កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ៖ រុស្ស៊ីគ្មានសិទ្ធិដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro ឆ្នាំ២០២៨ និង២០៣២ ឡើយ
03, May 2022 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ថ្ងៃទី២ ខែឧសភា បានប្រកាសបន្តដាក់បម្រាមលើក្រុមជម្រើសជាតិ និងក្លិបរុស្ស៊ីពីការប្រកួតអន្តរជាតិនានាក្នុងតំបន់អឺរ៉ុប រហូតដល់បញ្ចប់រដូវកាល ២០២២-២៣។ UEFA ក៏បានអះអាងបន្ថែមថា រុស្ស៊ីគ្មានសិទ្ធិដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro 2028 និង 2032 ឡើយ។



ប្រទេសរុស្ស៊ីបានរងការដាក់ទណ្ឌកម្មពីសំណាក់ស្ថាប័នកីឡាអន្តរជាតិធំៗទូទាំងពិភពលោក ដែលជាការឆ្លើយតបទៅនឹងការលុកលុយចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ក្លិបស្ថិតក្នុងប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ពីការប្រកួតពានរង្វាន់កំពូលអឺរ៉ុបដូចជា Champions League, Europa League និង Conference League ជាដើម។
 
ការដាក់បម្រាម ក៏នឹងត្រូវបន្តពីសំណាក់សហព័ន្ធ UEFA ខណៈពេលដែលបំណងដេញថ្លៃធ្វើជាម្ចាស់ផ្ទះពានរង្វាន់ទ្វីបអឺរ៉ុប ពីសំណាក់រុស្ស៊ី ត្រូវបានរារាំងផងដែរ។ UEFA ក៏ចាត់ទុកបំណងនៃការដេញថ្លៃរបស់រុស្ស៊ីជារឿងមិនសមរម្យ។
 
«អ្នកដេញថ្លៃនីមួយៗត្រូវធានាឱ្យបានថា ខ្លួនមិនមានសកម្មភាពខុសឆ្គងណាមួយក្នុងលក្ខណៈដែលនាំឱ្យការដេញថ្លៃ UEFA វគ្គផ្តាច់ព្រ័ត្រជាមួយនឹងភាគីអ្នកដេញថ្លៃផ្សេងទៀត ក្លាយជាជម្លោះ។ បំណងរបស់រុស្ស៊ីដេញថ្លៃធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងដោយមិនស្របច្បាប់»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UEFA ចេញថ្ងៃទី២ ខែឧសភា។
 
មិនត្រឹមតែប៉ុណ្ណោះ UEFA ក៏បញ្ជាក់បន្ថែមថា ក្រុមជម្រើសជាតិរុស្ស៊ីទាំងបុរស និងស្រ្តី នឹងមិនអាចចូលប្រកួតក្នុងពានរង្វាន់ Nation League ដែលនឹងខិតជិតមកដល់ផងដែរ។ 
 
ក្រុមជម្រើសជាតិរុស្ស៊ីបុរស ត្រូវបញ្ចប់ចំណាត់ថ្នាក់បាតតារាង Group 2 ក្នុង League B ដោយស្វ័យប្រវត្តិ។ ក្រុមជម្រើសជាតិស្ត្រី ក៏នឹងត្រូវហាមឃាត់ពីការប្រកួត Euro 2022 ក្នុង ​Group C នឹងត្រូវជំនួសដោយក្រុមព័រទុយហ្គាល់វិញ។ 
 
ការប្រកួតពានរង្វាន់ទាំង FIFA World Cup Qatar 2022 និង FIFA Women World Cup 2023 ក្រុមជម្រើសជាតិរុស្ស៊ីក៏មិនអាចចូលរួមប្រកួតបានផងដែរ៕
 
 

Tag:
 UEFA
  Russia
© រក្សាសិទ្ធិដោយ thmeythmey.com