្តពលិកមកប្រកួតទាំងអស់ ឱ្យស្ថិតនៅតំបន់ស្នាក់នៅដាច់ដោយឡែកពីមហាជន។ លើសពីនោះ ទីក្រុងប៉េកាំងបានសម្រេចមិនលក់សំបុត្រ ឱ្យសាធារណជនចូលទស្សនាឡើយ ដោយសារព្រួយបារម្ភពីការឆ្លងជំងឺកូវីដ-១៩ តែជ្រើសរើសអ្នកគាំទ្រគោលដៅក្រោមវិធានការបង្ការជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹង។
 
យ៉ាងណាមិញ ខណៈស្ថានការណ៍ល្អប្រសើរ អ្នករៀបចំនឹងអញ្ជើញអ្នកទស្សនាកាន់តែច្រើនជាងមុន។
 
«ក្នុងជំហានបន្ទាប់ យើងនឹងនាំឱ្យមានអ្នកទស្សនាច្រើនជាងនេះ ផ្អែកលើតម្រូវការ ព្រោះពេលស្ថិតនៅតំបន់ដាច់ដោយឡែក ពីសាធារណជនបែបនេះ បញ្ហាកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អ។» លោក Huang Chun ប្រធានរៀបចំព្រឹត្តិការណ៍អូឡាំពិកបញ្ជាក់បែបនេះ ក្នុងសន្និសីទកាសែតថ្ងៃទី៨ ខែកុម្ភៈ។
 
ទោះបីជាបែបនេះក្តីលោក Huang Chun ក៏បានអះអាងថា អ្នកទស្សនាទាំងនោះ នឹងស្ថិតនៅឆ្ងាយពីក្រុមអត្តពលិក និងមនុស្សដទៃទៀត ហើយការអង្គុយទស្សនា ត្រូវបានរៀបចំជាក់លាក់។ អ្នកទស្សនា ក៏នឹងត្រូវធ្វើតេស្តស្វែងរកជំងឺកូវីដ-១៩ ជាប្រចាំ និងឆ្លងកាត់ការពិនិត្យសុខភាពជារឿយៗផងដែរ។
 
បើតាមអ្នកស្រី Yan Jiarong អ្នកនាំពាក្យរបស់គណៈកម្មការរៀបចំ អ្នកទស្សនា នឹងមិនចាំបាច់ធ្វើច​ត្តា​ឡី​ស័កឡើយ បន្ទាប់ពីទស្សនាការប្រកួតរួច ប៉ុន្តែមិនអនុញ្ញាតឱ្យស្ថិតនៅប្រជុំជាក្រុមឡើយ។ 
 
ថ្ងៃទី៨ខែកុម្ភៈ នេះ អ្នករៀបចំកម្មវីធីអូឡាំពិកប៉េកាំង ក៏បានប្រកាសថា មិនមានរកឃើញជំងឺកូវីដ-១៩ នាំចូលថ្មី ប៉ុន្តែមាន៦ករណី ត្រូវរកឃើញនៅតំបន់ស្នាក់នៅបិទជិត របស់បុគ្គលិកនិងអត្តពលិក៕
 

Tag:
 Olympic Beijing
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com