លោក Jurgen Klopp ថ្ងៃទី១០ ខែកក្កដា និយាយថាជំនួបប្រកួតមិត្តភាពទល់ក្រុម Manchester United គឺជាការធ្វើតេស្តមួយដល់ល្អបំផុត សម្រាប់ត្រៀមបើករដូវកាលថ្មី Premier League។ លោក Klopp អះអាងថា លោកគោរព Man United ប៉ុន្តែក្រុមលោកត្រូវយកឈ្នះឱ្យខានតែបាន។
ក្រុមហង្សក្រហម Liverpool បានធ្វើដំណើរមកដល់ប្រទេសថៃ នាថ្ងៃទី១០ ខែកក្កដា សម្រាប់ត្រៀមខ្លួនប្រកួតក្នុងជំនួបមិត្តភាពទល់ក្រុមបិសាចក្រហម Manchester United នៅថ្ងៃទី១២ កក្កដា ។ បិសាចក្រហមបានធ្វើដំណើរមកដល់ប្រទេសថៃ កាលពីថ្ងៃទី៩ ខែកក្កដា ហើយក្រុមបានត្រៀមខ្លួន និងហ្វឹកហាត់រយៈពេល ២ថ្ងៃរួចមកហើយ មុនក្រុមហង្សក្រហមមកដល់។
ជាមួយដំណើរប្រកួតមិត្តភាពទេសចរណ៍នៅប្រទេសថៃ ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្រុមទាំងពីរត្រូវបានអ្នកគាំទ្រជាច្រើនរយនាក់ រង់ចាំទទួលស្វាគមន៍ការមកដល់ ហើយអ្នកគាំទ្រជាច្រើនក៏មានឱកាសទទួលបានការថតរូប និងហត្ថលេខាពីកីឡាកររបស់ក្រុមទាំងពីរ។
និយាយក្នុងសន្និសីទកាសែត ក្រោយពេលមកដល់សណ្ឋាគារស្នាក់នៅរបស់ក្រុម Liverpool លោក Klopp ថា ក្រុមលោកគោរព Man United ប៉ុន្តែកូនក្រុមលោកត្រូវផ្តួលបិសាចក្រហម ហើយលោកចាត់ទុកការប្រកួតនេះ ជាការធ្វើតេស្តដ៏សំខាន់។
![](https://image.thmeythmey.com/pictures/2022/07/11/xcz.jpg)
«យើងពិតជាគោរព United ខ្លាំងណាស់ ប៉ុន្តែនៅពេលយើងជួបពួកគេ យើងចង់ផ្តួលពួកគេ។ យើងមើលឃើញថាការប្រកួតនេះជាការធ្វើតេស្តដ៏សំខាន់មួយ ព្រោះជាការប្រកួតទល់ Man United ដូច្នេះយើងមិនលេងដោយមិត្តភាពឡើយ។»។ លោក Klopp និយាយបែបនេះ។
ចំណែកអ្នកគាំទ្រម្នាក់ឈ្មោះ Chukkrit Watcharasaksilp វ័យ៥៣ឆ្នាំ ដែលទទួលបានហត្ថលេខាលើអាវពីសំណាក់កីឡាករក្រុម Liverpool បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «ហត្ថលេខាពីកីឡាករ Firmino , Luis Diaz , Thiago Alcantara និងពី Diogo Jota ខ្ញុំពិតជារីករាយខ្លាំងដែលទទួលបានហត្ថលេខាទាំងនេះ ខ្ញុំនឹងដាក់តាំងអាវនេះនៅលើជញ្ជាំងផ្ទះរបស់ខ្ញុំជារៀងរហូត។»។
ដោយឡែកអ្នកគាំទ្ររបស់ក្រុម Manchester United មួយចំនួនបានបង្ហាញអារម្មណ៍ខកចិត្តដែលខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ មិនបានធ្វើដំណើរចូលរួមជាមួយក្រុម។ «ខ្ញុំមានការខកចិត្តបន្តិចដែរ ព្រោះ Ronaldo មិនចូលរួមក្រុមដំណើរប្រកួតទេសចរណ៍របស់ក្រុមបិសាចក្រហម ទោះជាបែបនេះក្តីខ្ញុំក៏នូវតែសរសើរគាត់ និងស្រលាញ់គាត់ព្រោះគាត់ជាដែលខ្ញុំពេញចិត្ត។»។ អ្នកគាំទ្រឈ្មោះ Adthapong O Charoenkul វ័យ៣៧ឆ្នាំ និយាយបែបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
សំបុត្រចូលទស្សនាការប្រកួតរវាង Liverpool ទល់បិសាចក្រហម Manchester United ដែលមានតម្លៃជាង ២៥,០០០បាត (៧០០ដុល្លារ) ហើយសំបុត្រមួយចំនួន ត្រូវបានក្រុមហ៊ុនឧបត្ថម្ភការប្រកួតចែកជូនជាពិសេសដល់អ្នកគាំទ្រផងដែរ៕