កីឡាអន្តរជាតិ
អន្តរជាតិ
UEFA សម្រេចអនុម័តការកែប្រែច្បាប់ហិរញ្ញវត្ថុថ្មីដើម្បីកំណត់ការចំណាយរបស់ក្លិបនៅអឺរ៉ុប
08, Apr 2022 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នាថ្ងៃទី៧ ខែមេសា បានអនុម័តការផ្លាស់ប្តូរលើច្បាប់ហិរញ្ញវត្ថុលើការចំណាយលើសកំណត់ Financial Fair Play (FFP) សំដៅកាត់បន្ថយបំណុលរបស់ក្លិប។



ដូចជាការរំពឹងទុក សហព័ន្ធបាល់ទាត់ប្រចាំតំបន់អឺរ៉ុប បានសម្រេចចិត្តក្នុងការកែសម្រួលឡើងវិញលើច្បាប់ហរិញ្ញវត្ថុរបស់ខ្លួនជុំវិញការចំណាយលើសកំណត់ ដែលបានចែងឡើងតាំងពីឆ្នាំ ២០១០ មក។ Financial Fair Play បង្កើតឡើងដើម្បីជួយដោះស្រាយការកាត់បន្ថយបំណុលដែលកើនចំណោមក្លិបទូទាំងទ្វីបអឺរ៉ុប។
 
ច្បាប់ថ្មីដែលទើបកែប្រែនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការចំណាយរបស់ក្លិបធំៗនៅអឺរ៉ុបក្នុងការទិញយកកីឡាករល្បីៗហួសចំណូលរបស់ខ្លួន។ ការអនុម័តនេះទៀតសោត ក៏នឹងជួយកំណត់លើការចាយប្រាក់ឈ្នួលកីឡាករ ព្រមទាំងការផ្ទេរក្នុងទីផ្សារដោះដូរវិញឱ្យមានស្ថិរភាព។
 
«ការកែប្រែដ៏ធំថ្មីមួយនឹងត្រូវបង្ហាញខ្លួនឡើង។ វាជាការកំណត់ថ្មីលើច្បាប់ក្នុងការចំណាយរបស់ក្រុមនីមួយៗ ដើម្បីគ្រប់គ្រងលើការចំណាយឱ្យប្រសើរឡើង មានស្ថិរភាព និងជាមួយដំណោះស្រាយ ហើយ វាសំដៅចំៗលើប្រាក់ឈ្នួលកីឡាករ និងការចំណាយលើការដោះដូរលើទីផ្សារផងដែរ»។ លោក Aleksander Ceferin ប្រធាន UEFA បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
ក្រៅពីកំណត់លើការចំណាយទិញកីឡាករហួសប្រមាណ ច្បាប់ FFP ថ្មី នឹងមិនអនុញ្ញាតឱ្យក្លិបបាល់ទាត់ ចំណាយលើប្រាក់បៀវត្សរ៍កីឡាករលើសពី៧០ភាគរយនៃប្រាក់ចំណូលរបស់ក្លិបឡើយ។
 
មិនត្រឹមតែប៉ុណ្ណោះ ​UEFA ក៏បានបង្ហាញពីការផ្លាស់ប្តូរថ្មីមួយចំនួនបន្ថែមទៀតក្នុងច្បាប់ថ្មីនេះ ដែលនឹងអាចជួយក្លិបរកបានប្រាក់ចំណូលចន្ថែម។ UEFA បាននិយាយថា នេះគឺជំនួយមួយយ៉ាងសំខាន់ក្នុងការជួយឱ្យក្លិបមានតុល្យភាព ហើយធានានូវតម្លៃសមធម៌ប្រតិបត្តិការ និងកាត់បន្ថយបំណុលដល់ក្លិប។
 
យ៉ាងណាមិញ ច្បាប់ថ្មីដែលកំណត់លើការចាយវាយរបស់ក្លិបលើកីឡាករ នឹងត្រូវអនុវត្តដោយសន្សឹមៗ ចាប់ពីរដូវកាល ២០២៣-២៤ ៕
 

Tag:
 សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA
© រក្សាសិទ្ធិដោយ thmeythmey.com